ភ្នំពេញ៖ បុរសកំណាចម្នាក់ទើបនឹងចេញពីផឹកស្រា ដើរត្រឡប់មកដល់ផ្ទះ ស្រាប់តែចាប់ផ្តើមបង្ករឿង ស្រែកឡូឡា ជេរបញ្ចោរប្រពន្ធកូន និងបោកចានឆ្នាំងបែកខ្ទេច រហូតធ្វើឲ្យប្រពន្ធអត់ទ្រាំមិនបាន ក៏សួរនាំ ស្រាប់តែគេស្ទុះទៅចាប់ប្រពន្ធបោកផ្ទប់នឹងជញ្ជាំង ទើបកូនស្រីស្ទុះទៅជួយម្តាយ ក៏ត្រូវឪពុកកំណាចចាប់ច្របាច់​កវិះក្ស័យ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងអំពើហិង្សា វាយធ្វើបាប​ប្រពន្ធកូននោះ ឈ្មោះ តាំង សួយហេង អាយុ៣៨ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកង់បី។ រីឯស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះ សុខ វណ្ណេត អាយុ៣៨ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ។ ចំណែកកូនស្រីរងរបួសដោយ​សារឪពុកចាប់ច្របាច់​កនោះ គឺសមត្ថកិច្ចមិនបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា នាងទើបនឹងមានអាយុប្រហែលជាង​១០ឆ្នាំប៉ុណ្ណោះ។ ក្រុមគ្រួសារខាងលើ មានលំនៅក្នុងភូមិ-សង្កាត់កើតហេតុខាង​លើ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើហិង្សានោះ បុរសកំណាច​ខាងលើ​បានចេញពីទៅដើរស៊ីផឹក រហូតស្រវឹងជោកជាំ ទើបគេត្រឡប់មកវិញ។ ប៉ុន្តែគេគ្រាន់តែចូល​មកដល់​ផ្ទះ ក៏ស្រែកឡូឡា ជេរបញ្ចោរប្រពន្ធកូន រហូតផ្អើលដល់អ្នកជិតខាង។ ឃើញបែបនេះស្រ្ដីជាប្រពន្ធ​បានសួរ​នាំ ស្រាប់តែគេស្ទុះទៅវាយ និងចាប់ក្បាលប្រពន្ធបោកផ្ទប់នឹងជញ្ជាំង បណ្ដាលឲ្យរងរបួសធ្ងន់។ ស្ថិតក្នុង​សភាពបែបនេះ កូនស្រីម្នាក់ទើបនឹងមានអាយុ១០ឆ្នាំ បានរត់ទៅជួយម្ដាយរបស់នាង ក៏ត្រូវ​បុរសកំណាច​ជាឪពុកចាប់កូនស្រីរបស់ខ្លួនច្របាច់កវិះក្ស័យ ទម្រាំអ្នកជិតខាងរត់ទៅជួយទាន់ពេល​​វេលា។

ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធបានដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនបុរសកំណាច​ជា​ប្ដី នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី៣ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូន​ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមច្បាប់៕