ខេត្តកណ្តាល៖ បុរសម្នាក់មានវ័យ៧៤ឆ្នាំ ជិតដល់ថ្ងៃចូលរណ្ដៅទៅហើយ បែរមិនព្រមចូលវត្តវ៉ា រក្សាសីល ទាន សម្រាប់អនាគតជាតិ ហើយនៅតែមានចិត្តព្រើល ទុកឲ្យកាមតណ្ហាដឹកច្រមុះ ចូលទៅចាប់នារីមានសតិមិនប្រក្រតីរំលោភ រហូតបានសម្រេច ហើយត្រូវបែកការ​ដឹង​ដល់អាណាព្យាបាលរបស់នាង ក៏ប្ដឹងទៅសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួន កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ។

មន្ត្រីនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈលើនារីរងគ្រោះនោះ ឈ្មោះ តាំង ហាំ​ង​លី អាយុ​៧៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាកសិករ មាន​លំនៅក្នុង​ភូមិទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ រីឯជនរងគ្រោះ ឈ្មោះ ប រ អាយុ២៤ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងឃុំគគីរ ស្រុកកៀនស្វាយ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវករណីចាប់រំលោភនោះ នារីរងគ្រោះបានយកខោអាវទៅបោកគក់​នៅក្នុងបន្ទប់​ទឹក នៅក្នុងបរិវេណដីផ្ទះរបស់នាង។ លុះមកដល់វេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យបានជិះកង់ចេញពីផ្ទះរបស់ខ្លួន ​មកលេងផ្ទះរបស់នារីរងគ្រោះ ហើយស្របពេលសាច់ញាតិ ឪពុកម្ដាយ និងបងប្អូនរបស់នាងមិននៅផ្ទះ ស្រាប់តែជនសង្ស័យបានប្រើល្បិចលួងលោម និងចាប់ទាញដៃនារីរងគ្រោះ​មករំលោភ នៅលើគ្រែក្រោមផ្ទះរបស់នាង រហូតបានសម្រេច រួចហើយឲ្យលុយទៅនារីរងគ្រោះចំនួន៥ពាន់រៀល ជាថ្នូរនឹងការបំបិទមាត់ មិនឲ្យ​នារី​រងគ្រោះយករឿងអាស្រូវទាំងនេះទៅប្រាប់អាណាព្យាបាលរបស់នាង។

ប្រភពព័ត៌មានដដែល បានបន្តថា បន្ទាប់ពីចាប់រំលោភរួចហើយ ជនសង្ស័យក៏បានជិះកង់ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ រហូតមកដល់វេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃដដែល ទើបឪពុកម្ដាយរបស់នាងត្រឡប់មកពីធ្វើការវិញ ហើយនារីរងគ្រោះបានយករឿងរ៉ាវ នៃអំពើដ៏លាមករបស់​ជន​សង្ស័យដែលបានប្រព្រឹត្តមកលើរូបនាង តាមដំណើររឿងដែលបានកើតឡើង។ ក្រោយពេលដឹងរឿងរ៉ាវសព្វគ្រប់អស់ហើយ អាណា​ព្យា​បាលរបស់នាងក៏បានទៅដាក់ពាក្យបណ្ដឹង នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំគគីរ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ឲ្យកូនស្រីរបស់ពួកគាត់ និងចាប់ខ្លួនជនសង្ស័យ នាំមកចាត់ការតាមច្បាប់។

ក្រោយពេលមានពាក្យបណ្ដឹងពីអាណាព្យាបាលរបស់នារីរងគ្រោះរួចហើយ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ នាំមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំគគីរ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចាត់ការបន្ត​តាមនីតិវិធី៕