បរទេស៖ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេក បាននិយាយ នៅក្នុងជំនួបមួយជាមួយប្រធានាធិបតីកូរ៉េខាងត្បូងថា កិច្ចចរចារវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ប្រហែលជាអាច ឬមិនអាចកើតឡើង ដូចអ្វីដែលបានគ្រោងទុក ពីព្រោះវាអាស្រ័យទៅលើសកម្មភាពរបស់លោកគីម នាថ្ងៃខាងមុខ។
លោកប្រធានាធិបតី Donald Trump និងប្រធានាធិបតីកូរ៉េខាងត្បូង Moon បានជួបប្រជុំគ្នា នៅសេតវិមាន កាលពីថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញ ដោយបានពិភាក្សាគ្នា អំពីកិច្ចប្រជុំកំពូល រវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង ដែលនឹងគ្រោងធ្វើឡើង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងប្រទេសសិង្ហបុរី នាពេលខាងមុខនេះ។ ទោះជាយ៉ាងណា ប្រមុខរដ្ឋទាំង២នៅតែមានសុទិដ្ឋិនិយម អំពីកិច្ចប្រជុំនោះ ថ្វីបើលោក Trump បាននិយាយថា លោកមិនសប្បាយចិត្ត អំពីការផ្លាស់ប្តូរឥរិយាបថយ៉ាងឆាប់រហ័សរបស់កូរ៉េខាងជើង នាពេលថ្មីៗនេះ យ៉ាងណាក៏ដោយ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា លោក Donald Trump បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារ ម្សិលមិញថាលោកបាននិយាយពីទីក្រុងព្យុងយ៉ាងដែលបានផ្លាស់ប្តូរឥរិយាបថ បន្ទាប់ពីជំនួបលើកទីពីររបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង។ គីម ជុងអ៊ុន បានហៅលោកស៊ី ជីនភីង ថា ជា “អ្នកលេងបៀលំដាប់ថ្នាក់ពិភពលោក”។ ក្នុងន័យនេះ មេដឹកនាំកូរ៉េខាងជើង ចង់និយាយថា គាត់មានការប្តេជ្ញាចិត្ត ដើម្បីសន្តិភាព នៅក្នុងឧបទ្វីបកូរ៉េ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា ប្រសិនបើជំនួបកំពូល រវាងប្រធានាធិបតីសហរដ្ឋអាមេរិ និងមេដឹកនាំកូរ៉េខាងជើងមិនអាចកើតឡើងនាពេលនេះទេ ប្រហែលជាវានឹងកើតឡើង នៅថ្ងៃក្រោយ។ នៅពេលគេសួរថា តើលោកចង់ដកអាវុធនុយក្លេអ៊ែរ នៅពេលណា ឬទាំងអស់ក្នុងពេលតែមួយនោះ លោក Trump បានមានប្រសាសន៍ថា “បើដកទាំងអស់គ្នា វារឹតតែល្អ” ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបន្តថា ប្រសិនបើមេដឹកនាំកូរ៉េខាងត្បូង ចិន និងជប៉ុន និយាយថា ពួកគេនឹងវិនិយោគទឹកប្រាក់យ៉ាងច្រើន ដើម្បីជួយធ្វើឱ្យកូរ៉េខាងជើងអស្ចារ្យនោះ វានឹងដំណើរការបានទាំងស្រុង ហើយខ្ញុំក៏មិនអាចប្រាប់អ្នកពីរបៀប ឬមូលហេតុទាំងនោះទេ ប៉ុន្តែវាអាចនឹងកើតឡើង។
លោក Moon បាននិយាយថា លោក Trump អាចទទួលបាននូវ “ការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងខ្លាំង” នៅក្នុងទំនាក់ទំនងជាមួយកូរ៉េខាងជើង។ លោកមានទំនុកចិត្តថា លោក Trump នឹងអាចធ្វើឱ្យកិច្ចប្រជុំកំពូល នាពេលខាងមុខ ទទួលបានជោគជ័យ ហើយគាត់បាននិយាយថា “វានឹងបញ្ចប់សង្គ្រាម នៅលើឧបទ្វីបកូរ៉េនេះ»។
នៅពេលអ្នកសារព័ត៌មានសួរអំពីចក្ខុវិស័យរបស់ប្រធានាធិបតីអាមេរិកសម្រាប់ឧបទ្វីបកូរ៉េនោះ លោក Trump បាននិយាយថា លោកត្រូវតែ “សម្លឹងមើលពីកូរ៉េទាំងពីរ ដែលទទួលបានជោគជ័យយ៉ាងខ្លាំង” តែដំបូងយើងត្រូវមើល ថាតើការបង្រួបបង្រួមគ្នាបានដែរឬទេ៕