ភ្នំពេញ៖ លោក វ៉ាស៊ឹម សុរិយា មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី៣ ខែមេសានេះថា ផ្លូវរថភ្លើង ពីក្រុងប៉ោយប៉ែត-សិរីសោភ័ណ ក្រសួងនឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ដូចការគ្រោងទុក តាមអ្វីដែលលោករដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់លើកឡើង។
មន្ត្រីអ្នកនាំពាក្យដដែល បានបន្តថា ពិធីដាក់ឱ្យដំណើរការផ្លូវរថភ្លើងចម្ងាយ៤៨គីឡូម៉ែត្រនេះ គឺធ្វើឡើងក្រោមអធិបតីភាពរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ហើយអនុញ្ញាតឱ្យប្រជាពលរដ្ឋឡើងជិះរថភ្លើង ដើម្បីបង្ហាញឱ្យឃើញពីការដាក់ឱ្យដំណើរការជាផ្លូវការ នៃផ្លូវរថភ្លើងនេះ។
មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា គម្រោងផ្លូវរថភ្លើងចម្ងាយ៤៨គីឡូម៉ែត្រពីប៉ោយប៉ែតទៅសិរីសោភ័ណនេះ កន្លងមកស្ថិតនៅក្នុងគម្រោងចំណាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តែ ADB អស់ថវិកាទៅ នៅសល់៦,៥គីឡូម៉ែត្រមិនហើយ ទើបយើងយកថវិកាជាតិ ប្រមាណ៦,៥លានដុល្លារមកកសាងបញ្ចប់គម្រោងនេះតែម្ដងទៅ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួង បានឱ្យដឹង ការដាក់ឲ្យប្រើប្រាស់ផ្លូវរថភ្លើងនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថភ្លើង ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៤ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។ ផ្លូវដែកពីសិរីសោភ័ណទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នេះ មានប្រវែងសរុប៤៨គីឡូម៉ែត្រ ដោយឆ្លងកាត់ស្ថានីយចំនួន៦ រួមមាន ស្ថានីយប៉ោយប៉ែត ស្ថានីយកូប ស្ថានីយសូភី ស្ថានីយសាលាសំរោង ស្ថានីយទឹកថ្លា និងស្ថានីយសិរីសោភ័ណ។
ដោយឡែក លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃក្រុមហ៊ុន Emerging Marketing Consulting បានមានប្រសាសន៍៖ «នៅពេលផ្លូវដែកខាងលើដាក់ឱ្យដំណើរការ ទាក់ទងនឹងងការធ្វើពាណិជ្ជកម្ម រវាងកម្ពុជា-ថៃ នៅក្នុងរយៈពេលខ្លី និងមធ្យម គឺវានឹងផ្តល់ឱកាសដល់ប្រទេសថៃច្រើន ពីព្រោះកម្ពុជាយើងមិនសូវមានផលិតផលសម្រេច ដឹកជញ្ជូនទៅប្រទេសថៃច្រើននោះទេ គឺមានតែស្រូវអង្ករតែប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងរយៈពេលវែងជាចំណុចល្អ ហើយវាអាចទាក់ទាញភ្ញៀវទេសចរបរទេស មកពីថៃឱ្យចូលមកទស្សនានៅក្នុងប្រទេសកម្ពុជាបានមួយចំនួនផងដែរ»៕