ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ជំនាញ​បើក​ការ​ស្រាវជ្រាវ​ជា​បន្ទាន់ ចំពោះ​ជនអនាមិក ដែល​បាន​ចូល​វាយប្រហារ (Hack) ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ។

សូម​បញ្ជាក់​ថា គេហទំព័រ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​មានឈ្មោះ​ថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវ​បាន​ក្រុម​ជនអនាមិក​លួច​ចូល​ទៅ​គ្រប់គ្រង (Hack) នៅ​ប៉ុន្មាន​នាទី​មុន​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ឌួ​ង ដា​រា អ្នកគ្រប់គ្រង​ទំព័រ Facebook របស់​សម្តេច​តេ​ជោ ។

នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ( Samdech Hun Sen, Cambodia Prime Minister ) បាន​បង្ហោះ​សារ​ថា «​ដើម្បី​លើក​ត​ម្កើ​ន​លិ​ទ្ធិ​ប្រជាធិបតេយ្យ ក្នុង​ប្រទេស​កម្ពុជា​យើង គណបក្ស​ប្រជាជន​កម្ពុជា និង​ចែករំលែក ៤​អាសនៈ​ទៅ​គណបក្ស​ផ្សេង​ទៀត​។ ២​អាសនៈ ជូន​ទៅ​គណបក្ស​សម្ព័ន្ធ​ដើម្បី​លិ​ទ្ធិ​ប្រជាធិបតេយ្យ និង​២​អាសនៈ​ទៀត ជូន​ទៅ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។ រាជរដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៦ ដែល​មាន​ខ្ញុំ​ជា​អ្នកដឹកនាំ គឺ​នឹង​ខិតខំ​ប្រឹងប្រែង​ទ្វេ​ដង​អោយ​សម​ទៅ​នឹង​ទឹកចិត្ត​ស្រឡាញ់​គាំទ្រ​របស់​បងប្អូន និង​កូនក្មួយ ដើម្បី​កម្ពុជា​យើង​រីក​ចម្រើន​ទៅ​មុខ​ទាំងអស់​គ្នា​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់ ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់​ៗ​គ្នា​» ។

ជាមួយនឹង​ការ​ប្រកាស​ពី​ការ​លួច​ចូល​ទៅ​គ្រប់គ្រង​របស់​ក្រុម​ជនអនាមិក​នេះ លោក ឌួ​ង ដា​រា អ្នកគ្រប់គ្រង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយក​រដ្ឋមន្ត្រី ក៏​បាន​ច្រានចោល​ព័ត៌មាន​ដែល​បាន​បង្ហោះ​ថា មានការ​បែងចែក​អាសនៈ​ទៅ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ LDP និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ផង​ដែរ ។

សូម​រម្លឹក​ថា អ្នក​ប្រើប្រាស់​ពាក្យ​អសុរោះ និង​ជេរ​ប្រមាថ​សម្ដេច លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេច​មិន​ផុត​ពី​ការ​តាមដាន​ឡើយ បើសិនជា​សម្ដេច ចង់​ចាប់ទោស​ពៃរ៍ ។ សមត្ថកិច្ច​អាច​រក​ទីតាំង​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​នេះ ត្រឹមតែ​៨​នាទី​ប៉ុណ្ណោះ ។

ជា​ការ​ក្រើនរំឭក​ជា​ថ្មី ដល់​អ្នក​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​លើ​រដ្ឋាភិបាល តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ សម្ដេច ហ៊ុន សែន បាន​បង្ហើប​ថា រដ្ឋាភិបាល​អាច​ក្តាប់​បាន រាល់​ទិន្នន័យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​គ្រប់​ទីកន្លែង ទោះ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ​។ វា​គ្មាន​អ្វី​ពិបាក​សម្រាប់​រដ្ឋាភិបាល ក្នុង​ការ​កំណត់​មុខសញ្ញា ឬ​ទីតាំង​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ទេ ។

ក្រៅពី​កំណត់​ទីតាំង​នៅ​កម្ពុជា​បាន​ហើយ បច្ចេកវិទ្យា​របស់​រដ្ឋាភិបាល ក៏​អាច​កំណត់​ទីតាំង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ដោយ​ប្រើប្រាស់​ពាក្យ​អសុរោះ នៅ​ក្រៅប្រទេស​បាន​ដែរ​។ នេះ​ជា​ការ​បន្ថែម​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​អះអាង​ថា ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋាភិបាល​សព្វថ្ងៃ មាន​បច្ចេកវិទ្យា​ទំនើប និង​រឹង​មាំ​ក្នុង​ទប់ស្កាត់​ស្ថានការណ៍​អសន្តិសុខ​នានា​។

គួរ​បញ្ជាក់​ថា កន្លង​មក​សមត្ថកិច្ច​ធ្លាប់​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន ដែល​ប្រើប្រាស់​ពាក្យ​ជេរ​ប្រមាថ និង​សកម្មភាព​មិន​សមរម្យ លើ​រដ្ឋាភិបាល ហើយ​បង្ហោះ​ជា​សាធារណៈ លើ​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​មួយ​នេះ​ផង​ដែរ​៕