ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរាជធានីភ្នំពេញ បានបង្ក្រាបក្រុមចោរឆក់កាបូប៦នាក់ ឃាត់ខ្លួនបានតែម្នាក់ ចំនែកបក្ខពួករត់គេចខ្លួនអស់ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ២២៨ កែងនឹងផ្លូវលេខ៥១ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
ជនសង្ស័យមានឈ្មោះ ធូ តីមនិត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិជ្រោយអំពិល ឃុំជ្រោយអំពិល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ នៅ រតនា ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេខ៥៧ផ្លូវ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមន មានស្រុកកំណើតនៅភូមិកំពង់លាវ ស្រុកព្រៃវែង ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីកម្លាំងព្រហ្មទណ្ឌកំរិតស្រាលបានឱ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះល្បាតនៅតាមបណ្តោយផ្លូវ៣១០កែងផ្លូវ១៦៣ សង្កាត់អូរឡាំពិក ខណ្ឌចំការមន ក៏បានប្រទះឃើញជនសង្ស័យមានគ្នា ៦នាក់ជិះម៉ូតូ ៣គ្រឿង ម៉ាកស៊ុយសុគីនិចមិនចាំស្លាកលេខ និង២គ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៨ មិនចាំស្លាកលេខ ដែលម៉ូតូហុងដាឌ្រីម ស៊េរី២០១៨ ជាអ្នកធ្វើសកម្មភាព ឆក់កាបូបស្ត្រីម្នាក់ ដែលទើបតែចេញមកពីស៊ីការគេ នៅវិមានចរណៃ បានជិះរ៉ឺម៉កម៉ូតូទៅផ្ទះនៅក្បែរនឹងសាលាទួនហ្វា ។
ស្រាប់តែជនសង្ស័យឆក់កាបូបពីលើម៉ូតូកង់បីបានសម្រេច ហើយជិះរត់គេចខ្លួន សំណាងល្អមានកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញប្រទះឃើញ កំពុងតែឆក់ក៏ដេញតាមចាប់ប្រផាប់ប្រផីង ទៅដល់ផ្លូវ២២៨កែងផ្លូវ៥១ចំណុចកើតហេតុ ខាងលើក៏ឃាត់បានម្នាក់ រីឯបក្ខពួកផ្សេងទៀតរត់គេចខ្លួនបាត់ស្រមោល ។
បើតាមសម្ដីរបស់ជនរងគ្រោះបានរៀបរាប់ឱ្យដឹងថា នៅក្នុងកាបូបរបស់គាត់មានលុយចំនួនសរុបទាំងអស់ ២០០០ដុល្លារ ទូរស័ព្ទដៃ២គ្រឿងមួយគ្រឿងម៉ាកសាំងសុង និងមួយគ្រឿងទៀតម៉ាក iPhone 7 ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូឡាំពិក ចំនែកឯជនសង្ស័យវិញ ត្រូវបានសមត្ថកិច្ចបញ្ចូន់ខ្លួនទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដើម្បីសួរនាំស្រាវជ្រាវរកបក្សពួកជាបន្តទៅទៀត ៕