បុគ្គលិកសិប្បកម្មធ្វើនំពងទា ចំនួន១៤នាក់ ក្នុងចំណោមបុគ្គលិកជាង៣០នាក់ ត្រូវបានថៅកែបណ្តេញចេញ ពីកន្លែងទាំងយប់ថែមទាំងមិនព្រមបើកប្រាក់ខែឲ្យ និងបានប្រើប្រាស់អំពើហិង្សា ទៅលើបុគ្គលិកទាំងនោះថែមទៀតផង។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចសិប្បកម្មធ្វើនំពងទាយីហោ ឡាយ គាងហួរ ក្បែរផ្ទះសំណាក់ស្ទឹងលាភ ស្ថិតតាមបណ្តោយផ្លូវលំ ក្រុមទី១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

បើតាមសម្តីពីបុគ្គលិកប្រុសស្រី ទាំង១៤នាក់ខាងលើ បានរៀបរាប់ឲ្យដឹងថា ពួកគេទាំងអស់គ្នាគឺមានស្រុកកំណើត នៅស្រុកត្រាំកក់ ខេត្តតាកែវ ហើយពួកគាត់មកធ្វើការ នៅសិប្បកម្មធ្វើនំខាងលើនេះ ទើបតែបានបួនថ្ងៃនោះទេ ។ មុនពេលកើតហេតុយុវតីម្នាក់ មានឈ្មោះ ហៃ នីតា អាយុ១៦ឆ្នាំ ជាអ្នកធ្វើការជាមួយគ្នា និងបងស្រីនាងម្នាក់ទៀត បានយកខោអាវ ដែលបោករួចទៅហាល នៅខាងលើដំបូលផ្ទះ ក្នុងសិប្បកម្មខាងលើ។ បន្ទាប់មកក៏មានយុវជនម្នាក់ទៀត មានឈ្មោះ សឹង រត្នណាក់ អាយុ១៨ឆ្នាំ ជាបុគ្គលិកធ្វើនំនៅកន្លែងកើតហេតុ ក៏បានទៅឈរនិយាយគ្នាលេង និងជួយហាលខោអាវយុវតីខាងលើ ក្នុងនាមជាអ្នកភូមិផងរបងជាមួយ និងធ្វើការជាមួយគ្នា។

លុះដល់វេលាកើតហេតុ ក៏មានបុរសម្នាក់មិនស្គាល់ឈ្មោះ ដែលជាថៅកែ និងម្ចាស់សិប្បកម្ម ធ្វើនំពងទាខាងលើ បានឡើងមកខាងលើដំបូលផ្ទះ ឃើញយុវជន និងយុវតីទាំងពីរនាក់នោះ កំពុងឈរនិយាយគ្នាលេង ស្រាប់តែបុរសជាថៅកែខាងលើ បានស្ទុះមកវាយ យុវតីខាងលើមួយកំភ្លៀង ចំថ្ពាល់ខាងឆ្វេង បណ្តាលឲ្យហើម ដោយចោទពួកគេ ទាំងពីរនាក់ថា មានលួចលាក់ស្នេហា នៅក្នុងសិប្បកម្មរបស់ខ្លួន។ រួចក៏បានបណ្តេញយុវជនខាងលើចេញ ពីរោងសិប្បកម្មទាំងយប់ ដោយថែមទាំងស្រែក ចោទយុវជនខាងលើថា ជាចោរទៀតផង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បុគ្គលិកដែលធ្វើការ នៅកន្លែងកើតហេតុនាំគ្នាចេញមកមើល។

បន្ទាប់មកថៅកែរូបនោះ បានដេញបុគ្គលិកផ្សេងទៀត អោយចូលទៅក្នុងសិប្បកម្មនោះវិញ រួចក៏ទាញទ្វារបងបិទ ហើយបុរសដែលជាថៅកែរូបនោះ បានស្រែកដាក់ ទៅបុគ្គលិកទាំងអស់ថា “បើអាណាចង់ចេញទៅវិញ ចេញទៅយប់នេះឲ្យហើយ តែត្រូវបង់លុយអោយរូបគេ ដែលជាថៅកែ ក្នុងម្នាក់ចំនួន២០ដុល្លារ ទើបអាចចេញបាន ហើយបើអាណាហ៊ាន់ផ្លោះរបង អញនិងប្រាប់ប៉ូលីសឲ្យចាប់ដាក់គុក។

ការឈ្លោះប្រកែកគ្នា រវាងបុគ្គលិកដែលទើបចូលមកធ្វើការ និងបុរសជាថៅកែ ក៏បានបណ្តេញបុគ្គលិកដែលទើបចូលមកធ្វើការខាងលើ អោយចេញទៅខាងក្រៅ រួចបិទទ្វាររបងចាក់សោជិត ដោយមិនយកអ្វីចេញទៅទាំងអស់ សូម្បីតែខោអាវរបស់ពួកគេ។ ដោយឡែកបុគ្គលិកផ្សេងទៀត ដែលមិនត្រូវបាន ថៅកែខាងលើប្រដេញចេញ គឺបាននាំគ្នាទៅសង្ងំដេកនៅខាងក្នុងបាត់អស់ទៅ។ បន្ទាប់មកពួកគាត់ ជាបុគ្គលិកដែលត្រូវបានថៅកែដេញចេញខាងលើ បានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយអន្តរាគមន៍ ខណៈពេលដែលសមត្ថកិច្ច មូលដ្ឋានបានចុះមកដល់ ចំណុចកើតហេតុ ទើបបុរសដែលជាថៅកែ ព្រមប្រគល់របស់របរ មកឲ្យបុគ្គលិកទាំង១៤នាក់ខាងលើវិញ ប៉ុន្តែមិនព្រមបើកប្រាក់ខែ ដែលបុគ្គលិកទាំងអស់នោះ ធ្វើបានចំនួន៤ថ្ងៃ មកអោយពួកគេទាំង១៤នាក់នោះទេ។

ក្រោយពេលកើតហេតុ ដោយក្តីអាណិតអាសូរ ក៏មានប្រជាពលរដ្ឋខ្លះ បានជួយជាលុយបន្តិចបន្តួច និងខ្លះទៀតជួយជាគ្រឿងបរិភោគ ទៅបុគ្គលិកដែលត្រូវថៅកែ ដេញចេញដូចជាសត្វធាតុខាងលើ សម្រាប់ជាសាហ៊ុយទៅស្រុកវិញ។ បន្ទាប់មកបុគ្គលិកប្រុសស្រីទាំង១៤នាក់នោះ បាននាំគ្នាចេកចេញពីសិប្បកម្ម កើតហេតុខាងលើ ទៅរកកន្លែងសំរាកមួយយប់សិន រងចាំព្រឹកស្អែក ទៅធ្វើការដាក់ពាក្យបន្តឹង ហើយត្រលប់ទៅស្រុកកំណើតវិញ។

គួរបញ្ជាក់ថាសិប្បកម្មកើតហេតុខាងលើ គេសង្កេតឃើញមានកុមារអាយុក្រោម១៨ឆ្នាំ ដែលមិនទាន់គ្រប់អាយុ បានមកបំរើការងារ នៅក្នុងសិប្បកម្មខាងលើជាច្រើនអ្នក ដូច្នេះយើងសង្ឃឹមថា សមត្ថកិច្ចក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ និងមានចំណាត់ការទៅលើសិប្បកម្មខាងលើ ។

ក្រោយពេលថៅកែប្រុស បានទះកំផ្លៀងលើក្មេងស្រី និងស្តីបន្ទោសកម្មករទាំងកណ្តាលយប់ ផ្អើលដល់ដល់ក្រុមអ្នកសារព័ត៌មានចុះទៅផ្តិតរូប និងធ្វើការ Live ផ្ទាល់ផ្អើលដល់លោកជំទាវ ហ៊ុន ចាន់ថុល បានអោយក្រុមការងារ ចុះទៅរំដោះយកកម្មករប្រុសស្រី ចំនួន១៥នាក់យកមកស្នាក់នៅផ្ទះសំណាក់ បណ្តោះអាសន្នមួយយប់ នៅឯខណ្ឌចំការមន លុះនៅវេលាម៉ោង២រសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ក្មេងកម្មករប្រុសស្រីទាំង១៥នាក់ បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលស្ទឹងមានជយ័១ ប្តឹងលោកថៅកែប្រុសឈ្មោះ ធួក គួង ភេទប្រុស អាយុ៥៥ឆ្នាំ ពីបទប្រើអំពើហិង្សា ។

ក្រោយពេលដាក់ពាក្យបណ្តឹងចប់សព្វគ្រប់ហើយ លោកជំទាវហ៊ុន ចាន់ថុល ដែលត្រូវជាក្មួយស្រីបង្កើតរបស់សម្តេចតេជោហ៊ុនសែន បានផ្តល់រថយន្តដឹកជញ្ជូនក្មេងប្រុសស្រី ទាំង១៥នាក់ និងផ្តល់ថវិកាក្នុងម្នាក់ៗ១០ម៉ីនរៀល និងអោយក្រុមការងារដឹកជញ្ជូនក្មេងៗទាំងនោះ ត្រលប់ទៅស្រុកកំណើតវិញផងដែរ ៕