ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទួលថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំតែងតាំងមន្ត្រីនគរបាលជាន់ខ្ពស់៣រូប ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហរិញ្ញវត្ថុ។

លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ

យោងតាមតាមលិខិត ដែលចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះថា មន្ត្រីជាន់ខ្ពស់ទាំង៣នោះ រួមមាន ទី១-លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បច្ចុប្បន្នមានតួនាទីជាអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទី២-លោកនាយឧត្តមសេនីយ៍ កង សុខន បច្ចុប្បន្នមានតួនាទីជាអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងទី៣-លោក សេង យូអ៊ាន់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ អគ្គនាយករង ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។

លោកនាយឧត្តមសេនីយ៍ កង សុខន
លោក សេង យូអ៊ាន់

ដោយឡែក លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍, លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ត្រូវចូលនិវត្តន៍៕