ភ្នំពេញ៖ គូស្នេហ៍វ័យក្មេងមួយគូជិតដល់ថ្ងៃភ្ជាប់ពាក្យ បានដឹកគ្នាដើរលេង ហើយឃើញនារីបរទេសម្នាក់កំពុងកាន់ទូរស័ព្ទ ក៏រពឹសដៃឆក់បានសម្រេច តែរត់មិនរួច ក៏ត្រូវអាវុធហត្ថខណ្ឌដេញរមាស់ដៃជើងដេញ តាំងពីផ្លូវលេខ៥១កែងនឹងផ្លូវលេខ២២២ រហូតដល់ផ្លូវ៣៦០ កែងនឹងផ្លូវលេខ៦៣ ទើបចាប់វាយខ្នោះបាន កាលពីវេលាម៉ោង១យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។
មន្រ្ដីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា គូស្នេហ៍ដែលជាប់ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទរបស់ជនបរទេសនោះ ទី១-ឈ្មោះប៊ុន សុវណ្ណរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើករថយន្តទឹកសុទ្ធ (ជាអ្នកបើកម៉ូតូ និងជនដៃដល់) បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៨ ផ្លូវលំ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ និងទី២-ឈ្មោះ សុធា នេត្រា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរលក់ដូរ (អ្នកជិះពីក្រោយ) បច្ចុប្បន្នស្នាក់នៅផ្ទះជួល ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនជាតិដាណឺម៉ាក ចំនួន៣នាក់(ប្រុសម្នាក់) ទើបនឹងចេញពីក្លឹបកម្យាន្ត 2nd ហើយដើរតាមបណ្តោយផ្លូវលេខ៥១ ដើម្បីបម្រុងទៅក្លឹបកម្សាន្តមួយផ្សេងទៀត។ ស្របពេលនោះ នារីបរទេសម្នាក់ ក្នុងចំណោម៣នាក់ បានដើរបណ្តើរ កាន់ទូរស័ព្ទចុចលេងបណ្តើរ ដើម្បីមើលទិសដៅ តាមប្រព័ន្ធ GPS ។ លុះពេលពួកគេដើរមកដល់ចំណុចផ្លូវលេខ៥១កែងនឹងលេខ២២២ ស្រាប់តែលេចមុខយុវជនខាងលើបានបើកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-3648 ដឹកសង្សាររបស់គេមកដល់ ហើយមកអែបជិតនារីបរទេសដែលកំពុងកាន់ទូរស័ព្ទនោះ។ ឃើញបែបនេះ ជនសង្ស័យជាអ្នកបើកម៉ូតូ បានឆក់យកទូរស័ព្ទពីនារីរងគ្រោះបានសម្រេច ហើយព្យាយាមបន្ថែមល្បឿន បើកម៉ូតូរត់គេចខ្លួន ទើបនារីរងគ្រោះបានស្រែកឆោឡោឡើង។
ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ពីឮសម្រែកឆោឡោបែបនេះ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ ដែលកំពុងល្បាត ក៏បានដេញតាមពីក្រោយ តាំងពីផ្លូវលេខ៥១កែងនឹងផ្លូវលេខ២២២ រហូតដល់ផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ៦៣ ទើបឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ និងឆែកឆេររកឃើញទូរស័ព្ទដៃរបស់នារីរងគ្រោះ នៅក្នុងកាបូបរបស់នារីជាសង្សាររបស់ជនសង័្សយ។ នៅពេលឃើញមានភស្ដុតាងបែបនេះ សមត្ថកិច្ចបានសម្រេចខ្លួន នាំមកមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីសាកសួរ។
មន្រ្ដីអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា បន្ទាប់ពីនាំខ្លួនទៅដល់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ជនសង័្សយ ឈ្មោះប៊ុន សុវណ្ណរ៉ា បានសារភាពថា រូបគេពិតជាបានឆក់ទូរស័ព្ទដៃពីនារីរងគ្រោះប្រាកដមែន។ ប៉ុន្តែសកម្មភាពនេះ គឺរូបគេធ្វើតែម្នាក់ឯងទេ ចំណែកសង្សាររបស់ខ្លួនដែលរួមដំណើរជាមួយ មិនជាប់ពាក់ព័ន្ធនឹងរឿងនេះឡើយ ហើយពួកគេនឹងត្រូវភ្ជាប់ពាក្យជាមួយគ្នា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះទៀតផង៕
https://2.bp.blogspot.com/-hMlefgp35xo/WrR5Y2lJV9I/AAAAAAAALGA/skOkFXXV2LUhHjQa5rFVF3tg0ynW4K1awCLcBGAs/s1600/f20c7943-687d-4499-96cc-0c28b9c7c3cb.jpg