ភ្នំពេញ​៖ តុលាការ​កំពូល នៅព្រឹក ថ្ងៃទី២២ ខែសីហា នេះ បានបើកសវនាការ​លើសំណុំរឿងក្បត់ជាតិរបស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយមានតែវត្តមាន​មេធាវី​ការពារ​ក្តី​ តែ​គ្មាន​វត្តមានរបស់​លោក កឹម សុខា ឡើយ​។​

ស្របពេលតុលាការកំពូលកំពុងដំណើរការរឿងក្ដីរបស់លោក កឹម សុខា នោះ ក៏មាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ សកម្មជន​សិទ្ធិមនុស្ស ព្រះសង្ឃ និង​អ្នកកាសែតកំពុង​ជួប​ជុំគ្នា តាមដាន​សវ​នា​ក្តី​លោក កឹម សុខា ​។​

លោក កឹម សុខា ​ប្រធានអតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​លោក​ ឈួន ចាន់ថា អគ្គ​ព្រះរាជអាជ្ញា​រង នៃ​មហាអយ្យការ​អម​តុលាការ​កំពូល បានចេញ​លិខិត​អញ្ជើញលោក ផាន់ ច័ន្ទ​ស័ក្តិ មេធាវី​ការពារក្ដីឲ្យ​លោក​កឹម សុខា ចូលមក​តុលាការ​កំពូល ​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក ដើម្បី​ចូលរួម​សវនាការ ​អំពី​ដំណើររឿងរបស់​លោក​ កឹម សុខា ពីបទឃុបឃិត​ជាមួយ​ជនបរទេស​ ក្នុងការ​ផ្តួលរំលំ​រដ្ឋាភិបាល​​ស្របច្បាប់របស់កម្ពុជា​។ រីឯសមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ ​រួមមាន លោក​គង់ ស្រ៊ី​ម ប្រធាន​ លោក​សម សិរី​វ​ឌ្ឍ លោក​អ៊ីវ គឹម​ស្រ៊ី លោកស្រី ចាំង ស៊ី​ណាត និង​លោក​ ច័ន្ទ រង្សី ​ចៅក្រម​ប្រឹក្សា នៃ​ក្រុមប្រឹក្សា​ជំនុំជម្រះ​។​

https://3.bp.blogspot.com/-0cdhdRIFdzs/W3zbKgIQ1uI/AAAAAAAAQb0/DqiN0oYnp4Me5Ejscmbu4CHXQQNwrnOPACLcBGAs/s1600/kem__4_.jpghttps://3.bp.blogspot.com/-bpjJGQ7prrI/W3zbKtASRZI/AAAAAAAAQb4/KP2-X39uk9gNq1k0tEc9EXr-sBpjucq2ACLcBGAs/s1600/kem__3_.jpg

​គួរ​បញ្ជាក់ថា លោក​ កឹម សុខា ​ប្រធានអតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​នៅ​ពាក់​កណ្តាលអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ លោក ​កឹម សុខា ត្រូវបានចោទប្រកាន់​ពីបទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​បញ្ញត្តិ​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បើតាម​ក្រមព្រហ្មទណ្ឌ ​បទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ប្រឈមនឹងការជាប់ពន្ធនាគារ​ពី១៥ ដល់៣០ឆ្នាំ៕