ភ្នំពេញ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសដោយខ្លួនឯង នៅឯក្រៅប្រទេស បានចោទប្រកាន់មកលើសម្ដេចនាយករដ្ឋមន្ត្រីថា បាន​ជួលឃាតកតាមសម្លាប់លោក ប៉ុន្តែត្រូវបានអ្នកនាំពាក្យរបស់គណបក្សកាន់អំណាច ចាត់ទុកថា នេះគ្រាន់តែ​ជាការតម្កើងខ្លួន មិនខុសពីអង្គុយលើចង្អេលើកខ្លួនឯងនោះឡើយ។

លោក សម រង្ស៊ី បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨​នេះថា ចរិតរបស់លោក ហ៊ុន សែន ក្នុងការបបួលគេឯងស្បថស្បែ ពីរឿងប្រទេសជាតិ។ ការដែលលោក ហ៊ុន សែន បបួលគេឯងស្បថស្បែពីរឿងប្រទេសជាតិ បង្ហាញថា គាត់ជាមនុស្សអវិជ្ជា ទាល់ច្រក និងមិនទទួលខុសត្រូវ។

គណនីដដែល បានសរសេរបន្តថា ១-អវិជ្ជា៖ ហ៊ុន សែន មិនបានរៀនចប់អនុវិទ្យាល័យផង ដែលជាចំណុចខ្សោយមួយ សម្រាប់អ្នកដឹកនាំប្រទេស។ គាត់មិនអាចក្តាប់បាននូវជំនាញបច្ចេកទេស ក្នុងការដឹកនាំប្រទេស ជាពិសេស ការបង្ហាញពីការពិត និងពីការងារជាក់ស្តែង តាមក្បួនវិទ្យាសាស្ត្រ។ ដូច្នេះហើយបានជាគាត់ត្រូវបែរទៅរកអបិយជំនឿវិញ។ ២-ទាល់ច្រក៖ ចោរដែលគេចាប់បាន កំពុងតែលួចជាក់ស្តែង ដូចលោក ហ៊ុន សែន ឥឡូវនេះ វាស្ថិតក្នុងភាពទាល់ច្រក ពីព្រោះវាមិនអាចរកភស្តុតាងអ្វី អាចជួយដោះសារ វាបានមានតែសុំស្បថថា វាមិនមែនចោរទេ។ ៣-មិនទទួលខុសត្រូវ៖ ក្នុងតួនាទីរបស់គាត់ ជាអ្នកដឹកនាំប្រទេស ហ៊ុន សែន បង្ហាញចរិតមិនទទួលខុសត្រូវ ពីអ្វីដែលគាត់បានធ្វើ ឬមិនបានធ្វើ ពីព្រោះការគ្រាន់តែស្បថស្បែ ជាការគេចវេះ ពីកាតព្វកិច្ចបង្ហាញការពិត តាមបច្ចេកទេសគ្រប់គ្រងកិច្ចការសាធារណៈ និងទំនាក់ទំនងសាធារណៈ។ ឧទាហរណ៍៖ ដើម្បីឲ្យមហាជនឃើញច្បាស់ពីការពិត ទាក់ទងទៅនឹងការបោះឆ្នោត ត្រូវតែរាប់សន្លឹកឆ្នោតឡើងវិញ ដោយមានសាក្សីឯករាជ្យជាច្រើនចូលរួមផងដែរ។ វិធីបែបនេះ គឺជាវិធីសមស្របតែមួយគត់ ដើម្បីបង្ហាញការពិត សម្រាប់អ្នកដែលមានស្មារតីទទួលខុសត្រូវ។ ក្នុងរឿងនេះដែរ លោក សម រង្សុី បានបញ្ជាក់ថា៖ “ខ្ញុំមិនបន្ទាបខ្លួនទៅលេងឆ្កួតជាមួយលោក ហ៊ុន សែន ទេ ពីព្រោះគាត់នេះមានចរិតដូចក្មេងពាល។”

គណនីហ្វេសប៊ុករបស់លោក សម រង្ស៊ី បានសរសេរទៀតថា គ្មានប្រទេសប្រជាធិបតេយ្យណាមួយ ក្នុងពិភពលោក ទទួលស្គាល់ការបោះឆ្នោត ចុងក្រោយ នៅកម្ពុជានោះទេ។ រហូតមកដល់ថ្ងៃនេះ មានតែប្រទេសកុម្មុយនីស្តមួយតំបរស្វាប៉ុណ្ណោះ ដែលបានចូលរួមអបអរសាទររបបលោក ហ៊ុន សែន ដែលអះ​អាងថា ទទួលបានជ័យជម្នះ ក្រោយការបោះឆ្នោត ថ្ងៃ ២៩ កក្កដា ២០១៨។ ប្រទេសកុម្មុយនីស្តដែលទទួលបានស្គាល់នូវលទ្ធផលបោះឆ្នោតនោះ រួមមាន ប្រទេសចិន ប្រទេសវៀតណាម ប្រទេសលាវ និងប្រទេសគុយបា។ ចំណែកប្រទេសរាប់រយផ្សេងទៀត ដែលកាន់លទ្ធិប្រជាធិបតេយ្យ គេមានតែថ្កោលទោស និងពេបជ្រាយ ពីការបោះឆ្នោតក្លែងក្លាយចុងក្រោយ នៅកម្ពុជា។

គណនីហ្វេសប៊ុករបស់លោក សម រង្ស៊ី បានសរសេរបន្តថា ព្រះមហាក្សត្រនឹងមិនយាងទៅមិនយាងទៅបើកសម័យប្រជុំរដ្ឋសភាពេញអង្គ នៅដើមខែកញ្ញា នេះទេ ដោយសារតែព្រះអង្គ ប្រហែលជាយល់ឃើញថា ប្រជារាស្ត្រខ្មែរ និងសាធារណមតិ ស្ទើរទូទាំងពិភពលោក ច្បាស់ជាថ្កោលទោសព្រះអង្គយ៉ាងធ្ងន់ធ្ងរ បើព្រះអង្គយល់ព្រមយាងទៅបើកសម័យប្រជុំរដ្ឋសភាពេញអង្គ ជាត្លុកកំប្លែង នៅដើមខែកញ្ញាខាងមុខនេះ។ ព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ហាក់ដូចជាព្រះអង្គប្រញាប់ប្រញាល់ យាងចេញពីប្រទេសកម្ពុជា ឲ្យបានមុនចុងខែសីហានេះ ដើម្បីទៅពិនិត្យសុខភាព នៅប្រទេសចិន ។

គណនីហ្វេសប៊ុករបស់លោក សម រង្ស៊ី បានសរសេរបន្តថា ដោយសារតែ សម រង្ស៊ី ជាបន្លាធំជាងគេ ក្នុងភ្នែក ទើបលោក ហ៊ុន សែន កំពុងជួលឃាតករបរទេសឲ្យប៉ុនប៉ងសម្លាប់ សម រង្ស៊ី នៅប្រទេស​បារាំង។ កាលពី៤-៥ ខែមុន ហ៊ុន សែន បាននិយាយជាសាធារណៈថា គាត់នឹងបញ្ជូនភ្នាក់ងារសម្ងាត់របស់គាត់ឲ្យទៅចាប់សម រង្ស៊ី នៅឯបរទេស ហើយបញ្ជូន សម រង្ស៊ី ទាំងបង្ខំ និងទាំងលួចលាក់ទៅប្រទេសកម្ពុជា។ តែឥឡូវនេះ ដោយសារតែគាត់ជួបភាពទាល់ច្រកនយោបាយ រកដំណោះស្រាយមិនចេញ ទើប ហ៊ុន សែន សម្រេចជួលឃាតកឲ្យសម្លាប់ សម រង្ស៊ី តែម្តង។ អាជ្ញាធរបារាំងបានដឹងពីគម្រោងដើមរបស់ ហ៊ុន សែន ដែលចង់លួចចាប់ សម រង្ស៊ី លើទឹកដីបារាំង ហើយច្បាស់ជាបានព្រមាន ហ៊ុន សែន កុំឲ្យគាត់ប៉ុនប៉ងអនុវត្តគម្រោងបែបហ្នឹង ពីព្រោះខ្លួនគាត់ ក៏មិនរួចខ្លួនដែរ។

ទោះជាយ៉ាងណា បន្ទាប់ពីលោក សម រង្ស៊ី បានសរសេរបែបនេះ នៅលើគណនីហ្វេសប៊ុករបស់ខ្លួននោះមក លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ហៅ​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី គឺជា​ការ​និយាយ​លើ​កត​ម្កើ​ង​ខ្លួន​ ប្រៀប​ដូច​ជា​អង្គុយលើច​ង្កេ​លើក​ខ្លួនឯងអ៊ីចឹង។

លោក សុខ ឥ​សាន បានឆ្លើ​យ​តបនូវការលើកឡើងខាងលើ ​ដោយ​គូសបញ្ជាក់​​នៅ​ថ្ងៃ​ទី​១០ សីហា នេះ​ថា ៖ «​ទណ្ឌិត សម រ​ង្ស៊ី កំពុង​ខិតខំ​លេី​ក​តម្លៃ​ខ្លួនឯង។ ក្រោយ​ពេល​​ទទួល​បរាជ័យ​ នៅក្នុង​ឧបាយកល​ចង់​រារាំង និង​បំផ្លាញ​នូវការ​បោះ​ឆ្នោត​ មិន​បានសម្រេចនោះមក ទណ្ឌិត សម រ​ង្ស៊ី ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភាព​ទ័លច្រក រក​ផ្លូវ​ដេី​រ​ទៅ​មុខ​មិន​រួច។ ដេី​ម្បី​ស្តារ​មុខមាត់​ ទណ្ឌិត សម រ​ង្ស៊ី បាន និង​កំពុង​ខិតខំ​លើកកម្ពស់​ខ្លួនឯង ដោយ​បាន​លេី​កត​ម្កេី​ង​ថា ខ្លួន​គឺជា​ឧបសគ្គ​នៅ​ក្នុង​កែវភ្នែក​របស់​ប្រជាជន​កម្ពុជា​»។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​រូបនេះ បានបន្តថា ការ​និយាយ​របស់​លោក សម រ​ង្ស៊ី បែបនេះ​កាន់តែ​ត្រូវ​បាន​បញ្ជាក់​ថា ទណ្ឌិត សម រ​ង្ស៊ី ទទួល​សារភាព​ថា ខ្លួន​គឺជា​អ្នក​បង្កើត​បញ្ហា​ឲ្យ​ប្រទេស​ជាតិ​ក​ម្ព​ជា និង​ប្រជាជន​កម្ពុជា​ បង្ក​អំពេី​ប្រទូស​​រ៉ា​យ​ឥត​ឈប់​ឈរ​ ប្រឆាំង​នឹង​ផលប្រយោជន៍​របស់​កម្ពុជា។ ទន្ទឹម​នឹង​នេះដែរ លោក សម រ​ង្ស៊ី ​បាន​ឆ្លៀត​លេី​ក​តម្លៃ​ខ្លួនឯង​ដោយ​ចោទ​ថា មាន​គេ​ប៉ុនប៉ង​ធ្វេី​ឃាតខ្លួន​នៅ​ក្រៅប្រទេស។

លោក សុខ ឥ​សាន បាន​សង្កត់ធ្ងន់​ថា៖ «​តេី​ចង់​ធ្វេី​ឃាត​ទណ្ឌិត សម រ​ង្ស៊ី បាន​ប្រ​យោ​ជ​ន៏​អ្វី បេី​ទណ្ឌិត សម រ​ង្ស៊ី អស់​តម្លៃ​រួច​ទៅ​ហេី​យ ទោះបី​ទណ្ឌិត​នេះ​និយាយ​អ្វី​ក៏​គ្មាន​នរណា​យកចិត្តទុកដាក់​ ឬចាប់អារម្មណ៍​​ដែរ។ រឿង​អី​មក​ចោទ​បញ្ហា​ថា មាន​គេ​ចង់ទៅ​ធ្វើឃាត​ខ្លួន​នៅ​ស្រុក​បារាំង​នោះ។ នេះ​វា​គ្រាន់តែ​ជា​ការ​និយាយ​បង្វែងដាន ​ដើម្បី​លើក​តម្លៃ​ខ្កួ​ន​តែ​ប៉ុណ្ណោះ​»។

លោក សុខ ឥ​សាន បាន​បន្ថែម​ថា៖ «​ទោះ​ចង់​លេី​ក​តម្លៃ​យ៉ាងណា ​ក៏​មិន​អាច​លេី​ក​ទៅ​បាន​ដែរ​ ដោយ សារ​ទណ្ឌិត សម រ​ង្ស៊ី គ្មាន​តម្លៃ​ត្រូវ​លេី​ក​ ពីព្រោះជីវិត​នយោបាយ​របស់​ទណ្ឌិត សម រ​ង្ស៊ី ត្រូវ​បាន​បញ្ចប់​រួច​ទៅហេី​យ​»។

គួររំឭកថា កន្លងមក លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ​ ដែលកំពុងនិរទ្ទេស ដោយខ្លួនឯងពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចកម្ពុជា បានចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការរៀបចំការបោះឆ្នោតពីការបំប៉ោងចំនួនអ្នកទៅបោះឆ្នោត។ ប៉ុន្តែក្រោយមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានបបួលស្បថដាក់ជីវិត តែលោក សម រង្ស៊ី មិនហ៊ាន៕