ខេត្តក្រចេះ៖ បន្ទាប់ពីកើតមាននូវអំពើឃាតកម្មដ៏សាហាវ សម្លាប់មនុស្សមួយគ្រួសារ ហើយដុតបំផ្លាញ​សាកសពនោះមក សមត្ថកិច្ចជំនាញខេត្តក្រចេះបានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនពាក់ព័ន្ធ​ចំនួន៤នាក់ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅក្នុងស្រុកចិត្របុរី។

ជនសង័្សយ ឈ្មោះ ចឹក ណូ អាយុ៥០ឆ្នាំ

មន្ត្រីនគរបាលស្រុកចិត្របុរី បានឲ្យដឹងថា ពិតជាមានឃាតកម្មដ៏សាហាវ​កើតឡើងមែន។ ករណីនេះបានកើតឡើង នៅយប់ ថ្ងៃ១៣រោច ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅលើកោះប្រឹម ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ជនសង័្សយ ឈ្មោះ ចឹក ម៉ៅ អាយុ៤៦ឆ្នាំ

មន្ត្រីនគរបាលស្រុកចិត្របុរី បានបន្តថា ជនរងគ្រោះ នៅក្នុងអំពើឃាតកម្មដ៏សាហាវខាងលើនេះ ទី​១-ឈ្មោះ ឆុំ ឈាន អាយុ៣០ឆ្នាំ(ប្ដី) ទី២-ឈ្មោះ ជួន សុខនាង (ប្រពន្ធ) អាយុ៣៦ឆ្នាំ ទី៣-ឈ្មោះ ឈាន ភឹមសី ភេទប្រុស អាយុ១១ឆ្នាំ (កូន) និងទី៤-ឈ្មោះ ឈាន វណ្ណី ភេទស្រី អាយុ៩ឆ្នាំ​(កូន)។ ពួក​គេទាំង៤នាក់ឪពុក ម្ដាយ និងកូន រស់នៅលើកោះប្រឹម ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ រីឯជនសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើឃោរឃៅនេះ រួមមាន ទី១-​ឈ្មោះ ចឹក ណូ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ទី២-​ឈ្មោះ ម៉ៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ មុខរបរជា​សន្តិសុខ​ក្រុមហ៊ុន​ហនុមាន​មាន​ឫទ្ធិ ទី៣-​ឈ្មោះ ចឹក ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ និងទី​៤-​ឈ្មោះ ចឹក លឹ​ម​ស្រេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ប្អៀ​រ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

ជនសង័្សយ ឈ្មោះ ម៉ៅ ញ៉ាញ់ អាយុ១៧ឆ្នាំ

មន្ត្រីនគរបាលស្រុកចិត្របុរី បានបន្តថា ក្រោយពេលធ្វើសកម្មភាពរួចហើយ ជនសង្ស័យបាន​ដុត​បំផ្លាញផ្ទះ និងសាកសពរបស់ជនរងគ្រោះ ដើម្បីបង្វែរសំណុំរឿងទៅជាករណីគ្រោះថ្នាក់អគ្គិភ័យ។ រីឯនៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញមាន​សំបកកាំភ្លើង ដែលជាតម្រុយ ក្នុងការស៊ើបអង្កេតរបស់សមត្ថ​កិច្ច។

មន្ត្រីនគរបាលស្រុកចិត្របុរី បានបន្តថា បន្ទាប់ពីកើតមាននូវករណីឃាតកម្មខាងលើនេះរួចមក សមត្ថកិច្ចនគរបាលជំនាញស្រុក និងខេត្តបាន ក្រោមការ​សម្របសម្រួល​ពី​លោក ធុ​ច បញ្ច​សន្តិភាព ព្រះ​អាជ្ញា​រងអម​សាលាដំបូងខេត្តក្រចេះ បានសហការគ្នាស្រាវជ្រាវ រហូតឃាតដល់ការឃាត់ខ្លួនជនសង័្សយ​បានចំនួន៤នាក់។

ជនសង័្សយ ឈ្មោះ ចឹក លឹមស្រេង អាយុ២០ឆ្នាំ

ទោះជា​យ៉ាងណា​សមត្ថកិច្ច នៅ​មិន​ទាន់​បានបញ្ជាក់​ពី​ចម្លើយ​របស់ជនសង្ស័យ​ទាំង​៤​នាក់ពាក់ព័ន្ធ​នឹងករណី​ឃាតកម្ម​នោះឡើយ ពីព្រោះ​សមត្ថកិច្ច​កំពុង​ធ្វើ​កិច្ចការ​នេះ​។ ប៉ុន្តែទោះជាយ៉ាងណា ករណីអំពើឃាតកម្មដ៏សាហាវនេះ គឺគេដាក់សង័្សយទៅលើរឿងគំនុំ។


ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រមូលសាកសពបញ្ចុះទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំស្រាវជ្រាវរកសាច់ញាតិ និងបងប្អូនមកយកទៅធ្វើបុណ្យតាមប្រពៃណី។ បន្ទាប់ពីបើកការស្រាវជ្រាវតាមជំនាញនោះមក សមត្ថកិច្ចបានឃាត់ខ្លួនជនពាក់ព័័ន្ធចំនួន៤នាក់ រួចហើយបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ផ្ដន្ទាទោសតាមច្បាប់៕