ភ្នំពេញ៖ ឌីជីថលម៉ាឃីតធីង ជាពាក្យដ៏ងាយយល់ ងាយនឹងបកស្រាយ បើត្រឹមតែនិយាយពីនិយមន័យ។ ប៉ុន្តែបើនិយាយពីការអនុវត្តន៍ និង​ការប្រើប្រាស់យុទ្ធសាស្ត្រ ផ្សព្វផ្សាយលើទីផ្សារឌីជីថលនាពេលបច្ចុប្បន្ននេះ មានចំណុចជាច្រើនដែលក្រុមហ៊ុនបើកដំណើការយូរឆ្នាំ ឬទើបតែបើកដំណើការ មិនគួរមើលរំលងរាល់ពេលរៀបចំយុទ្ធសាស្រ្ដទីផ្សារថ្មី ក្នុងគោលបំណងណែនាំផលិតផល ឬសេវាកម្មថ្មីដល់អតិថិជនខ្លួន។

ជា​ក្រុមហ៊ុន​មាន​បទពិសោធន៍​ផ្ដល់​សេវាកម្ម​ប្រឹក្សា និងផ្ដល់ដំណោះស្រាយទីផ្សារច្រើនសណ្ឋានដល់ក្រុមហ៊ុនធំៗក្នុងប្រទេសកម្ពុជាជិត ១០ ឆ្នាំ សូលីឌឺស បានរៀបចំ​កម្មវិធីពិសេស Solidus Biz Café នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដើម្បីជួបជុំដៃគូពាណិជ្ជកម្ម ចែករំលែកបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធនឹងឧស្សាហកម្មផ្សព្វផ្សាយពាណិជ្ជកម្មស្របតាមការបម្រែបម្រួលនៃបច្ចេកវិទ្យាបច្ចុប្បន្ន។

វាគ្មិន ៤ រូមគ្នាចែករំលែក ៤ ចំណុចធំៗ ដែល​ក្រុមហ៊ុននៅកម្ពុជា មិនគួរមើលរំលង ក្នុងការប្រើប្រាស់យុទ្ធសាស្រ្ដទីផ្សារឲ្យចំគោលដៅ និងទទួលបានប្រសិទ្ធភាពខ្ពស់។
លោក សឿម ណារិន ស្ថាបនិក និងនាយកគ្រប់គ្រងក្រុមហ៊ុន សូលីឌឹស បានលើកចំណុចធំមួយមកចែករំលែកពី «ដំណើរបម្រែបម្រួលនៃទំនាក់ទំនងទីផ្សារ និងសមាហរណកម្មនៃវិស័យសេដ្ឋកិច្ចទីផ្សារបែបឌីជីថល និងបែបបុរាណ»។

លោក ណារិន បានលើកឡើងថា ការលេចវត្តមាននៃឌីជីថលម៉ាឃីតធីង បាន​ធ្វើឲ្យរវាង អតិថិជន និងម្ចាស់ក្រុមហ៊ុនកាន់តែមានលទ្ធភាពស្គាល់ពីគ្នាបានកាន់តែល្អជាងមុន រឹតតែពិសេសជាងនេះម្ចាស់ក្រុមហ៊ុនដែលជាអ្នកផ្សព្វផ្សាយវិញក៏អាចដឹងពីលទ្ធផលរំពឹងទុកជាក់លាក់មួយផងដែរ ដែលចំណុចនេះខុសពីការផ្សព្វផ្សាយបែបបុរាណដែលអ្នកផ្សាយបានត្រឹមតែផ្សាយតែមិនអាចនឹងដឹងថា សារនៃការទំនាក់ទំនងនោះ បានទៅដល់អតិថិជនគោលដៅ ឬមិនដល់នោះទេ។

ពាក់ព័ន្ធនឹងចំណុចនេះ លោក Yusuke Morotomi ប្រធានផ្នែកដៃគូ Solidus Consulting & Solidus Group ( ប្រទេសជប៉ុន ) ក៏បានចែករំលែកប្រធានបទគាំទ្រនូវអ្វីដែលលោក ណារិន បានលើកឡើងដែរគឺ «អ្វីដែលអ្នកមើលឃើញពេលនេះជាលទ្ធផលជាក់លាក់ដែលអ្នកនឹងទទួលបាន។ អ្នកអាចនឹងមានគំនិតថ្មីៗ តែបើមិនបានយកទៅអនុវត្ត និងរៀបចំផែនការនោះស្មើនឹងគ្មានអ្វីទាំងអស់»។

បន្ថែម​ពី​នេះ លោកបណ្ឌិត Daniel McFarlane សាស្រ្ដាចារ្យនៃសាកលវិទ្យាល័យ Thamamsat ប្រទេសថៃ និងជានាយកផ្នែកស្រាវជ្រាវក្រុមហ៊ុន Solidus Consulting បានលើក​យកប្រធានបទមួយដែលនិយាយអំពី «ការបង្កើត​ទស្សន​វិស័យ​​ផ្ដោត​ទៅ​លើ​សហគមន៍ និង​មនុស្ស​ជាតិ​នៃ​អ្នក​ប្រើប្រាស់ និង​ម៉ាកយីហោ​ដែល​ក្រុមហ៊ុន​បាន​បង្កើតឡើង»។
លោកលើកឡើងថា អតិថិជនរបស់ក្រុមហ៊ុននីមួយៗ​អាចនឹងមានច្រើនប្រភេទ ស្របតាម​សេវាកម្ម និង​ផលិតផលដែលបានបង្កើត ដើម្បីប្រកួតប្រជែងលើទីផ្សារ។ វាអាចជា​រឿង​មិនល្អមួយ ដែលក្រុមហ៊ុនមួយចំនួន មិន​ស្គាល់ ឬ​មិន​ទាន់​រក​ឃើញ​អតិថិជន​គោលដៅ​ពិត​ប្រាកដរបស់ខ្លួន។ នេះ​ជា​ចំណុច​មួយ​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ដួលរលំ។ ការដួលរលំនៃក្រុមហ៊ុនធំៗមួយចំនួននៅកម្ពុជា មិនមែនមានន័យថា ក្រុមហ៊ុន​គ្មានធនធានល្អ និងយុទ្ធសាស្រ្ដទីផ្សាល្អនោះទេ តែគ្រាន់តែចំណុច​ធ្វេសប្រហែស​មួយគឺ​មិនបាន​គិតដល់សហគមន៍ និងប្រភេទអតិថិជនដែល​ពួកគាត់ចង់បង្កើតទំនាក់ទំនង​ជាមួយ។

លោកបណ្ឌិត Daniel McFarlane បន្ថែមថា «ចំណុចដែលខ្ញុំមើលឃើញនោះ ក្រុមហ៊ុនធំៗទាំងនោះផ្ដោតទៅលើធនធាន និងយុទ្ធសាស្រ្ដពីបរទេស ដោយ​មិនបាន​គិតពី​ស្ថានភាពវប្បធម៌ និងសហគមន៍របស់​អតិថិជន​កម្ពុជា​ឲ្យបានដិតដល់។
៣ ចំណុចធំៗខាងលើ នៅមិនទាន់ចប់នៅឡើយទេ។ លោកបណ្ឌិត Neil Gains ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន TapestryWorks ក៏បានលើកយក​ប្រធានបទមួយ​មកចែករំលែកដែរគឺ « ការ​ប្រែ​ក្លាយ​រឿងរ៉ាវ​របស់​អតិថិជនទៅជាបទពិសោធស្លាកយីហោ» ក្នុងឱកាសចែករំលែកបទពិសោធន៍ Solidus Biz Cafeផងដែរ។ លោកលើកឡើងថា រាល់ម៉ាកល្បីៗជុំវិញពិភពលោក​ដែល​ទទួល​បានភាពជោគជ័យ គឺ​មិនមែន​ជា​ភាព​ចៃដន្យ​នោះទេ។ អ្វីៗ​ទាំងអស់​សុទ្ធតែជារឿងរ៉ាវ​ពាក់ព័ន្ធនឹងអតិថិជនរបស់ពួកគេ។ ជាក់ស្ដែង​ដូចជា​ម៉ាកស្បែក Nike គឺ​បង្កើត​ឡើង​សម្រាប់​អ្នកកីឡា​ឈានមុខ ចំណែក​​ឯកូកាកូឡា បង្កើត​ឡើង​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​នៃ​កា​រចែក​រំលែកភាពរីករាយរបស់មនុស្សជាដើម ។ ដូច្នេះ​រាល់​ការ​ធ្វើការ​​ផ្សព្វផ្សាយ​ជុំវិញ​ពិភព​លោក ម៉ាកយីយោល្បីៗតែងតែបង្កើតសាច់រឿង​ណា ដែល​អតិថិជន​ពួកគាត់​ធ្លាប់បានជួបប្រទះ និង​ទទួល​យក​ម៉ាក​ទាំងនោះ​ជា​ចំណែក​នៃ​ជីវិត​ប្រចាំថ្ងៃរបស់ពួកគេ។

លោកបណ្ឌិតក៏បានលើកឡើងដែរថា នៅ​ពេល​ដែល​លោក​បង្កើត​ម៉ាក​ Halal ផលិតផល​គ្រឿងសម្អាង​មួយនៅ​ប្រទេសឥណ្ឌូនេស៊ី លោក​បាន​សិក្សា​ស្រាវជ្រាវ​ពី​ Culture Sense ទាំង​ក្នុង​​ប្រទេស​ឥណ្ឌូនេស៊ី និង​បណ្ដាប្រទេសជុំវិញ។
កំឡុងពេលស្រាវជ្រាវ ក្រុមការងារលោកបានសិក្សាពីទម្លាប់ និងវប្បធម៌របស់ជនជាតិ ឥណ្ឌូនេស៊ី ទាំងសកម្មភាព​ប្រចាំថ្ងៃ ការជួបជុំគ្នាក្នុងពិធីធំ និងតូច រឿងផ្ទាល់ខ្លួន និងអ្នកជុំវិញ ដោយ​ប្រមូល​យក​សិក្សា ហើយបង្កើត​ជា​ម៉ាក​ផលិតផល​មួយ​នេះ។ ជា​លទ្ធផល​ផលិត​ម៉ាក​ Halal បាន​រីក​ចម្រើន​ក្នុង​ទី​ផ្សារគួរ​ឲ្យ​កត់​សម្គាល់​ ហើយ​កំពុងចរាចរទូទាំងឥណ្ឌូនេស៊ី។

អំពី Solidus Consulting
Solidus ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្សព្វផ្សាយ បើក​ដំណើរ​ការ​នៅ​កម្ពុជា​អស់​រយៈពេល ជិត ១០ ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន Solidus បានអភិវឌ្ឍលើសេវាប្រឹក្សាផ្នែកជំនួញ និងផ្សព្វផ្សាយពាណិជ្ជកម្ម Solidus Consulting ផងដែរ ដោយអញ្ជើញវាគ្មិន​ដែលមានទទួល​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ ពាក់ព័ន្ធ​នឹង​ឧស្សាហកម្មពាណិជ្ជកម្មផងដែរ​ ៕