ខេត្តព្រៃវែង៖ បុរស២នាក់បានស៊ីឈ្នួលកាប់ដើមឈើទាលមួយដើម ស្រាប់តែរលំសង្កត់ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសបាក់ដៃម្នាក់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទិ១៦ ខែសីហា ឆ្នាំ២០១៧ នៅក្នុងវត្តស្វាយឧត្តម ភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
មន្ត្រីនគរបាលស្រុកបាភ្នំ បានឲ្យដឹងថា ជនរងគ្រោះ នៅក្នុងហេតុការណ៍កាប់ដើមឈើរលំសង្កត់នោះ ទី១-ឈ្មោះ ស៊ាន កុសល ភេទប្រុស៣៨ឆ្នាំ (ស្លាប់) និងទី២-ឈ្មោះ ដុក ធី ភេទប្រុស អាយុ៣៧ឆ្នាំ។ ពួកគេទាំង២នាក់ មានមុខរបរជាអ្នកស៊ីឈ្នួលអារដើមឈើ និងមានលំនៅក្នុងភូមិផ្លូវរលួស ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានដឹករណារម៉ាស៊ីន មកស៊ីឈ្នួលអារដើមឈើទាលដ៏ធំមួយដើម នៅត្រង់ចំណុចខាងលើ។ លុះពេលពួកគាត់កាត់ដើមឈើទាលនោះរលំ ស្រាប់តែមែករបស់វា វាយសង្កត់ទៅលើឈ្មោះ ស៊ាន កុសល បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័មមួយរំពេច និងម្នាក់ទៀតឈ្មោះ ដុក ធី បានរងរបួសបាក់ដៃឆ្វេង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចហើយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារមែកឈើវាយសង្កត់ពីលើស្លាប់ប្រាកដមែន ហើយក៏ប្រគល់ឲ្យសាច់ញាតិដឹកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី KBN