បុរសម្នាក់ គ្រាន់តែដឹងថា ជាយោធាការពារព្រំដែន ខឹងបើករថយន្តកៀរគ្នា បានឈប់រថយន្តដកកាំភ្លើងខ្លី បាញ់មេឃចំនួនមួយគ្រាប់ ធ្វើឲ្យប្រជាពលរដ្ឋផ្ទុះកំហឹង ព្រួតវាយរហូតសន្លប់ ស្តូកស្តឹង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី០៣ ខែ កុម្ភះ ឆ្នាំ២០១៨ នៅចំណុចក្បែរវត្តដំបូកខ្ពស់ តាមផ្លូវ២៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។
សមត្ថកិច្ចនគរបាលមូលដ្ឋាន បានបញ្ជាក់ថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍ថា មានរថយន្ត២គ្រឿង មិនចាំម៉ាក បើកកៀរគ្នាតិចតួចស្រាប់តែ អ្នកបើករថយន្តទាំងពីរគ្រឿង បានឈប់ឈ្លោះប្រកែកគ្នា ហើយភាគីម្ខាងដែលជាយោធា ការពារព្រំដែន បានដកកាំភ្លើងខ្លីម៉ាកឡុក បាញ់ឡើងលើមួយគ្រាប់ ធ្វើឲ្យភាគីម្ខាងទៀត រួមជាមួយប្រជាពលរដ្ឋ ផ្ទុះកំហឹងដោយសារតែរឿងតិចតួច អាងបាញ់បោះ បង្កអសន្តិសុខក្នុងសង្គម ក៏បាននាំគ្នាព្រួតវាយរហូតសន្លប់ ហើយភាគីរថយន្តម្ខាងទៀតនោះ បើកចេញទៅបាត់ ។
ពេលសមត្ថកិច្ចចុះទៅដល់ ឃើញតែបុរសដែលបាញ់បោះនោះ សន្លប់ស្តូកស្តឹង ក៏បានហៅរថយន្តសង្គ្រោះឯកជន ដឹកយកទៅព្យាបាល ចំណែកកាំភ្លើងខ្លី ត្រូវកងរាជអាវុធហត្ថ ខណ្ឌមានជ័យយកទៅរក្សាទុក ។
កងរាជអាវុធហត្ថខណ្ឌ បានបញ្ជាក់ថា ពិតជាបានដកហូតកាំភ្លើងខ្លី ម៉ាកឡុកយកទៅរក្សាទុក ពិតប្រាកដមែន បន្ទាប់ពីមានការផ្ទុះអាវុធ កម្លាំងអាវុធហត្ថ បានប្រញាប់ចុះទៅពិនិត្យ កន្លែងកើតហេតុឃើញមាន បុរសម្នាក់សន្លប់ស្តូក ហើយមានសន្តិសុខឯកជន ដែលយាមនៅហាងខារ៉ាអូខេក្បែរនោះ បានយកកាំភ្លើងខ្លីរបស់បុរស ដែលសន្លប់នោះ មកប្រគល់ឲ្យបុរស ដែលបាញ់បោះនោះ គ្រាន់តែបានស្គាល់ថា ឈ្មោះ ហៀង សុភា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាទាហានយោធាការពារព្រំដែន។ បច្ចុប្បន្នបុរសដែលបាញ់បោះ កំពុងតែសម្រាកព្យាបាល នៅគ្លីនិកឯកជន ៕