ភ្នំពេញ ៖ ជម្លោះ​នេះ​កាន់តែ​ឡើងក​ម្តៅ រវាង​ពិធី​ការិនី​ទូរទស្សន៍​អាស៊ី​អា​គ្នេ​ហ៍​កញ្ញា ណា​ក់ ស្រី​ណា និង​ថៅកែ​ផលិតកម្ម​មហាហង្ស លោក អ៊ិ​ន សុ​ភិន ក្រោយ​ពេល​តារា​ស្រី​រូប​នេះ បាន​បង្ហោះ​ជា​សាធារណៈ​ថា ផលិតកម្ម​មហាហង្ស បាន​ជំពាក់​ថ្លៃ​សម្ដែង​របស់​នាង​រហូត​ដល់​ចំនួន​២​ពាន់​ដុល្លារ ដោយ​ជំពាក់​ប្រមាណ​ជាមួយ​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំងពី​ភាពយន្ត​ដែល​នាង​សម្ដែង​អោយ​ត្រូវ​បាន​បញ្ចប់ ។

កញ្ញា ណា​ក់ ស្រី​ណា បាន​អះអាង​ថា នេះ​ជា​មេរៀន​ទី​១​ក្នុង​ជីវិត​ជា​អ្នក​សម្ដែង​របស់​នាង ។ ស្រី​ណា បញ្ជាក់​ថា នេះ​គឺជា បំបាក់ទឹកចិត្ត​ចំពោះ​អ្នក​សិល្បករ​មួយ​ដ៏​ធំ ព្រោះ​ការ​ព្រមព្រៀង គឺ​ថត​ចប់​ប្រគល់​លុយ​អស់ ដោយ​មិនមែន​មួយ​ឆ្នាំ​មក​ហើយ​នៅ​តែ​ស្ងាត់ ហើយ​មិន​អើពើ​ក្នុង​ការ​ដោះស្រាយ​នោះ​ទេ ។

ចំណែកឯ លោក អ៊ិ​ន សុ​ភិន ឆ្លើយ​ថា ហេតុផល​ដែល​តារា​សម្ដែង​កញ្ញា ណា​ក់ ស្រី​ណា មិន​ទទួល​បាន​តម្លៃ​ថត នៅ​សល់​ចំនួន​២​ពាន់​ដុល្លារ ក្រោយ​ពេល​ថត​ចប់ មិនមែន​ជា​កំហុស​របស់​ផលិតកម្ម​របស់​លោក​នោះ​ទេ ប៉ុន្តែ​គឺ​កំហុស​របស់​អតិថិជន​របស់​លោក ដែល​ជា​អ្នក​ស្នើ​អោយ​លោក​ផលិត​រឿង មរតក​ចុក​ឈាម ហើយ​តម្រូវ​អោយ​លោក​ជ្រើស​យក​នាង​អោយធ្វើ​ជា​តួឯក​ប៉ុណ្ណោះ ។

លោក​ថ្លែង បញ្ជាក់​ថា ក្រោយ​ពេល​ផលិត​ចប់ អតិថិជន​របស់​លោក​មិន​បាន​ប្រគល់​លុយ​អោយ​លោកតា​មការ​កំណត់ ទើប​លោក​ត្រូវ​តែ​បង្កក តម្លៃ​នៅ​សល់​របស់​នាង​ដូច​គ្នា ។

លោក​អ៊ិ​ន សុ​ភិន ប​ន្ដែ​ម​ថា «​ខ្ញុំ​មិន​អត់​២​ពាន់​ដុល្លារ អោយ​គាត់​(​ណា​ក់ ស្រី​ណា​)​ទេ ប៉ុន្តែ​អោយ​ខ្ញុំ​អោយ​យ៉ាងម៉េច បើ​អ្នក​ដែល​តម្រូវ​អោយ​ខ្ញុំ​យក​គាត់​សម្ដែង មិន​ទាន់​មាន​លុយ​អោយ​ខ្ញុំ​គ្រប់​ផង​ហ្នឹង ចឹ​ង​ខ្ញុំ​មាន​លុយ​ណា​បើក​អោយ​គាត់​!» ។

ការ​ថ្លែង​របស់​លោក អ៊ិ​ន សុ​ភិន នេះ​ធ្វើ​ឲ្យ​តារា​ស្រី ណា​ក់ ស្រី​ណា ថ្លែង​តប​យ៉ាង​រហ័ស ដោយ​ចាត់​ទុក​ការ​បកស្រាយ​របស់​លោក គ្មាន​ការ​ទទួលខុសត្រូវ​លើ​ការងារ ព្រមទាំង​ប្រើ​ល្បិច ពិសពុល​កេង​ប្រ​វ័​ញ​លើ​កម្លាំង​ពលកម្ម​មនុស្ស​ជា​ច្រើន​អ្នក​ព្រោះតែ​ប្រយោជន៍​របស់​ខ្លួន ។

សូម​បញ្ជាក់​ដែរ​ថា រឿង “​មរតក​ចុក​ឈាម​” បាន​ប្រកាស​ដំណើរការ​ចេញ​ថត​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ដោយ​គ្រោង​នឹង​ធ្វើការ​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អាស៊ី​អា​គ្នេ​ហ៍ ប៉ុន្តែ​ត្រូវ​បាន​ខកខាន ក្រោម​ហេតុ​ផលិតកម្ម​នៅ​មិន​ទាន់​បាន​ទទួល​បាន​លុយ​គ្រប់ ពី​ស្ថានីយទូរទស្សន៍ ៕