ភ្នំពេញ៖ ស្របពេលជាមួយកំណើនប្រជាជនក្រុងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញថា ចរាចរណ៍ក៏កាន់តែកកស្ទះណែនណាន់តាន់តាប់ ដែលជាធ្វើឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពលំបាក សូម្បីតែចេញដំណើរទៅកាន់ទីជិតៗលំនៅឋានរបស់ខ្លួន ក៏ត្រូវការមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ដែលអាចនឹងយូរការក៏ថាបាន ហើយណាមួយទៀត សម្រាប់ការប្រាស្រ័យទៅលើម៉ូតូឌុប តាក់ស៊ី និងកង់បី ក៏ត្រូវការចំណាយពេលរង់ចាំហៅ ដែលធ្វើឱ្យបងប្អូនខ្លះមានភាពធុញទ្រាំ នឹងចំណាយប្រាក់ខ្ពស់តាមតែការទាមទាររបស់អ្នករត់កង់បី ។

ដោយសារតែបច្ចេកវិទ្យាមានភាពរីកចំរើន ម្យ៉ាងវិញទៀតប្រជាជនភាគច្រើនមានលទ្ធភាពប្រើនូវស្មាតហ្វូនសឹងគ្រប់ៗគ្នា រួមផ្សំជាមួយនឹងតំរូវការនឹងភាពងាយស្រួលដល់អ្នកតំណើរនានា យើងសង្កេតឃើញថា បច្ចុប្បន្នមានក្រុមហ៊ុនតាក់ស៊ី និងកង់បី ជាច្រើកកំពុងតែប្រកួតប្រជែងទៅលើសេវាកម្មដឹកអ្នកតំណើរ ដោយប្រើតាមបច្ចេកវិទ្យាថ្មី ជាមួយកម្មវិធីទូស័ព្ទដៃងាយស្រួល នឹងមានភាពច្បាស់លាស់សំរាប់ការទាក់ទង ដោយឈរលើសេវាកម្មនឹងតំលៃនៃការដឹកជញ្ជូន។ ជាមួយគ្នានេះ សូម្បីតែការទូទាត់សាច់ប្រាក់ ក៏អនុញ្ញាតឱ្យអតិថិជនមើលឃើញដោយផ្ទាល់តាមរយៈគណនីនៃកម្មវិធីក្នុងទូរស័ព្ទរបស់ខ្លួនផងដែរ ។

ទន្ទឹមគ្នានេះដែរ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនថ្មីមួយទៀតមានឈ្មោះថា Taxi City App Express បានសម្ពោធដាក់អោយតំណើរការលើសេវាដឹកជញ្ជូនតាមរយះប្រពន្ធ័ទូរសព្ទ័ដៃដែលមានភាពសុក្រឹត្យ នឹងផ្តល់នូវសុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួន។ ការបង្ហាញនូវវត្ថមានរបស់ City App បានចូលរួមសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញអោយកាន់តែមានភាពល្អប្រសើរដោយឈរលើគោលការណ៏សុវត្ថិភាពនៃការបើកបរជាចំបង។

លោក ប៉ិច សូលី អគ្គនាយកក្រុមហ៊ុន Taxi City App Express បានមានប្រសាសន៍យ៉ាងដូច្នេះថា សម្រាប់ការបង្ហាញខ្លួនរបស់ CityApp Express ដែលជាកម្មវិធីនៅលើស្មាតហ្វូន ទាំងប្រព័ន្ធប្រតិបត្តិការ Android និង IOS នេះ គឺ Taxi City App Express គឺចង់សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយពុំចាំបាច់ពិបាកក្នុងការហៅតាក់ស៊ី ឬម៉ូតូបង់បីឡើយ ដោយគ្រាន់តែ Downlaod កម្មវិធី CityApp ចូលក្នុងទូរស័ព្ទរបស់លោកអ្នក លោកអ្នកអាចប្រើប្រាស់ហៅបានដោយសេរី ដោយពុំបាច់រង់ចាំយូរ ជាមួយតម្លៃត្រឹមតែ ១,២០០រៀលប៉ុណ្ណោះក្នុង១គីឡូម៉ែត្រ ។

ជាមួយគ្នានេះដែរ អ្វីដែលកាន់តែពិសេសជាងគេសម្រាប់ CityApp Express គឺម្ចាស់កង់បី រឺអ្នកបើកបរ ក៏ដូចជាម្ចាស់រថយន្ត ដែលចុះឈ្មោះជាសមាជិក CityApp Express ពុំចាំបាច់មានប្រាក់តម្កល់មុនឡើយ ដោយគាត់អាចធ្វើការទូទាត់ក្រោយពេលដែលបានទទួលប្រាក់ពីការប្រើសេវាកម្មរបស់អតិថិជន ទើបមកទូទាត់ជាក្រោយ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ CityApp Express មានសមាជិក (កង់បីសម្រាប់ដឹកអតិថិជន) ចំនួន ៨០០គ្រឿងហើយ ហើយនឹងបន្តថែមទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល ៕
សហការី KBN