ខេត្តត្បូងឃ្មុំ៖ តំណាងរបស់គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានជួបជុំគ្នាថ្លែងសារនៅមុខពន្ធនាគារត្រពាំងផ្លុង គ្រោងនឹធ្វើពហិការ មិនចូលរួម នៅក្នុងការបោះឆ្នោត នាឆ្នាំ២០១៨ខាងមុខនេះ បើតុលាការមិនដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ស្របពេលគណបក្សនេះ ត្រូវគណបក្សកាន់អំណាចគំរាមរលាយចោល។
លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅពេលអ្នកស្រីចូលរួមជួបជុំជាមួយតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា និងសមាជិកគណបក្ស នៅជិតពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ថា ពួកគាត់ទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ ដោយពួកគាត់អះអាងថា លោក កឹម សុខា នៅតែជាប្រធានគណបក្សសង្គ្រោះជាតិដដែល។
សមាជិកសភាគណបក្សសង្រ្គោះជាតិចំនួន១៧រូប បានធ្វើពហិការមិនចូលរួមកិច្ចប្រជុំរដ្ឋសភា នៅព្រឹកមិញនេះ ដោយពួកគាត់បានធ្វើដំណើរទៅកាន់ពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ ក្នុងគោលបំណង ទៅសួរសុខទុក្ខ និងឃ្លាំមើលពីស្ថានភាព នៃការឃុំខ្លួនលោក កឹម សុខា ប៉ុន្តែត្រូវបានអាជ្ញាធររារាំង។ ទោះយ៉ាងនេះក្តី ក្រុមសមាជិកសភាគណបក្សប្រឆាំងដឹកនាំដោយលោកស្រី មូរ សុខហួរ បានសន្យាថា លោកស្រីនឹងបន្តមកតវ៉ា នៅមុខពន្ធនាគារនេះ នៅរៀងរាល់ថ្ងៃចន្ទ ចាប់ពីថ្ងៃនេះតទៅ រហូតទាល់តែមានការដោះលែងលោក កឹម សុខា ហើយថា គណបក្សនេះនឹងមិនចូលរួមការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨នោះឡើយ បើគ្មានការដោះលែងលោក កឹម សុខា។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បានចោទជាសំណួរថា តើការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ខាងមុខ ជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឬទេ បើប្រធានគណបក្សប្រឆាំងត្រូវបានចាប់ឃុំខ្លួន និងកាត់ទោសឲ្យជាប់ពន្ធនាគារនោះ?
ការលើកឡើងរបស់លោកស្រី មូរ សុខហួរ បានធ្វើឡើង ក្នុងពេលដែលលោកស្រី បានដឹកនាំក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ អមដោយសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី សរុបចំនួន១៧រូប ដើម្បីទៅសួរសុខទុក្ខលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ពន្ធនាគារ (ម3) ត្រពាំងផ្លុង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ប៉ុន្តែដំណើររបស់ក្រុមអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងទាំង១៧រូប ត្រូវបានរារាំងដោយអាជ្ញាធរកម្ពុជា ប្រមាណជា៦០០នាក់ បានទប់ស្កាត់ នៅត្រឹមផ្លូវចូលទៅកាន់ពន្ធនាគារ។
ក្រុមសមាជិកសភា និងព្រឹទ្ធសភាគណបក្សប្រឆាំង បានសម្ដែងនូវការសោកស្តាយ ចំពោះសមត្ថកិច្ចដែលមិនអនុញ្ញាតឲ្យពួកគាត់ចូលទៅកាន់ពន្ធនាគារ ម3 ដើម្បីសួរសុខទុក្ខលោក កឹម សុខា។ បើទោះបីជាក្រុមតំណាងរាស្រ្តបានដាក់សំណើសុំត្រឹមត្រូវតាមច្បាប់ហើយក្តី។ នៅក្នុងលិខិតបដិសេធរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានលើកហេតុផលថា ករណីរបស់លោក កឹម សុខា កំពុងស្ថិតនៅក្នុងដំណាក់កាល នៃការស៊ើបសួរ។ ដូច្នេះតុលាការមិនទាន់អាចអនុញ្ញាតឲ្យក្រុមតំណាងរាស្ត្រ ចូលជួបបាននោះទេ។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បានធ្វើសេចក្តីថ្លែងការណ៍ខ្លីមួយទៅកាន់អ្នកកាសែត នៅមុខពន្ធនាគារនេះ ដោយបានចោទជាសំណួរពីភាពស្របច្បាប់ នៃការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ខាងមុខនេះថា តើជាការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឬទេ បើគ្មានការចូលរួមពីគណបក្សប្រឆាំង? តើសហគមន៍អន្តរជាតិ នឹងទទួលស្គាល់រដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតនេះដែរឬទេ?
ដោយឡែកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ នៅក្នុងពិធិចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងរាជធានីភ្នំពេញ ថា តំណាងរាស្រ្តម្នាក់របស់គណបក្សប្រឆាំង បាននិងកំពុងភ័យខ្លួន ហើយរត់គេចពីកម្ពុជា ទៅកាន់ប្រទេសថៃ តាមច្រកកំរៀង ខេត្តបាត់ដំបង កាលពីម្សិលមិញ គ្រាដែលសមត្ថកិច្ចកំពុងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ក្នុងសំណុំរឿង លោក កឹម សុខា។
សម្ដេចតេជោ បានមានប្រសាសន៍បន្តថា «អ្វីៗដែលបានកើតឡើងកន្លងទៅនោះ មុខមាត់យើងបានរកឃើញហើយ ហើយសូមអ្នកដែលបានឆ្លងដែន នៅម៉ោង៥៖២០នាទី(ល្ងាច) ពីម្សិលមិញ ជាតំណាងរាស្រ្តដែលរត់ចេញទៅប្រទេសថៃ គួរត្រឡប់មកវិញ ព្រោះខ្លួនឯងមានឈ្មោះក្នុងបញ្ជីចែកនំប៉័ង នាឆ្នាំ២០១៣ ហើយក៏មានអ្នកមួយចំនួនទៀត ក៏រត់ចេញដែរ»។
សម្តេចថ្លែងបន្តថា «មានអ្នកក្លាហាន ហើយក៏មានអ្នកភ័យដែរ ព្រោះរឿងវាមិនតូចទេ។ ដូច្នេះ នៅពេលឆ្លងដែនពីម្សិលមិញនោះ កុំស្មានថាគេមិនដឹង គឺឆ្លងនៅម៉ោង៥៖២០នាទី ឆ្លងនៅច្រកកំរៀង ទៅប្រទេសថៃ។ បើគេត្រូវការយក យើងក៏អាចសហការជាមួយប្រទេសថៃ ក្នុងការនាំយកមកវិញបានដែរ»។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា ប្រសិនបើបក្សនយោបាយបន្តរារាំង និងការពារជនក្បត់ជាតិនេះ មានន័យថា បក្សមួយនេះ ក្បត់ជាតិទៅហើយ ដូច្នេះគ្មានពេលវេលា ដើម្បីទុកឲ្យបក្សនេះឲ្យដំណើរការ នៅក្នុងប្រជាធិបតេយ្យ នៃកម្ពុជាតទៅទៀតទេ។ កម្ពុជារំលាយបក្សនយោបាយមួយ នៅមានគណបក្សនយោបាយច្រើនទៀត ដែលនឹងចូលរួមការបោះឆ្នោត។
ទន្ទឹមគ្នានេះ ប្រធានគណបក្សកាន់អំណាច ក៏បញ្ជាក់ដែរថា ការប្រជុំនៅរដ្ឋសភា នៅព្រឹកនេះ មិនមែន ជាការប្រជុំដកអភ័យឯកសិទ្ធិទេ ដោយសម្ដេចអះអាងថា បទល្មើសជាក់ស្ដែង មិនតម្រូវឲ្យដកអភ័យឯកសិទ្ធិទេ គឺត្រូវដំណើរការដោយត្រូវចាប់ខ្លួនជាបន្ទាន់ រួចហើយរាយការណ៍ឲ្យរដ្ឋសភា។ ប្រសិនបើចង់ទប់ ឬផ្អាកដំណើរការក្តីនេះ គឺត្រូវទាមទារឲ្យមានសំឡេង ៣/៤ ទើបអាចទប់ ឬផ្អាកដំណើរការក្ដីបាន។
គណបក្សសង្គ្រោះជាតិ បានចាត់ទុកការប្រជុំវិសាមញ្ញរបស់រដ្ឋសភា នៅថ្ងៃទី១១ ខែកញ្ញា របស់សមាជិកសភាបក្សកាន់អំណាច ដើម្បីផ្ដល់សិទ្ធិឲ្យអាជ្ញាធរបន្តចោទប្រកាន់ឃាត់ខ្លួន និងឃុំខ្លួនលោក កឹម សុខា ជាទង្វើខុសច្បាប់ ហើយបក្សប្រឆាំង ក៏នៅតែបន្តថ្កោលទោស និងទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ ព្រមទាំងអះអាងថា លោក កឹម សុខា នៅតែជាប្រធានគណបក្សសង្គ្រោះជាតិដដែល។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ថា តំណាងរាស្រ្តដែលបានរត់គេចទៅប្រទេសថៃនោះ ជានរណានោះទេ ប៉ុន្តែបើតាមការឱ្យដឹងពីសមត្ថកិច្ចប្រចាំបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៥៖២០នាទី ល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញនោះ ពួកគេបានឃើញ លោក ហូរ វ៉ាន់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមណ្ឌលរាជធានីភ្នំពេញ បានចាកចេញពីកម្ពុជា តាមច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង។ លោក ហូរ វ៉ាន់ ត្រូវបានសមត្ថកិច្ចប្រទះឃើញ ចាកចេញម្នាក់ឯងប៉ុណ្ណោះ ក្នុងសំលៀកបំពាក់ស៊ីវិលធម្មតា មិនមានអ្នកជូនដំណើរនោះទេ៕