ខេត្តកំពង់ធំ៖ មនុស្ស​ប្រុស​ស្រី​៣​នាក់បាននាំគ្នាហូបពង​គីង្គក់ ស្រាប់តែកើតនូវអាការពុលក្អួតចង្អោរ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពី​វេលា​ម៉ោង​៨​​យប់ ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​ភូមិ​ស​ន្ទុ​ក​ក្រៅ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក។

មន្រ្ដីនគរបាលស្រុក បានឲ្យដឹងថា ជន​រង​គ្រោះ​ទាំង​៣​នាក់ដែលពុលពងគីង្គក់នោះ ​រួម​មាន​ ទី​១–ឈ្មោះ ផា​ន ភា ភេទ​ស្រី អាយុ៥០​ឆ្នាំ មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាងគេ ទី​២-ឈ្មោះ សឿ​ន ខន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​អាការ​ស្រាល និង​ទី​៣-​ឈ្មោះ ផា​ន គី ភេទ​ប្រុស អាយុ​៤៣ឆ្នាំ មាន​អាការ​ស្រាល។ ពួកគាត់​ទាំង​បីនាក់នេះ ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។

មន្ត្រីនគរបាលដដែល បានបន្តថា កាលពី​ល្ងាច​ថ្ងៃ​កើតហេតុ ជនរងគ្រោះបាននាំគ្នាចាប់​​គីង្គក់​បានយ៉ាងច្រើន ហើយ​នាំ​គ្នាយកមក​ធ្វើ​ម្ហូប​ហូប​សាច់ ដោយយកទាំងសាច់ និង​ពងរបស់វា។ បន្ទាប់ពីចម្អិន​ហើយ ពួកគាត់បាននាំគ្នាហូប ស្រាប់តែមួយសន្ទុះក្រោយមក អ្នកហូបម្នាក់ៗ​បានចាប់ផ្ដើមកើត​មាន​អាការ​ក្អួតចង្អោរ​យ៉ាង​ខ្លាំង ទើបសាច់ញាតិ​ដឹ​កជន​រង​គ្រោះបញ្ជូន​ទៅ​សង្រ្គោះ នៅក្នុងមន្ទីរពេទ្យ។

ប្រជាពលរដ្ឋចាស់ទុំ បានឲ្យដឹងថា គីង្គក់ គឺគេហូបតែសាច់ទេ ចំណែកពងរបស់វា គេមិនហូបឡើយ ពីព្រោះវាធ្វើឲ្យយើងពុល រហូតដល់ចេញឈាមតាមរោម បង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើងទៀត​ផង ប្រសិនបើបញ្ជូនជនរងគ្រោះទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ មិនទាន់ពេលវេលាទេ។ ដូច្នេះសូមបង​ប្អូន មានការប្រុងប្រយ័ត្ន ពីករណីនេះផង៕