ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច បន្ទាប់​ពី​មានការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នូវ​ដំណឹង​ចែក​អាសនៈ​៤​ឲ្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ អ្នក​កាន់​ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​អង្គភាព​សារព័ត៌មាន Fresh News ថា ហ្វេ​ស​ប៊ុ​ក​ផេ​ក​នេះ​ត្រូវ​បាន​គេ Hack យក​ទៅ​គ្រប់គ្រង ។

កាលពី​ម៉ោង​ជិត​១១ និង​៣០​នាទី ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ( Samdech Hun Sen, Cambodia Prime Minister ) បាន​បង្ហោះ​សារ​ថា «​ដើម្បី​លើក​ត​ម្កើ​ន​លិ​ទ្ធិ​ប្រជាធិបតេយ្យ ក្នុង​ប្រទេស​កម្ពុជា​យើង គណបក្ស​ប្រជាជន​កម្ពុជា និង​ចែករំលែក ៤​អាសនៈ​ទៅ​គណបក្ស​ផ្សេង​ទៀត​។ ២​អាសនៈ ជូន​ទៅ​គណបក្ស​សម្ព័ន្ធ​ដើម្បី​លិ​ទ្ធិ​ប្រជាធិបតេយ្យ និង​២​អាសនៈ​ទៀត ជូន​ទៅ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។ រាជរដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៦ ដែល​មាន​ខ្ញុំ​ជា​អ្នកដឹកនាំ គឺ​នឹង​ខិតខំ​ប្រឹងប្រែង​ទ្វេ​ដង​អោយ​សម​ទៅ​នឹង​ទឹកចិត្ត​ស្រឡាញ់​គាំទ្រ​របស់​បងប្អូន និង​កូនក្មួយ ដើម្បី​កម្ពុជា​យើង​រីក​ចម្រើន​ទៅ​មុខ​ទាំងអស់​គ្នា​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់ ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់​ៗ​គ្នា​» ។

ជាមួយនឹង​ការ​ប្រកាស​ពី​ការ​លួច​ចូល​ទៅ​គ្រប់គ្រង​របស់​ក្រុម​ជនអនាមិក​នេះ លោក ឌួ​ង ដា​រា អ្នកគ្រប់គ្រង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយក​រដ្ឋមន្ត្រី ក៏​បាន​ច្រានចោល​ព័ត៌មាន​ដែល​បាន​បង្ហោះ​ថា មានការ​បែងចែក​អាសនៈ​ទៅ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ LDP និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ផង​ដែរ ៕