ខេត្តប៉ៃលិន៖ ជនទំនើងម្នាក់ទើបនឹងត្រឡប់មកពីផឹកស្រវឹង បង្ករឿងនៅក្នុងគ្រួសារ ហើយវាយបំផ្លិច​បំផ្លាញសម្ភាររបស់ឪពុកម្ដាយ ក៏ត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង២រសៀល ថ្ងៃអាទិត្យ ០៧​រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

មន្ត្រីនគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងអំពើហិង្សា នៅក្នុងគ្រួសារ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ​ គឹម​ មិថុនា អាយុ២៩ឆ្នាំ។ រីឯជនរងគ្រោះជាម្ដាយ ឈ្មោះ សុទ្ធ ញី អាយុ៦៧ឆ្នាំ មុខរបរជាកសិករ។ ពួកគេទាំងពីម្ដាយ និងកូន រស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនទំនើងម្នាក់នេះតែងតែបង្កហិង្សា នៅក្នុងគ្រួសារ​ជាញឹកញាប់ ប៉ុន្តែម្ដាយរបស់គេចេះតែណែនាំកូន ក្រែងលោគេកែខ្លួន។ លុះមកដល់ថ្ងៃកើតហេតុ មិនដឹងថា ជននេះដើរមកពីផឹកនៅទីណាទេ ស្រាប់តែគេបង្ករឿងនៅក្នុងគ្រួសារ រួចហើយយកពូថៅវាយផ្លាញទូកញ្ចក់ និងសម្ភារនៅក្នុងផ្ទះ រហូតធ្វើឲ្យម្ដាយរបស់គេអត់ទ្រាំលែងបាន ក៏ប្ដឹងទៅសមត្ថកិច្ចឲ្យចុះមកឃាត់​ខ្លួនតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ នាំមកកាន់អធិការដ្ឋាននគរបាល​ស្រុក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕