ភ្នំពេញ៖ ផលិតកម្ម កងចក្ស (Kongchak Pictures) ដែលជាម្ចាស់ស្នាដៃ “Jailbreak” ខ្សែភាពយន្តខ្មែរខ្នាតធំប្រចាំឆ្នាំ 2017 បានបើកពីធីក្រុងពាលីកាលពីម្សិលមិញនេះនៅឯសាលាវេស្ទើនសាន់វ៉េដើម្បីទទួលពរជ័យក្នុងការចាប់ដំណើរការផលិតខ្សែភាពយន្តថ្មីរបស់ខ្លួន ដោយមានការចូលរួមពីសំណាក់តារាសម្តែងទាំងអស់ និង ក្រុមការងារផលិតផ្ទាល់។ ភាពយន្តថ្មីខ្នាតធំនេះ បានបង្ហើបថានឹងនិយាយអំពី ស្នេហាយុវវ័យ រ៉ូម៉ែនទិចរបស់ខ្មែរ ហើយត្រៀមបញ្ចាំងនៅក្នុងរោងភាពយន្តនាឆ្នាំ 2019 នេះឯង។

ហើយនេះគឺជាស្នាដៃដំបូងរបស់អ្នកដឹកនាំរឿងវ័យក្មេង កញ្ញា រឹទ្ធី លម្អពេជ្រ នាងក៏បានបង្ហើបបន្តិចអំពីភាពយន្តនេះថា៖ “ស្នេហាក្មេងៗ មិនមែននិយាយពីស្នេហាតែមួយមុខនោះទេ ប៉ុន្តែផ្តោតលើការយល់ឃើញអំពីសេចក្តីស្នេហាស្ថិតក្នុងវ័យក្មេង។ រឿងនេះនឹងនិយាយអំពីក្តីសង្ឃឹម សុបិន្ត និង ជីវិតរបស់ក្មេងៗ”។

ភាពយន្តថ្មីនេះនឹងចូលរួមសម្តែងដោយតារាចម្រៀងវ័យក្មេងល្បីល្បាញក្នុងពិភពសិល្បះដូចជា លោក​ ជា សុជាតិ សមាជិកក្រុមចម្រៀងក្មេងខ្មែរ ធ្លាប់បង្ហាញមុខបន្តិចដែរកាលពីក្នុងភាពយន្ត Jailbreak, លោក រ៉ុង សុភីដេវីត សមាជិកក្រុមតន្ត្រី Smallworld Smallband (ក្រុមតូច) ជាមួយនឹងតួឯកស្រីដែលនឹងសម្តែងដោយ គង់ ចាន់ស្រីដែន ជាតួអង្គឈ្មោះថា កេសរ។ ក៏មានការចូលរួមសម្តែងពីសំណាក់សមាជិកក្រុមរាំដ៏ល្បីចំនួនពីររូបមកពី ក្រុម 4NIX និង OMG​ ផងដែរ។ ស្រីដែន ដែលនឹងសម្តែងជាតួឯកស្រីលើកដំបូងក្នុងជីវិតសិល្បះរបស់នាងបានបង្ហាញចំណាប់អារម្មណ៍ខ្លះ៖ “ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ ដែលអាចចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះ។ នេះជារឿងដំបូងរបស់ខ្ញុំ ព្រោះថាខ្ញុំមិនដែលធ្លាប់បានចូលរួមសម្តែងនៅក្នុងរឿងណាមួយទ្បើយ សូម្បីតែរឿងខ្លីៗក៏មិនធ្លាប់ដែរ។ ដូច្នេះខ្ញុំគិតថានេះគឺពិតជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំ។ ម្យ៉ាងវិញទៀត ខ្ញុំសប្បាយចិត្តដែលខ្លួនឯងមានឱកាសអាចធ្វើការជាមួយនឹងផលិតករវ័យក្មេង ប៉ុន្តែពោរពេញដោយបទពិសោធន៍ដូចជាលោក Loy Te, បងលម្អពេជ្រ ក៏ដូចជាក្រុមការងាររបស់ផលិតកម្ម កងចក្ស។ “ស្នេហាក្មេងៗ” ដកស្រង់ចេញពីជីវិត​ពិតរបស់យុវវ័យនៅក្នុងទីក្រុងបច្ចុប្បន្ន ដូច្នេះខ្ញុំពិតជារំភើបក្នុងការចាប់ផ្តើមថតខ្លាំងណាស់”។

យោងទៅតាមផលិតកម្ម កងចក្ស បានបញ្ជាក់ថាភាពយន្តនេះនឹងមានភាពខុសប្លែកពីរឿង Jailbreak ដែលជាស្នាដៃមុនរបស់ខ្លួន។ ត្បិតថាមិនមានសកម្មភាពវាយតប់ ប្រើកម្លាំងបាយពិតមែន ប៉ុន្តែសកម្មភាពដ៏សំខាន់ក្នុងភាពយន្តនេះនឹងផ្តោតទៅលើស្នេហា និង ធម្មជាតិរបស់យុវវ័យដែលកំពុងកើតទ្បើងនៅក្នុងទីក្រុងភ្នំពេញសព្វថ្ងៃនេះ។ “ស្នេហាក្មេងៗ” ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់សាធារណជន និង ប្រិយមិត្តនៅលើប្រព័ន្ធសង្គម បន្ទាប់ពីធ្វើការប្រកាសកាលពីដើមសប្តាហ៍នេះរួចហើយ។

សាច់រឿងនេះនិយាយអំពី៖ កេសរ ជាក្មេងស្រីទើបតែពេញវ័យ 16 ឆ្នាំ រស់នៅជាមួយជីដូនម៉ងៗ ទន្ទឹងរង់ចាំសំបុត្រពីអ្នកម៉ាក់ជារៀងរាល់ថ្ងៃ។ នាងមានមិត្តជិតស្និទ្ធចំនួន 3 នាក់ រិទ្ធ សុភ័ក្រ និង ប៊ែលទ្បា រួមដំនើរជាមួយនាងដើម្បីសម្រេចក្តីស្រមៃក្នុងវ័យជំទង់នេះ តែអ្វីៗបានផ្លាស់ប្តូរបន្ទាប់ពីនាងបានជួប វេហា សិស្សច្បងដ៏ស្រស់សង្ហានៅក្នុងសាលា។ អ្នកទាំងពីរចាប់ផ្តើមរៀនស្គាល់ចិត្តគ្នា បើកទំព័រស្នេហាដំបូងរបស់នាង។ កេសរចាប់ផ្តើមស្គាល់ពីការថែរក្សាស្នេហា មិត្តភាព និង គ្រួសារក្នុងពេលតែមួយ។ ហើយរឿងរ៉ាវទាំងនេះក៏បានឲ្យកេសរដឹងរឿងមួយដែលនាងមិនធ្លាប់ចាប់អារម្មណ៍ពីមុនមក។ តើមិត្តភាពរបស់នាងនឹងនៅតែបន្ត ឬ ក៏នាងត្រូវតែជ្រើសរើសរវាង ស្នេហា និង មិត្តភក្តិ?

អំពីផលិតកម្ម កងចក្ស (Kongchak Pictures):

ផលិតកម្ម កងចក្ស គឺជាក្រុមហ៊ុនផ្តល់សេវាកម្មលើផលិតកម្មភាពយន្ត (មុន និង បញ្ចប់), ការរចនាក្រាហ្វិចឌីហ្សាញ សម្រាប់ភាពយន្ត និង កម្មវិធីផ្សព្វផ្សាយ។ ពួកគេគឺជាផ្នែកមួយនៃផលិតករជំនាន់ក្រោយ។ បន្ទាប់ពីទទួលបានជោគជ័យលើការផលិតភាពយន្ត និង កម្មវិធីជាច្រើនរួចហើយ ដូចជា ខ្សែភាពយន្ត Jailbreak, កម្មវិធី Funny Family ពេលនេះផលិតកម្ម កងចក្ស នឹងប្តេជ្ញាក្លាយជាផលិតកម្មដែលឈានមុខគេក្នុងវិស័យនេះក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ផលិតកម្ម កងចក្ស កំពុងតែធ្វើការផលិតនូវគម្រោងភាពយន្តមួយចំនួន ដូចជា ស្នេហាក្មេងៗ – Young Love និង គ្រោងនឹងពង្រីកវិសាលភាពនៃសេវាកម្មរបស់ខ្លួនទៅកាន់ផលិតករក្នុងស្រុកដទៃទៀត ៕


ខាងក្រោមនេះ ជាទិដ្ឋភាពក្នុងពីធីក្រុងពាលីរឿង “ស្នេហាក្មេងៗ”