កំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨​នេះ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចាប់ផ្តើម​ហើយ នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​២១ ខែសីហា ។ ហើយ​ការ​ប្រឡង​បាន​ព្រឹត្តិ​ទៅ​ដោយ​រលូន និង​មាន​សភាព​ស្ងប់ស្ងាត់​ពុំ​មាន​ចំណុច​ខុស​ប្រក្រតី​ណាមួយ​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ។

ក្នុង​នោះ​អ្នក​សង្កេតការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អនុរក្ស គណៈកម្មការ​ទាំងអស់ បាន​រឹត​បន្តឹង​ជា​ខ្លាំង មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ឡើយ ។ បេក្ខជន​ដែល​ទៅ​ប្រឡង​គ្រប់​មណ្ឌល​ត្រូវ​បាន​ត្រួតពិនិត្យ​គ្រប់​ចន្លោះ​កន្លៀត​គ្មាន​សល់ ដើម្បី​ធានា​ឲ្យ​បាន​ថា បេក្ខជន​មិន​អាច​យក​អ្វី​ដែល​ក្រសួង​បាន​ហាមឃាត់​ចូល​ទៅ​ក្នុង​មណ្ឌល​ប្រឡង​បាន​ឡើយ ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​នៅ​មណ្ឌល​បឋម​សិក្សា​វ​ល្លិ៍ បន្ទប់​លេខ​១៣ ដែល​ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ មាន​តែ​បេក្ខជន​ម្នាក់​គត់ ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ (​បាក់​ឌុ​ប​) ស្រប​ពេល​ដែល​លោក ឱម យិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង អំពើ​ពុក​រលួយ ចុះ​ពិនិត្យ​ផ្ទាល់ ថែម​ទៀត ។

យ៉ាងណាមិញ គ្រប់​បេក្ខជន​ប្រលង​ទាំងអស់ និង​អ្នក​ពាក់ព័ន្ធ​នានា បើ​ធ្វើ​ឲ្យ​បែកធ្លាយ​វិញ្ញាសារ ជា​សាធារណៈ គឺ​ជាប់​ទោស​ព្រហ្មទណ្ឌ ហើយ បើ​មានការ​បែកធ្លាយ​វិញ្ញាសារ​មែន​នោះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​បើក​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត ឃាត់ខ្លួន​ជនល្មើស ឲ្យ​ខាន​តែ​បាន​។

ភាព​សំងាត់​នៃ​វិញ្ញាសារ​ប្រលង​ជា​រឿយ​ៗ ACU និង​ក្រសួង​អប់រំ តែងតែ​ដាស់តឿន​ឲ្យ​បេក្ខជន​ប្រលង អ្នក​សង្កេតការណ៍ មេ​ប្រយោគ អនុរក្ស និង​អ្នក​ពាក់ព័ន្ធ​នានា ហាម​ដាច់​ការ​ថត​វិញ្ញាសារ និង​ការ​រក្សា​ភាព​សំងាត់​នៃ​វិញ្ញាសារ ដែល​សូ​ម្បី​តែ​ការ​ថត​រក្សា​ទុក​ផ្ទាល់ខ្លួន ក៏​មិន​អនុញ្ញាត​ឲ្យ​ថត​ដែរ ហើយ​អ្នក​ថត​នោះ បើ​ចាប់​បាន​ក៏​ត្រូវ​មានទោស​ដូច​គ្នា​ដែរ ៕