កាលពីព្រឹកម្សិលមិញ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកកូនឈើ ប្រមាណជាង១៤០០ដើមមកដាំ អមសងខាងផ្លូវបេតុង៧០B ប្រវែង៧០០០ម៉ែត្រ ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលផ្លូវនេះសរុប មានប្រវែង១៦គីឡូម៉ែត្រ ជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់ប្រជាពលរដ្ឋក្រោមការ ឧបត្ថម្ភរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប។​

ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តម ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាល ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្នុងគោលដៅ រក្សារការពារព្រៃឈើ និងបរិស្ថានរុក្ខទិវាត្រូវបានកំណត់ ដោយព្រះរាជក្រឹត្យ លេខ ៧៣៨ សន ថ្ងៃទី៨ ​ខែសីហា នៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនា ដាំដើមឈើឡើងវិញ ហើយអង្គការសហប្រជាជាតិ បានបង្កើតទិវាបរិស្ថានពិភពលោក ក្នុងឆ្នាំ១៩៧២ ក្នុងការបំផុលគំនិតប្រជាពលរដ្ឋ ឲ្យស្រលាញ់បរិស្ថានរបស់យើង។ នាពេលបច្ចុប្បន្ននេះផងដែរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាក៏បានកំណត់យកថ្ងៃ ៥មិថុនានេះ ជាទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ដើម្បីបន្តការថែរក្សាព្រៃឈើ ដែលជាប្រយោជន៍សង្គមដ៏សំខាន់។

លោកបានមានប្រសាស៍ថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលតែងតែចូលរួមរក្សាបរិស្ថាន និងតែងតែចូលរួមសកម្មភាពសង្គម ដូចជាការសាងសង់ផ្លូវ ព្រះវិហារ និង សាលារៀន នាស្រុកសន្ធរ ខេត្តកំពង់ចាមនេះតែម្តង។ រួមទាំងបុគ្គលិករបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប​ ដែលបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីដាំដើម ឈើនេះផងដែរ។

តំណាងឲ្យក្រុមហ៊ុន ប៉េង​ ហួត គ្រុប លោក អ៊ុក វីឡា នាយកផ្នែកធនធានមនុស្ស បានមានប្រសាស៍ថា ជារៀងរាល់ឆ្នាំថ្ងៃទី៥ ខែមិថុនា ប្រទេសនានាជាង១៤០ប្រទេស ទូទាំងពិភពលោកនាំគ្នាប្រារព្ធ ទិវាបរិស្ថាន ពិភពលោកដែលទិវានេះ ជំរុញឲ្យមានការយល់ដឹងពីបញ្ហាបរិស្ថាននានា ដូចជាបញ្ហាបំពុលក្នុងសមុទ្រ បម្រែប ម្រួលអាកាសធាតុ ការថយចុះនៃព្រៃឈើ និងបង្វែរចំណាប់អារម្មណ៍ ឲ្យយើងគ្រប់គ្នាចូលរួមសកម្មភាពថែរក្សា និងការពារបរិស្ថានឲ្យមាននិរន្តរភាពសំរាប់យើងទាំងអស់គ្នានិងកូនចៅជំនាន់ក្រោយ។ ស្របជាមួយការផ្ដួចផ្តើមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំផែនការយុទ្ធសាស្ត្របរិស្ថាន ដើម្បីធានា ឲ្យបាននូវការអភិវឌ្ឍមួយដែលប្រកបដោយនិរន្តរភាព។

គួររំលឹកផងដែរថា ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាការពារបរិស្ថាន ជាពិសេសបរិស្ថានក្នុងគម្រោងបុរីដោយបានដាំដើមឈើជាច្រើនប្រភេទមានសួនព្រមទាំងលំហបៃតងធំៗជាច្រើនដែលផ្តលភាពស្រស់​ស្រាយ និងបរិយាកាសរស់នៅល្អ ដល់ប្រជាជនក្នុងគម្រោង និង បានចូលរួម លើកកម្ពស់ ទីក្រុងស្អាត។

ក្នុងនោះ លោក អ៊ុក វីឡា ក៏បានមានប្រសាស៍លើកឡើងពីប្រសាស៍ផ្ទាល់របស់ស្ថាបនិកក្រុមហ៊ុន ប៉េង​ ហួត គ្រុប ដែលបានចាប់កំណើតនិងធំធាត់នៅក្នុងទឹកដីស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនេះថា «ផឹកទឹកនឹកដល់ប្រភព បើបានជ្រកម្លប់សូមនឹកដល់អ្នកដាំ» ដែលជាប្រយោគតែងដក់ជាប់ក្នុងគំនិតរបស់លោក។ លោកបានបន្តទៀតថា ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរីកចំរើន រហូតដល់សព្វថ្ងៃក្រុមហ៊ុន តែងជានិច្ចកាលចែករំលែក និងចូលរួមអភិវឌ្ឍសង្គមតាមរយៈសកម្មភាពមនុស្សធម៏ផ្សេងៗ ដូចជាជាក់ស្ដែងគឺ ការកសាងព្រះវិហារ សាលារៀន និងផ្លូវថ្នល់នេះតែម្ដង។

ស្ថិតក្នុងឱកាសនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានឧបត្ថមជាសម្ភារៈ សិក្សា ដល់សាលាចំនួន៤ក្នុងស្រុក ស្រីសន្ធរ ដែលរាល់សកម្មភាពទាំងអស់របស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានឆ្លុះបញ្ជាំងនូវឆន្ទៈគិតគូរដល់ ប្រយោជន៍សង្គមទាំងមូល ដោយការចែករំលែកនូវថវិកា និងសកម្មភាពមនុស្សធម៌ ក្នុងគោលបំណងរួមចំណែក ជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម និងថែរក្សាបរិស្ថានធម្មជាតិដ៏ស្រស់ស្អាតរបស់យើង។

ជាចុងក្រោយលោក បានមានប្រសាស៍ថ្លែងអំណរគុណដល់ ឯកឧត្តម ហេង វណ្ណនី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម លោក ស៊ីម គង់​ អភិបាលនៃគណៈអភិបាលស្រុក លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សសាលា និង បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួម ក្នុងកម្មវិធីដាំដើមឈើនេះ និងសូមជូនពរ អ្នកទាំងអស់គ្នាឲ្យទទួលបានពុទ្ធិពរទាំង៤ប្រការគឺ អាយុ វណ្ណៈ​ សុខៈ ពលៈ។