ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មការមូលបត្រកម្ពុជា មានប្រសាសន៍ថា គណៈកម្មការមូលបត្រកម្ពុជា ក្រោមការដឹកនាំដោយទេសរដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុបាន​ចា​ប់ផ្តើមសិក្សាស្រាវជ្រាវ ពីលទ្ធភាពបង្កើតផ្សារមូលបត្រងនាគតនៅកម្ពុជា ដើម្បីចូលរួមជំរុញ និងគំាទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា មានប្រសាសន៍ក្នុងពិធីចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន ក្រុមហ៊ុនហ្គោលដែន ហ្វ័រឈូន (ខេមបូឌា) ស៊ីឃ្យួរឹធី ភីអិលស៊ី កាលពីថ្ងៃទី ២០ ខែកក្កដា ថា៖«ដើម្បីចូលរួមជំរុញកំណើនវិស័យគន្លឹះទ្រទ្រង់កំណើនសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍវិស័យមូលបត្រ គណៈកម្មការមូលបត្រកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាននៃគណៈកម្មការមូលបត្រកម្ពុជា ក៏បានចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវ ពីលទ្ធភាពនៃការបង្កើតទីផ្សារមូលបត្រអនាគតនៅកម្ពុជា»។

លោកបន្តថា៖«ទន្ទឹមនិងការសម្លឹងឃើញរបស់គណៈកម្មការមូលបត្រកម្ពុជា ខ្ញុំសូមសំដែងនូវការកោតសរសើចំពោះក្រុមហ៊ុនហ្គោលដែន ហ្វ័រឈូន (ខេមបូឌា) ស៊ីឃ្យួរឹធី ភីអិលស៊ី ដែលបានចូលរួមគាំទ្រគណៈកម្មការមូលបត្រកម្ពុជា ក្នុងការសិក្សាស្រាវជ្រាវដើម្បីអភិវឌ្ឍទីផ្សារនេះឱ្យលេចចេញជារូបរាងឡើងនាពេលខាងមុខ»។

លោក អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាលើកឡើងដូច្នេះថា វត្តមានរបស់ទីផ្សារមូលបត្រអនាគត ពិតជាមានភាពចាំបាច់ណាស់សម្រាប់ប្រជាកសិករកម្ពុជា រាជរដ្ឋា​ភិបាល​កម្ពុជា និងសេដ្ឋកិច្ចកម្ពុជាទាំងមូល ដូចជាផ្តល់ជាច្រកមួយសម្រាប់ប្រជាកសិករកម្ពុជាផ្សារភ្ជាប់ទៅនឹងទីផ្សារ ដែលអាចទទួលបាននូវព័ត៌មានពិតអំពីទីផ្សារ រួមមានតម្រូវការ និងយន្តការនៃការកំណត់ថ្លៃផលិតផលកសិកម្ម ប្រជាកសិករកម្ពុជានឹងក្លាយជាអ្នកកំណត់ថ្លៃផលិតផល ដែលពួកគាត់អាចដឹងអំពីតម្រូវការនៃគុណភាព និងស្តង់ដារ​នៃផលិត​ផលនៅក្នុងទីផ្សារ ដែលការណ៍នេះក៏នឹងជួយជំរុញនូវគុណភាពផលិតផលរបស់កម្ពុជាផងដែរ កាត់បន្ថយនូវថ្លៃប្រតិបត្តិការដែលរួមមានថ្លៃអន្តរការីជាដើម និងកាត់​បន្ថយ​នូវហានិភ័យនៃការធ្លាក់ថ្លៃនាពេលអនាគត តាមរយៈការចរចារ និងចុះកិច្ចសន្យាកំណត់ថ្លៃអនាគត ដែលទាំងនេះ នឹងជំរុញឱ្យមានប្រសិទ្ធភាពទីផ្សារ និងអាចលើក​កម្ពស់​កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

វត្តមាននៃទីផ្សារនេះ នឹងជួយទាក់ទាញនូវវិនិយោគិនបរទេស ភ្ជាប់ទីផ្សារកម្ពុជាទៅនឹងទីផ្សារពិភពលោក ដែលនឹងជួយឱ្យមានភាពប្រសើរឡើងក្នុវផ្នែកសមតុល្យពាណិជ្ជ-កម្មកម្ពុជា លើកកម្ពស់នូវវិស័យឧស្សាហកសិកម្មដែលអាចជំរុញបង្កើននូវផលិតផល និងផលិតកម្មក្នុងការផលិតក្នុងស្រុក និងសម្រាប់នាំចេញ ដែលទាំងនេះក៏នឹងជួយ​ដល់ការកាត់បន្ថយ​អត្រានិកម្មភាពនៅកម្ពុជាផងដែរ៕