ខេត្តកំពត៖ សិស្សានុសិស្ស នៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែនដងទង់ កំពុងអង្គុយរៀនសុខៗ ស្រាប់តែដួលសន្លប់ស្ដឹងជាបន្តបន្ទាប់ចំនួន១៤នាក់ បង្កឲ្យភ្ញាក់ផ្អើល និងដឹកបញ្ជូនទៅសង្គ្រោះ នៅព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ
លោកវរសេនីយទោ ហ៊ីង ឈុំ អធិការនគរបាលស្រុកដងទង់ បានឲ្យដឹងថា នៅក្នុងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែនដងទង់នេះ ពិតជាមានសិស្សសាលា ដួលសន្លប់បន្តបន្ទាប់មែន ហើយលោកគ្រូអ្នកគ្រូបានក៏ទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកដឹកសិស្សទាំងនោះ បញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ។ រីឯសិស្សរងគ្រោះខ្លះទៀត ត្រូវគេដឹកតាមម៉ូតូ បញ្ជូនទៅកាន់មណ្ឌលសុខភាព និងសិស្សខ្លះទៀត ក៏ត្រូវអាណាព្យាបាល មកទទួលនាំទៅដាក់សេរ៉ូម នៅតាមផ្ទះ ហើយរហូតមកដល់ពេលនេះ ពួកគេក៏បានជាសះស្បើយឡើងវិញខ្លះៗហើយ។
លោកអធិការនគរបាលស្រុកដងទង់ បានបន្តថា ចាប់តាំងពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺរយៈពេលពីរថ្ងៃនេះ មានសិស្សសន្លប់ និងវិលមុខសរុបចំនួន១៤នាក់។ ក្នុងចំណោមសិស្សទាំង១៤នាក់នោះ គឺនៅរសៀលថ្ងៃទី២១នេះ ក្រោយពីគ្រូពេទ្យ នៃមណ្ឌលសុខភាព បានដាក់សេរ៉ូមឲ្យរួច គឺពួកគេបានធូរស្រាលចំនួន១០នាក់ ហើយត្រូវបានអាព្យាបាលនាំទៅផ្ទះវិញ គឺនៅសល់តែសិស្សចំនួន៤នាក់ទៀត ត្រូវក្រុមគ្រូពេទ្យកំពុងសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកឈូក។
លោកអធិការនគរបាលស្រុកដងទង់ បានបន្តថា ជុំវិញករណីសិស្សដួលសន្លប់នោះ គឺនៅពេលនេះ ទាំងសមត្ថកិច្ចជំនាញ ក្រុមគ្រូពេទ្យ រួម នឹងអាជ្ញាធរស្រុក ចុះទៅពិនិត្យកន្លែងកើតហេតុ នារសៀលថ្ងៃទី២១ ខែកុម្ភៈនេះហើយ។ ភ្លាមៗនោះ មន្ត្រីជំនាញមិនទាន់បានបញ្ជាក់ពីមូលហេតុ នៃការដួលសន្លប់នោះនៅឡើយ។ ប៉ុុន្តែ បើតាមក្រុមគ្រូពេទ្យដែលបានពិនិត្យឈាមរបស់អ្នកជំងឺ ក៏បានបញ្ជាក់ថា អ្នកជំងឺភាគច្រើន(សិស្ស) គឺខ្វះជាតិស្ករ។
ដោយឡែក ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងតំបន់នោះ មានជំនឿទៅលើអរូបី បានឲ្យដឹងថា ករណីដែលសិស្សកំពុងរៀនសុខៗ បែរជាដួលសន្លប់បែបនេះ គឺអាចបណ្ដាលមកពីខ្មោច ព្រាយ បិសាច និងអារុក្ខអារក្ខ អ្នកតា ខឹងសម្បាពីរឿងអ្វីមួយ ទើបអស់លោកទាំងនោះធ្វើឲ្យសិស្សសន្លប់បែបនេះ។
ដោយសារតែជំនឿលើអរូបីបែបនេះ ទើបនៅរសៀល ថ្ងៃទី២១ ខែកុម្ភៈនេះ ពួកគាត់បាននាំគ្នាធ្វើពិធីសែនព្រេន ដោយសែនក្បាលជ្រូក និងមាន់ស្ងោរទៀតផង។ ទោះជាយ៉ាងណា នេះគ្រាន់តែជាជំនឿអរូបីរបស់ប្រជាពលរដ្ឋមួយចំនួនតែប៉ុណ្ណោះ៕