ភ្នំពេញ៖ បន្ទាប់ពីលោក សួន សេរីរដ្ឋា សរសេរលិខិតសុំទៅសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីទូលថ្វាយព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សុំព្រះរាជទានទោសនោះមក តុលាការបានសម្រេចដោះលែង លោក សួន សេរីរដ្ឋា អតីតមេបក្សអំណាចខ្មែរឲ្យមានសេរីភាពឡើងវិញ កាលពីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០១៨នេះ។

នៅក្នុងលិខិតរបស់លោក សួន សេរីរដ្ឋា ដែលបានផ្ញើចេញពីពន្ធនាគារនោះ មានខ្លឹមសារដូចតទៅ៖ “ជាថ្មីម្តងទៀត ខ្ញុំបាទសួនសេរីរដ្ឋា សូមគោរពសម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខ មេត្តាជួយអន្តរាគមន៌ ស្នើសុំលើកលែងទោសឱ្យខ្ញុំបាទ បានរួចផុតពីទោសដែលខ្ញុំបានសរសេរនូវសារនយោបាយផ្សព្វផ្សាយ លើទំព័រហ្វេសប៊ុករបស់ខ្ញុំបាទ នាពេលកន្លងមក ដោយមិនបានពិចារណា ឲ្យបានច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់សម្តេច នាយឧត្តមសេនីយ៌ផុតលេខ ផ្កាយមាសប្រាំ និងនាយឧត្តមសេនីយ៍ ព្រមទាំងឧត្តមសេនីយ៍ ជាអគ្គមេបញ្ជាការកងទ័ពជាតិ”​ ។

នៅក្នុងលិខិតដដែលនោះ លោក សួន សេរីរដ្ឋា បានសម្តែងនូវការសោកស្តាយរាល់កំហុសឆ្គងរបស់ខ្លួន និង សូមអភ័យទោសពីសម្តេច ហ៊ុន សែន នាយឧត្តមសេនីយ៌ផ្កាយផុតលេខ សូមទោសចំពោះនាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ ព្រមទាំងអគ្គបញ្ជាការ អគ្គបញ្ជាការង នៃកងទ័ពជាតិទាំងអស់ សូមមេត្តា​ទទួលនូវការគោរព និងសុំទោសពីខ្ញុំបាទ”។

លោក សួន សេរីរដ្ឋា បានសន្យាថា ចាប់ពីថ្ងៃនេះតទៅ លោកនឹងមិនសរសេរ ឬនិយាយអ្វី ដែលធ្វើឲ្យ​ប៉ះពាល់ដល់កិត្តិយសជាតិ ដោយគ្មានការពិចារណាតទៅទៀតឡើយ ហើយនឹងចូលរួមការពារនូវសន្តិ​ភាព និងការអភិវឌ្ឍន៍ដែលសម្តេចតេជោ បានខិតខំកសាងយ៉ាងលំបាកជូនជាតិ និងប្រជាជនកម្ពុជា ឡើយ។

នៅ​ក្នុង​វេទិកា​សំណេះសំណាល​ជាមួយ​ក្រុម​កម្មករ​ នៅក្នុង​ខេត្ត​កណ្តាល កាលពី​ព្រឹក ​ថ្ងៃ​ព្រហស្បតិ៍​ ទី២៣ ខែសីហា ឆ្នាំ២០១៨ ​សម្ដេចនាយក​រដ្ឋមន្ត្ រី​ហ៊ុន សែន ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​ស្នើ​សុំ​លើក​លែង​ទោស​ទ្រង់ទ្រាយ​ធំ​ នៅ​ក្នុង​ឆ្នាំ​នេះ​។ ក្នុង​នោះ សម្ដេច​ចង់​ស្នើ​ឲ្យ​ដោះលែង​មនុស្ស​១២​នាក់ ​ដែល​ទំនងជាសម្ដេច​ចង់​សំដៅ​ទៅលើ​សកម្មជន​របស់អតីត​បក្ស​សង្គ្រោះ​ជាតិ ​នៅ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​។ ​ប៉ុន្តែសម្ដេចក៏មាន​លក្ខខណ្ឌ​មួយ ​គឺ​មិន​ឲ្យ​អ្នកណា​និយាយថា​ ការ​ស្នើ​នេះ​ធ្វើ​ឡើង ​ដោយសារ​តែ​មានការ​គាប​សង្កត់​ពី​សហគមន៍​អន្តរជាតិ​នោះឡើយ​។

ទោះជាយ៉ាងណា សម្ដេចនាយក​រដ្ឋមន្ត្រី ​បាន​ដាក់​លក្ខខណ្ឌ​មួយ​ទៅកាន់​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ទាំងអស់​ថា ​​កុំ​និយាយ​ថា ​គម្រោង​ស្នើ​លើកលែង​ទោស​នេះ​ កើត​ចេញ​ពី​ការ​គាប​សង្កត់​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​សោះ​។ សម្ដេចបានបញ្ជាក់​ថា ខ្ញុំ​ស្អប់​ពាក្យ​នេះ​ខ្លាំង​ណាស់ ​ហើយ​ថែមទាំង​ព្រមាន ពួកគេ​ទាំងនោះ ​ជា​ពិសេស​លោក ​សម រង្ស៊ី ​តែ​ម្តង​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ​ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​ទាំងអស់នេះ​មកលើ​សម្ដេច​។ ​ប្រសិន​មាន​អ្នក​ណាមួយ​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ថា ​ការ​ស្នើ​លើកលែង​ទោស​របស់​សម្ដេច ​បណ្តាល​មក​ពី​សម្ពាធ​ពី​បរទេស​នោះ សម្ដេច​នឹង​មិនទាន់​​ស្នើ​សុំលើកលែងទោសនោះ​ទេ។ ពោល​គឺ​សម្ដេចនឹង​ទុកពេល​ឲ្យ​អ្នក​កំពុង​ជាប់ឃុំ​ទាំង​១២​នាក់ ធ្វើ​លិខិត​ថ្កោលទោស​ដល់​អ្នក​ហ៊ាន​និយាយ​បែប​នេះ​ជាមុនសិន ទើប​សម្ដេច​ព្រម​ស្នើ​លើក​លែងទោស​ដល់​ពួកគេ​។

សម្ដេច​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​គូស​បញ្ជាក់​ម្តង​ជា​ពីរ​ដង​ថា គម្រោង​ស្នើសុំ​លើកលែង​ទោស​នេះ ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សហគមន៍​អន្តរជាតិ​ណា​មួយ​ឡើយ​។ ផ្ទុយ​ទៅ​វិញ ​វា​គឺ​ជា​បំណង​ដែល​កើត​ចេញពី​ចិត្តធម៌​របស់​លោក ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ​ដើម្បី​ឲ្យ​ពួកគេ​បាន​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ឡើង​វិញ​។ ដោយឡែកមនុស្ស​ទាំង​១២​នាក់​នោះ គឺ​បាន​សរសេរ​លិខិត​សុំទោស​រូបលោក​រួចរាល់​ហើយ​។

ថ្វីបើសម្ដេច​នាយក​រដ្ឋមន្ត្រី​ មិនបាន​បញ្ចេញ​ឈ្មោះ​មនុស្ស​ទាំង​១២​នាក់​នោះក្ដី តែ​សម្ដេច​ទំនង​ជាចង់​និយាយសំដៅ​ទៅលើ​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​។ សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ទាំងនេះ ​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគា​រ ​ចន្លោះ​ពី​៧​ឆ្នាំ​ទៅ ​២០​ឆ្នាំ ​ក្រោម​ការ​ចោទប្រកាន់​ពីបទ​ចូលរួម ​និង​ដឹកនាំ​កុបកម្ម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ ​ដែល​បាន​ធ្វើ​ឡើង ​កាល​ថ្ងៃ​ទី​១៥ ​ខែ​កក្កដា ​ឆ្នាំ២០១៤​កន្លង​ទៅ​។

ការ​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​ស្នើ​លើកលែង​ទោស​ដល់​មនុស្ស​១២​នាក់ ពី​សំណាក់​សម្ដេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​ នៅ​ថ្ងៃ​នេះ គឺកើតឡើង ក្រោយ​ពេល​សម្ដេច​បាន​ជួប​ផ្ទាល់​ជាមួយ​លោក​ Mark Field ​ អនុរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាស៊ី និង​ប៉ាស៊ីហ្វិក ​នៃ​ក្រសួង​ការ​បរទេស​អង់គ្លេស ​កាលពី​ថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០១៨ នៅក្នុងវិមានសន្ដិភាព នារាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឲ្យដោះលែង ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ចេញដោយលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យប្រធានពន្ធនាគារ ដោះលែងលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ តាមអំណាចព្រះរាជក្រឹត្យ នៃព្រះមហាក្សត្រ។

សូមជម្រាបថា លោករស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលោក សួន សេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរ ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល បង់ចូលក្នុងថវិការដ្ឋ។ លោក សួន សេរីរដ្ឋា ត្រូវរងនូវការចោទប្រកាន់ចំនួន៣បទល្មើស រួមមាន ទី១-បទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១ នៃក្រមព្រហ្មទណ្ឌ ទី២-បទធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២ នៃក្រមព្រហ្មទណ្ឌ និងទី៣-បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ការសម្រេចផ្តន្ទាទោសនេះ បានធ្វើឡើង បន្ទាប់សំណុំរឿងនេះ ត្រូវបានចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការ កាលពីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ។ ប៉ុន្តែសវនាការនោះ ត្រូវបានលើកពេល ដោយសារលោក សួន សេរីរដ្ឋា ស្នើសុំស្វែងរកមេធាវីការពារក្តីឲ្យរូបលោក។ បន្ទាប់មក សំណុំរឿងនេះត្រូវបានចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបន្តសវនាការនិងបញ្ចប់ កាលពីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។

លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន ដោយសារជាប់ពាក់ព័ន្ធនឹងអង្គហេតុនៃការបង្ហោះសារជាសាធារណៈនៅលើផេក ឈ្មោះ Soun Serey Ratha ​កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ។ សារដែលលោកបង្ហោះនោះ ត្រូវបានសមត្ថកិច្ចចាត់ទុកថា មានចរិតបង្កគ្រោះថ្នាក់ដល់វិស័យការពារជាតិ។ យោងតាមសេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់ទុកថា សំណុំរឿងរបស់លោកសួន សេរីរដ្ឋា គឺជាករណីបទមជ្ឈិមជាក់ស្តែង៕