ប្រទេសរុស្ស៊ី៖ គិតចាប់តាំងពីមានការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក នាឆ្នាំ១៩៣៤មក នៅពេលនេះ ប្រទេសមហាអំណាចអាវុធនុយក្លុយអ៊ែរមួយនេះ(រុស្ស៊ី) បានទទួលធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ នៅក្នុងការប្រកួតកីឡាបាល់ទាត់ពិភពលោក ហើយនៅថ្ងៃបើកឆាក នៃការប្រកួតពានរង្វាន់នេះ ក្រុមកីឡាករម្ចាស់បានស្វាគមន៍ភ្ញៀវ(ក្រុមកីឡាករជម្រើសជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីត) យ៉ាងចាស់ដៃ ក្នុងលទ្ធផល៥ទល់នឹង០។
នៅក្នុងការប្រកួត រវាងក្រុមជម្រើសជាតិរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត (Saudi Arabia) នេះ គឺក្រុមម្ចាស់ផ្ទះមានរហស្សនាម ខ្លាឃ្មុំទឹក ស្លៀកសម្លៀកបំពាក់ពណ៌សលាយក្រហម និងក្រុមភ្ញៀវស្លៀក ឯសណ្ឋានពណ៌ខៀវ។ នៅពេលចាប់ផ្ដើមបើកឆាក នៃការប្រកួត នានាទីដំបូង ក្រុមជម្រើសជាតិទាំង២នេះបានសង្គ្រប់គ្នាទៅវិញទៅមក ដែលធ្វើឲ្យអ្នកទស្សនា ទាំងនៅក្នុងពុហកីឡដ្ឋាន Luzhniki នៃប្រទេសរុស្ស៊ីផ្ទាល់ និងអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ ក៏ដូចជាអ្នកទស្សនាតាមការផ្សារបន្តផ្ទាល់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការជក់ចិត្តយ៉ាងខ្លាំង។
ក្រុមជម្រើសជាតិបាល់ទាត់ទាំង២នេះ បានវាយបកគ្នាទៅវិញទៅមក អស់រយៈពេល១២នាទី ធ្វើឲ្យក្រុមខ្លាឃ្មុំទឹកកក មានឱកាសស៊ុតបំបោងសំណាញ់ខាងអារ៉ាប៊ីសាអូឌីត ដែលរកគ្រាប់បាន ដោយកីឡាករ Yuri Gazinsky វ័យ២៨ឆ្នាំ និងគ្រាប់ទី២រកបាន ដោយកីឡាករ Denis Cheryshev ។
ចូលមកដល់តង់ទី២ រកគ្រាប់បាល់ទី៣បាន ដោយកីឡាករ Artem Dzyuba នៅនាទី៧១ គ្រាប់បាល់ទី៤រកបាន ដោយកីឡាករ Aleksandr Golovin នៅនាទី៨៨ និងគ្រាប់ទី៥ រកបានដោយកីឡាករ Aleksandr Golovin នៅនាទី៩០។ នៅពេលបញ្ចប់ នៃការប្រកួត នាថ្ងៃបើកឆាកនេះ ក្រុមខ្លាឃ្មុំទឹកកក (ម្ចាស់ផ្ទះ)បានឈ្នះអារ៉ាប៊ីសាអូឌី ក្នុងលទ្ធផល៥ទល់នឹង០៕