កំពង់ចាម,ស្ទឹង​ត្រែង​និងក្រចេះ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​ការ​ព្យាករណ៍​ពី​កម្ពស់​ទឹក ប្រចាំ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដោយ​បញ្ជាក់​ពី​ស្ថានភាព​កម្ពស់​ទឹក នៅ​តាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​នានា រួម​មាន ស្ថានីយ​ទន្លេមេគង្គ និង​បឹង​ទន្លេសាប មក​ដល់​ពេល​នេះ តំបន់​ទំនាប​ដែល​នៅ​តាម​ដង​ទន្លេ ត្រូវ​បាន​ទឹក​លិច​ចូល​ជា​បន្តបន្ទាប់ ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ ក្រសួង​ធនធានទឹក បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​បន្ថែម​ទៀត ស្ដី​អំពី​ទឹកជំនន់​ទន្លេមេគង្គ​លើ ដែល​កំពុង​ហក់​ឡើង​ខ្លាំង ដោយសារ​មានការ​ធ្លាក់​ភ្លៀង ជា​បន្ដបន្ទាប់ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន នៅ​ក្នុង​តំបន់​អាង​ទន្លេមេគង្គ​ក្នុង​ប្រទេស​ថៃ និង​ឡាវ បាន​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ ក្នុង​ប្រទេស​កម្ពុជា បន្ដ​កើនឡើង ២-៣ ថ្ងៃ​បន្ថែម​ទៀត ។

សេចក្ដីជូនដំណឹង​បាន​បញ្ជាក់​ថា យោង​តាម​ការ​ព្យាករ កម្ពស់​ទឹកទន្លេ​មេគង្គ​លើ​កម្ពុជា អាច​កើនឡើង​ដល់ ៖

-​នៅ​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨ ទន្លេមេគង្គ​ស្ទឹង​ត្រែង ទឹក​អាច​នឹង​កើនឡើង​ដល់​កម្ពស់ ១១.៤០ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន ១០.៧០ ម៉ែត្រ​)​។

-​នៅ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៨ ទន្លេមេគង្គ​ក្រចេះ ទឹក​អាច​នឹង​កើនឡើង​ដល់​កម្ពស់ ២២.១៥ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន ២២.០០ ម៉ែត្រ​)​។

-​នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៨ ទន្លេមេគង្គ​កំពង់ចាម ទឹក​អាច​នឹង​កើនឡើង​ដល់​កម្ពស់ ១៥.២៥ ម៉ែត្រ (​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន ១៥.២០ ម៉ែត្រ​)​។

ចំណែកឯ រដ្ឋបាល​ខេត្តក្រចេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ឡើង​ជិត​ដល់​ចំណុច​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ និង​កងកម្លាំង​ទាំង​៣​ប្រភេទ​ត្រៀម​ប្រចាំការ ដើ​ម្បី​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ និង​សត្វពាហនៈ​រក​ទីទួល​សុ​វត្តិភាព ។

ការ​អំពាវនាវ​របស់​អាជ្ញាធរ​ខេត្ត ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថានភាព​ទឹកទន្លេ​មេគង្គ​ក្រចេះ​ហក់​ឡើង​ជិត​ដល់​ចំណុច​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ គឺ​២២​ម៉ែត្រ ។

ជាក់ស្ដែង​កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​ស្ថានីយ៍​ជល​សាស្ត្រ និង​ឧតុនិយម​ខេត្តក្រចេះ ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ទឹកទន្លេ​មាន​កម្ពស់​២១.៥១​ម៉ែត្រ ប្រៀបធៀប​ទៅ​នឹង​ម្សិលមិញ​ទឹក​កើន​ឡើ​ង​០.២០​ម៉ែត្រ

ជាមួយ​គ្នា​នេះ ក្រសួង​ធនធានទឹក អំពាវនាវ​ឲ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន មេត្ដា​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជ្រៀស​វាង​នូវ​គ្រោះ​ថា្ន​ក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​៕