រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​យ៉ាង​ខ្លាំង​បាន​កើតឡើង បន្ទាប់​ពី​គេ​បានឮ​សំឡេង​បុរស​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​មន្ត្រី​នគរបាល​នោះ បាន​ដក​កាំភ្លើង​អា​មេ​គំរាម​រក​បាញ់​បុរស​ម្នាក់​ក្នុង​ជម្លោះ​ពាក្យ​សម្តី​មួយ នាំ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​នោះ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​លេខ​២៧៨ ខាងក្រោយ​អតីត​រោងកុន​គិរី​រម្យ ក្នុង​ខណ្ឌចំការមន រាជធានី​ភ្ន​ពេញ ។

ខ្មាន់កាំភ្លើង អា​មេ​គំរាម​រក​បាញ់​ជន​ស៊ី​វិល​នេះ​ខាងលើ​នោះ ត្រូវ​បាន​គេ​ទម្លាយ​ថា ឈ្មោះ លន់ ស៊ីវ​ធេង ជា​មន្ត្រី​នគរបាល ថ្នាក់​អនុសេនីយ៍ទោ អត្តលេខ​៧៥៣៣២ ។

បើ​តាម​បុរស​ដែល​រង​នូវ​ការ​គំរាម​បាញ់​នេះ បាន​អះអាង​ថា រូបគេ​មិន​មាន​បញ្ហា​អ្វី​នឹង​គ្នា​នោះ​ទេ ហើយ​នៅ​មុន​ពេល​កើតហេតុ​រូបគេ និង​មិត្តភក្តិ​បាន​ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ​ស្ងាត់​មួយ ស្រាប់តែ​លេច​ចេញ​ក្រុម​បុរស​អះអាង​ខ្លួន​ថា ជា​នគរបាល​នេះ​បាន​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ ហើយ​ស្រែ​កថា​ចោរ​ៗ ហើយ​ជិះ​តាម​ពួក​គេ​រហូត ។ ឃើញ​ដូច្នេះ ពួក​គេ​ភ័យ ហើយ​ក៏​ជិះ​ម៉ូតូរ​ត់ម​ករក​កន្លែង​មាន​មនុស្ស​ច្រើន ដើម្បី​ការពារ​ខ្លួន​តែ​ម្តង ។

វី​ដេ​អូ​ដែល​ថត​បាន​ពីកាមេរ៉ា​សុវត្ថិភាពនៅ​ផ្ទះ​ប្រជាពលរដ្ឋ គេ​ឃើញ​មានការ​ប៉ះ​ពាក្យ​សម្តី និង​ដក​កាំភ្លើង​អា​មេ​គំរាម​បាញ់​គេ​ហើយ បន្ទាប់​មក បុរស​អះអាង​ជា​មន្ត្រី​នគរបាល និង​បក្ខពួក​ក៏​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ ។

ទោះជា​យ៉ាងណា​សារព័ត៌មាន KBN នៅ​មិន​ទាន់​ទទួល​បានការ​បំភ្លឺ​ពី​ភាគី​ខាង​បុរស​ដែល​អះអាង​ថា ខ្លួន​ជា​មន្ត្រី​នគរបាល​នោះ បាន​នៅឡើយ​ទេ ។

ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ ដែល​បានឃើញ​សកម្មភាព​របស់​បុរស​អះអាង​ខ្លួន​ជា​មន្ត្រី​នគរបាល​នេះ បាន​នាំ​គ្នា​រិះគន់ ព្រមទាំង​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​កងកម្លាំង​នគរបាល​ជាតិ មេត្តា​ស្រាវជ្រាវ​រករឿង​ហេតុ​ពិត ហើយ​ក៏​សង្ឃឹមថា នឹង​ដាក់​វិន័យ​ទៅ​លើ​បុរស​អះអាង​ជា​មន្ត្រី​នគរបាល​នេះ​តាម​វិន័យ​របស់​នគរបាល​ជាតិ ៕