ភ្នំពេញ៖ បុរសម្នាក់បានដុតម៉ូតូរបស់នារីម្នាក់ចោលបណ្ដាលឱ្យភ្លើងឆេះសន្ធោសន្ធៅ បណ្ដាលឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៨ នៅខេត្តឈុនបុរី ប្រទេសថៃ ។

ជនសង្ស័យមានឈ្មោះ Rachan Monich អាយុ ៤០ឆ្នាំ បានដុតម៉ូតូរបស់នារីរងគ្រោះម៉ាក ហុងដាស្កុបពី ។ យោងតាមការរៀបរាប់របស់នារីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុជនសង្ស័យបានលួងលោមនាងយកទៅរួមរ័ក រហូតធ្វើឱ្យនាងខឹងក៏បានជេរស្ដី រហូតឈ្លោះប្រកែកគ្នាខ្លាំងៗ ទើបបុរសរូបនោះដើរចេញទៅបាត់ ។ ពេលនោះ នារីរងគ្រោះក៏បានដើរមកយកម៉ូតូស្រាប់តែបានឃើញម៉ូតូរបស់ខ្លួនឆេះសន្ធោសន្ធៅ ទើបបានស្រែកឱ្យគេឯងជួយពន្លត់រហូតរលត់បានសម្រេច ។

នារីដដែលបន្តថា នាងពិតជាខឹងសម្បាខ្លាំងណាស់ចំពោះទង្វើរបស់ជនសង្ស័យ ហើយនាងនឹងជូនរង្វាន់លើកទឹកចិត្តចំនួន ៥០០០បាត (ជាង ១៥០ដុល្លារ) សម្រាប់អ្នកដែលផ្ដល់ដំណឹងអំពីជនសង្ស័យ ។
សូមបញ្ជាក់ថា មកទល់ពេលនេះ ប៉ូលិសកំពុងតាមស៊ើបអង្កេតចាប់ខ្លួន ជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ៕
សហការី KBN
ប្រភព៖ Thairath