ខេត្តត្បូងឃ្មុំ៖ បន្ទាប់ពីបើកសវនាការ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ តាំងពីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ រហូមកដល់រសៀល ថ្ងៃដដែលនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ ជាបណ្តោះអាសន្ន រយៈពេល​៦ខែទៀត ដើម្បីស៊ើបអង្កេតបន្ថែម ចំពោះបទល្មើសរបស់លោក។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ចាប់ផ្តើមបើកសវនាការជំនុំជម្រះ ឬអាចហៅថាសវនការតូចមួយ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដើម្បីសម្រេច​ថា ពន្យារពេល ឬបន្តឃុំខ្លួនលោក កឹម សុខា បន្តទៀត។ ប៉ុន្តែបន្ទាប់ពីការពន្យារពេលឃុំខ្លួនលើក​ទី១ជិតដល់ថ្ងៃកំណត់ ដោយសារតែ កាលពីខែមីនា ឆ្នាំ២០១៨នោះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា ជាបណ្តោះអាសន្នរយៈពេល៦ខែទៀតម្តងរួចទៅហើយ ដើម្បីស៊ើបអង្កេតបន្ថែមចំពោះបទល្មើសរបស់លោក។

លោក គី ប្ញទ្ធី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសាកសួរពេញមួយព្រឹក រួចមក បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេល០៦ខែបន្ថែមទៀត ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងទៅកាន់កម្មករ កាលពីថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០១៨​ម្សិលមិញថា សំណុំរឿងរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ កំពុងស្ថិតនៅក្រុមក្របខ័ណ្ឌជាពិរុទ្ធជននៅឡើយ។ ការស្ថិតក្នុងពិរុទ្ធជននេះ មានន័យសំណុំរឿងរបស់លោក កឹម សុខា មិនទាន់ត្រូវបានតុលាការចោទប្រកាន់ថា មានទោសត្រូវជាប់ពន្ធនាគារ រយៈពេលប៉ុន្មាននោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា អ្នកត្រពាំងថ្លុង(កឹម សុខា) ស្ថិតនៅក្នុងក្របខ័ណ្ឌពិរុទ្ធជននៅឡើយ មិនមែនជាទណ្ឌិតទេ សុំចាំកុំភ្លើពេក។ នៅជាពិរុទ្ធជនទេ គ្មានអ្នកណាដោះលែងទេ កុំទៅបង្ករឿង» ។

ទាក់ទិននឹងរឿងលោក កឹម សុខា ពោល គឺមុនថ្ងៃសវនាការសាកសួរមេធាវីពាក់ព័ន្ធនឹងសុំនៅក្រៅ​ឃុំបណ្តោះអាសន្ន នៅថ្ងៃទី៣០ ខែសីហា សម្តេចតេជោ ហ៊ុន សែន បានបន្តថា មានសកម្មជនអតីតប្រឆាំងមួយចំនួនគ្រោងនឹងទៅកាន់ពន្ធនាគារត្រពាំងថ្លុង ចាប់ពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២​០១៨​ដោយក្រោមការផ្សព្វផ្សាយរបស់ឈ្មោះ ណុប ប៊ុនហ៊ អតីតសកម្មជនគណបក្សសង្គ្រោះជាតិ នៅខណ្ឌចំការមន។

សម្តេចបានបញ្ជាក់ថា «ខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ខ្ញុំមានព័ត៌មានគ្រាប់គ្រាន់។ អ្នកខ្លះទៅដេកនៅត្បូងឃ្មុំនៅល្ងាចនេះ ដើម្បីទទួលអ្នកចេញពីគុក។ អ្នកណាដោះលែង បើគេមិនទាន់កាត់ទោសផង បានទោស​ឯណា​លើកឲ្យវា។ រីឯការលើកលែងនូេះការចោទប្រកាន់ គឺអត់ទេ! អុ្នកណាលើកលែងឲ្យវា? រឿងនេះ​ក្តីក្តាំងក្នុងរឿងក្បត់ជាតិ អ្នកណាជាអ្នកទទួលការលើកលែងទោសនោះ។ ក្នុងឋានខ្ញុំជារាជរដ្ឋាភិបាល ខ្ញុំនឹងបន្តប្តឹង» ។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយសារជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ»។ លោក កឹម សុខា ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់​ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។

បើតាមក្រមព្រហ្មទណ្ឌកម្ពុជា សន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។

ការចាប់ខ្លួន លោក កឹម សុខា បានធ្វើឡើង​​ បន្ទាប់ពីមានការបែកធ្លាយនូវវីដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ៕