ខេត្តពោធិ៍សាត់៖ ផ្ទះដ៏ស្កឹមស្កៃមួយខ្នងត្រូវអគ្គីលេបត្របាក់យ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅ​ក្នុងភូមិ​អ៊ិស្លា​ម សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់។

មន្ត្រីនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា​ ផ្ទះដែលរងនូវគ្រោះអគ្គិភ័យនោះមានបណ្ដោយប្រវែង១២​ម៉ែត្រ និងទទឹងប្រវែង១០ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ជណ្ដើរថ្ម សសរថ្ម និង​ជញ្ជាំង​ខាង​មុខ​ថ្ម មាន​ម្ចាស់​ឈ្មោះ ឯ​ល អាល់​ទី​កេះ ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម រស់នៅក្នុងភូមិកើតហេតុខាងលើ។ នៅក្នុងការជួយអន្តរាគមន៍បាញ់ទឹកពន្លត់នោះ សមត្ថកិច្ចបាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៤​រថយន្ដ​។

ទោះជា​យ៉ាងណា ផ្ទះ​បាន​ឆេះ​អស់ទាំង​ស្រុងនៅ​សល់​តែ​កាំជណ្ដើរ និង​ជញ្ជាំង​ថ្ម​ខាង​មុខតែ​ប៉ុណ្ណោះ​។ ចំណែក​​ទ្រព្យសម្បត្តិ និង​សម្ភារ​ប្រើប្រាស់​ដែល​នៅ​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន​ ត្រូវភ្លើង​ឆេះ​អស់ទាំង​ស្រុង ព្រោះ​ម្ចាស់ផ្ទះ​រវល់​ស្លន់ស្លោ​មិន​បាន​យក​អ្វី​នោះ​ទេ។

ករណី​ភ្លើង​ឆេះ​ផ្ទះ​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​នៅ​សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់​នេះ សមត្ថកិច្ចមិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​។ ប៉ុន្តែ​ភាគច្រើន​គេ​សង្ស័យ​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង​ច្រើន​ជាង ព្រោះ​ភ្លើងចាប់ផ្ដើម​ពី​ដំបូល​មុន។ ចំណែក​ការ​ខូចខាត​ និង​បាត់បង់​ទ្រព្យសម្បត្តិ​ ​មិន​ទាន់​ប៉ាន់​ប្រមាណ​ដឹង​ គ្រាន់តែ​ដឹង​ថា​ ផ្ទះ​ទាំងមូល​ និង​សម្ភារ​ដែល​មាន​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន ត្រូវ​ភ្លើងឆេះ​អស់ទាំង​ស្រុង។ នៅក្នុងគ្រោះអគ្គិភ័យនេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ និងផ្ទះសម្បែងរបស់អ្នកដទៃនោះទេ៕