ខេត្តកណ្តាល៖ សាកសពបុរសម្នាក់ ស្ថិតក្នុងសភាពហើមស្អុយរលួយ ធ្វើឲ្យគេសង្ស័យថា ត្រូវឃាតករវាយសម្លាប់ រួចចាប់ចងស្លាបសេកបត់ដៃទៅក្រោយ និងថែមទាំងចងរុំមុខ រួចចងបន្តោកជាមួយនឹងដុំថ្ម (ជើងឆត្រ) ទម្ងន់រាប់សិបគីឡូ ទម្លាក់ចូលក្នុងទឹកបឹង បំណងបំបាត់ភ័ស្តុតាង ប៉ុន្តែនៅពេលសាក​សព​ហើម​រលួយ ក៏អណ្តែតឡើងមក ដោយសណ្តោងទាំងដុំថ្មឡើងមក បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងបឹងទួលតាម៉ិច ស្ថិតនៅខាងលិចភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ មានចម្ងាយប្រមាណ៥០០០ម៉ែត្រ ជាប់នឹងព្រំប្រទល់រវាងខេត្តកណ្តាល និងខេត្តតាកែវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋម្នាក់ ទើបនឹងត្រឡប់មកពីនេសាទ ក៏បានប្រទះឃើញសាកសពរបស់មនុស្សអណ្តែត នៅក្នុងទឹកបឹង ត្រង់ចំណុចទួលតាម៉ិច ខាងលិចភូមិ ព្រែកលោក មានចម្ងាយប្រហែល៥០០ម៉ែត្រ ជាប់នឹងព្រំប្រទល់ រវាងខេត្តតាកែវ និងខេត្តកណ្តាល។ បន្ទាប់ពីប្រទះឃើញសាកសពអណ្តែតទឹកបែបនេះ ប្រជាពលរដ្ឋរូបនោះ បានប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យចុះ​មក​ពិនិត្យ។

សមត្ថកិច្ចខេត្តកណ្ដាល បានឲ្យដឹងថា សាកសពរបស់ជនរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ប៉ុន្តែគេអាចកំណត់បានថា ជាមនុស្សប្រុស មានអាយុប្រហែលជាង៣០ឆ្នាំ មានសម្បុរស កម្ពស់១,៨០ម៉ែត្រ ស្លៀកខោខូវប៊យជើងវែង ពណ៌ទឹកប៊ិក ខ្សែក្រវាត់ពណ៌សូកូឡា ក្បាលខ្សែក្រវាត់មានអក្សរ GA ខោលីអូក្នុងពណ៌ខៀវម៉ាក STAMAN ពាក់អាវក្រណាត់ផ្កាដៃវែង ពណ៌ក្រមៅ សក់ខ្លី មានរោមទ្រូង រោមខ្នង និងរោមពុកចង្កា ធ្មេញល្អិត ធ្មេញ ខាងលើផ្នែកខាងឆ្វេង មានដាំត្បូងពណ៌ស នៅកដៃខាងឆ្វេងមានពាក់កងដៃ (សាលូ) ក្រណាត់យឺត ពណ៌ខ្មៅ មានអក្សរ ម៉ាក Adidas។

មន្ត្រីនគរបាលដដែល បានបន្តថា​ ក្រោយពីទទួលបានព័ត៌មានបែបនេះ កម្លាំងនគរបាលស្រុក បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីស្វែងរកសាកសពតាមការរាយការណ៍របស់ប្រជាពលរដ្ឋ។ ប៉ុន្តែដោយសារយប់ងងឹតខ្លាំងផង ធ្វើឱ្យអ្នកប្រទះឃើញ មិនចាំទីតាំងច្បាស់ ទើបការតាមស្វែងរកសាកសពត្រូវចំណាយពេលយូរ រហូតដល់ម៉ោង៩ និង​២១នាទីយប់ថ្ងៃដដែល ទើបប្រទះឃើញសាកសព។

មន្ត្រីនគរបាលដដែល បានបន្តថា បន្ទាប់មក សមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋនាំគ្នាជួយចុះយកខ្សែចងសាកសពអូសមកមាត់ច្រាំង រួចចងភ្ជាប់នឹងដើមឈើ១ដើមក្បែរមាត់ទឹក ដើម្បីកុំឱ្យសាកសពអណ្តែតចេញឆ្ងាយ។ លុះមកដល់ព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ទើបមន្ត្រីជំនាញការិយាល័យខេត្ត ចុះទៅធ្វើកោសល្យវិច័យសាកសព។

មន្រ្ដីនគរបាលដដែល បានបន្តថា រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី៥ ខែកញ្ញា មន្ត្រីជំនាញស្រុក និងខេត្តបានចុះទៅពិនិត្យ និងនាំគ្នាលើកដាក់ទូក។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺនៅពេលលើកសាកសពឡើងមកលើទូក ឃើញថាសាកសពធ្ងន់ខ្លាំងខុសធម្មតា និងថែមទាំងមានខ្សែចងសាកសពបន្តោកចូលទៅក្នុងទឹកទៀត ទើបសមត្ថកិច្ចបានស្រាវខ្សែនោះឡើង ឃើញមានដុំថ្ម (ជើងឆត្រ) មានទម្ងន់រាប់សិបគីឡូនៅពីក្រោម ហើយក៏ស្រង់ទាំងសព ទាំងដុំថ្ម ដាក់លើទូកដឹកទៅទីទួល ដើម្បីធ្វើកោសល្យវិច័យ។

មន្ត្រីនគរបាលជំនាញ បានបញ្ជាក់ថា សាកសពមានសភាពហើម របកស្បែក ដែលជាហេតុធ្វើឱ្យពិបាកក្នុងការពិនិត្យ។ សាកសពត្រូវបានរុំខ្សែនីឡុង ពណ៌សចំនួន៨ជុំ ប្រវែង១២,៥០ម៉ែត្រ ទំហំ១៦មិល្លីម៉ែត្រ បត់ខ្លួនមកមុខ ជង្គង់ទាំង២ទល់នឹងចង្កា ដៃទាំងសងខាងត្រូវ គេចងកដៃមកក្រោយដោយខ្សែនីឡុងពណ៌ស ទំហំ២០មិល្លីម៉ែត្រ ប្រវែង១២០សង់ទីម៉ែត្។រ ចំណែកខ្លួនសាកសពត្រូវបានគេចងសណ្តូនដុំថ្មបេតុង (ជើងឆត្រ) រាងបួនជ្រុង មានអក្សរ KHB និងមានដងដែកបំពង់ទីប ថ្លឹង សរុបទម្ងន់៣៦គីឡូក្រាម។

ប្រភពដដែល បានបន្តថា ដោយឡែកតាមការពិនិត្យផ្នែកក្បាលជនរងគ្រោះវិញឃើញថា សាកសព មានពាក់ស្រោមមុខក្រណាត់យឺត ពណ៌ខ្មៅ និងមានក្រមាពោះគោ ពណ៌ក្រហម គ្របមុខនៅលើថ្ងាសខាងស្តាំ មានស្នាមរបួសទំហំ១សង់ទីម៉ែត្រ ជម្រៅដល់លលាដ៍ក្បាល កទន់ បង្វិលបានផ្នែកមាត់ធ្មេញខាំអណ្តាត។ ផ្នែកដងខ្លួន និងអវយវៈ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ឆ្លងតាមការពិនិត្យលើសាសពរបស់មន្ត្រីជំនាញ និងលោកគ្រូពេទ្យ គណៈកម្មការចម្រុះ បានសន្និដ្ឋានថា ករណីនេះជាករណីឃាតកម្មវាយសម្លាប់ រួចចងស្លាបសេកសព រុំមុខ បន្តោកដុំថ្ម (ជើងឆត្រ) ក្នុងទម្ងន់ជិត​៤០​គីឡូក្រាម ទម្លាក់ចូលទៅក្នុងទឹក ក្នុងគោលបំណងបំបាត់ភ័ស្តុតាង។ ប៉ុន្តែពេលសាកសពហើម ក៏​អណ្តែត​ឡើងមកលើផ្ទៃទឹកបឹងវិញ ធ្វើឱ្យប្រជាពលរដ្ឋប្រទះឃើញ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ដោយសារតែរដូវទឹកឡើង ហើយនៅភូមិសាស្ត្រស្រុកកោះធំ ពុំមានទីទួលសុវត្ថិភាព ដើម្បីបញ្ចុះសាកសព ហេតុនេះសមត្ថកិច្ច រួមជាមួយអាជ្ញាធរមូលដ្ឋាន បានសម្រេច​ដឹក​សាកសពយកទៅបញ្ចុះរក្សាទុកនៅទួលតានូយ ស្ថិតក្នុងភូមិបានកាម ឃុំបានកាម ស្រុកព្រៃ​កប្បាស ខេត្តតាកែវ ជាបណ្តោះអាសន្ន ដើម្បីទុកពេលស្រាវជ្រាវ និងប្រកាសរកអត្តសញ្ញាណជនរងគ្រោះ និងស្វែងរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕