ខេត្តសៀមរាប៖ មនុស្សយ៉ាងតិច 5000 នាក់ ចូលរួមការប្រគុំតន្រ្តីសប្បុរសធម៌ដ៏ធំមួយ នៅសាកលវិទ្យាល័យសៅស៍អ៊ីសថិ៍អេយសៀ ក្នុងខេត្តសៀមរាប ដែលចូលរួមដោយពីតារាកម្ពុជាល្បីៗជាច្រើនរូប កាលពីអាទិត្យកន្លងទៅនេះ។

តន្រ្តីសប្បុរសធម៍នេះ បានទទួលការគាំទ្រយ៉ាងគំហុក ពីនិស្សិត និងអ្នករស់នៅខេត្តសៀមរាប ហើយក៏មានការចូលរួមសម្តែងដោយតារាចម្រៀងល្បីឈ្មោះ មាសសុខសោភា តារាចម្រៀងពី ផលិតកម្មរស្មីហង្សមាស ក្រុម Small World Small Band និងសិល្បករល្បីៗជាច្រើនទៀត។

ការប្រគុំតន្រ្តីនេះធ្វើឡើងក្នុងគោលបំណង «ការចែករំលែកក្តីស្រឡាញ់ ក្តីមេត្តា និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក» ឲ្យកាន់តែច្រើនឡើង នៅក្នុងសង្គមកម្ពុជា។

នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយ ទឹកពិសាជាតិរ៉ែម៉ាកថ្មី «ហ៊ីតតូ» សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍បានរៀបចំ ការប្រគំតន្រ្តីសប្បុរសធម៌លើកទី 1 នេះឡើង ដើម្បីប្រមូលថរិកា រួមចំណែកឧបត្ថម្ភដល់មន្ទីរពេទ្យពីរនៅសៀមរាប គឺមន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារ ដែលកំពុងជួយដល់កុមារកម្ពុជារាប់ពាន់នាក់ ជា​រៀងរាល់ថ្ងៃ។

លោក ជា វិបុល អ្នករៀបចំកម្មវិធីប្រគំតន្ត្រីនេះបានមានប្រសាសន៍ថា «យើងចាប់អារម្មណ៍ក្នុងការសហការជាមួយក្រុមហ៊ុន ក៏ដូចជាអ្នកដែលមាន គោលបំណងប្រហាក់ប្រហែលគ្នាដើម្បីជួយដល់សង្គមរបស់យើងហើយ ទឹកពិសាជាតិរ៉ែ ហ៊ីតតូ គឺជាម្ចាស់ឧបត្ថម្ភធំមួយសម្រាប់ព្រឹត្តិការណ៍នេះ»។

លោក Alex Shih ប្រធានផ្នែកទីផ្សារពីក្រុមហ៊ុន Honly Foods & Beverage បានមានប្រសាសន៍ថា «ទឹកពិសាជាតិរ៉ែ “ហ៊ីតតូ” គឺជាទឹករ៉ែដែលត្រូវបានផលិតតាមស្តង់ដា និងបច្ចេកវិទ្យារបស់ប្រទេសជប៉ុន បានមានវត្តមាននៅក្នុងការប្រគំតន្រ្តីសប្បុរសធម៌ នៃដែនដីសុវណ្ណភូមិរបស់យើងនេះ ហើយបាននឹងកំពុងបន្តគាំទ្រទឹកចិត្តល្អរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា ហើយជាសក្ខីភាពតែមួយគត់ដែលតំណាងអោយ “ទឹកចិត្ត” របស់ប្រជាជនកម្ពុជា។»

លោកបានបន្ថែមថា «ទឹកពិសាជាតិរ៉ែ ត្រូវបានឧបត្ថម្ភសម្រាប់កម្មវិធីប្រគំតន្រ្តីទាំងមូលហើយយើងក៏បានផ្តល់ថវិកាបន្ថែមទៀតសម្រាប់ព្រឹត្តិការណ៍នេះផងដែរ” ។

សំបុត្រសម្រាប់ការចូលរួមតន្ត្រីសប្បុរសធម៌នេះគឺ 10.000 រៀលក្នុងមួយសំបុត្រ ហើយថវិកានៃការលក់សំបុត្រទាំងអស់ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលបានជួយដល់កុមាររាប់លាននាក់នៅក្នុងប្រទេសកម្ពុជា៕