ខេត្តពោធិ៍សាត់ៈ រថយន្តដឹកទំនិញពីរគ្រឿង បានបើកបោះពួយយ៉ាងលឿន រេចង្កូតទៅបុកបន្តកន្ទុយគ្នា ហើយជ្រុលទៅបុកតូបលក់ដូរ២ខ្នង បណ្ដាលឲ្យស្រ្ដីម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅលើដងផ្លូវជាតិលេខលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២០១-២០២ ស្ថិតក្នុងភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន។
លោកវរសេនីយ៍ត្រី ស៊ឹម រ័ត្ន នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នុងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា រថយន្តទាំង២គ្រឿងខាងលើនេះ ទី១-ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ធំ 3A-1557 និងរថយន្តមួយគ្រឿងទៀត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6051។ រីឯអ្នកបើកបររថយន្តទាំងពីរគ្រឿង គឺសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ពីព្រោះពួកគេបានរត់គេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ទី១-ឈ្មោះ ប៉ាវ ប៊ុន ភេទប្រុស អាយុ៤៧ឆ្នាំ (ម្ចាស់តូប) ទី២-ឈ្មោះ ឈុំ សុភាព ភេទប្រុស អាយុ៥៣ឆ្នាំ(ម្ចាស់តូប) និងទី៣-ឈ្មោះ ខុំ យ៉ា ភេទស្រី អាយុ៥៦ឆ្នាំ (រងរបួសធ្ងន់)។ ពួកគាត់ទាំងបីនាក់ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទាំង២គ្រឿងខាងលើ បើកបោះពួយយ៉ាងលឿនស្របទិសគ្នា តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត។ លុះពេលរថយន្តទាំង២គ្រឿងបើកមកដល់ចំណុចកើតហេតុ ស្រាប់តែេរេចង្កូតខុសផ្លូវ ជ្រុលទៅបុកបន្តកន្ទុយគ្នា ហើយបន្តទៅបុកបំផ្លាញតូបចំនួន២ នៅតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យខូចខាតអស់ និងធ្វើឲ្យស្ដ្រីម្នាក់រងរបួសធ្ងន់។ ឃើញហេតុការណ៍បែបនេះ អ្នកបើកបររថយន្តទាំងពីរគ្រឿងបានបើកទ្វាររថយន្ត លោតចុះរត់គេចខ្លួនបាត់ស្រមោល។
លោកនាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីការប្រើប្រាស់ល្បឿនលឿនហួសកំណត់ ហើយគិតមកដល់ព្រឹកថ្ងៃទី២៨នេះ រថយន្តទាំងពីរគ្រឿង ពុំទាន់យកចេញពីកន្លែងកើតហេតុនៅឡើយទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងបញ្ជូនអ្នករងរបួសទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ ហើយកំពុងទាក់ទងរថយន្តមកស្ទូចរថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅក្នុងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ៕