ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​លោក លឹ​ម ស៊ា​ង​ហៃ ក្រឡាបញ្ជី ចុះ​ត្រួតពិនិត្យ ជនជាតិ​វៀតណាម ដែល​ឆ្លង​ដែន និង​ធ្វើការ​ខុសច្បាប់ ត្រូវ​ឃាត់ខ្លួន​ភ្លាម​ៗ​បាន​១៣​នាក់ ។

ការ​ឃាត់ខ្លួន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ ទីតាំង​អេ​ត​ចាយ សិប្បកម្ម​ឈើ ហាង​កាហ្វេ និង​ផ្ទះ​ជួល ភូមិ​អូរ​អណ្តូង​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ​ ។

ជា​លទ្ធផល​កម្លាំង​នគរបាល​បាន​ត្រួតពិនិត្យ​លើ​ជនជាតិ​វៀតណាម​ជា​ច្រើន​នាក់ ប៉ុន្តែ​ក្នុង​នោះ​រក​ឃើញ​តែ​១៣​នាក់​ប៉ុណ្ណោះ ដែល​ជា​ជនជាតិ​វៀតណាម​មាន​ស្រី​០៨​នាក់ ដែល​ពុំ​មាន​លិខិតឆ្លងដែន និង​សៀវភៅ​អនុញ្ញាត្តិ​ការងារ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ដូច្នេះ​ហើយ​ពួក​គេ​ត្រូវ​ឃាត់ខ្លួន​ភ្លាម​ៗ ប​ញ្ចូ​ន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បន្ត​នីតិវិធី ៕