រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នារីវ័យក្មេងម្នាក់ ដែលនាងជិតដល់ថ្ងៃ រៀបការទៅហើយ ត្រូវបានសង្ស័យលួងលោម ទៅរំលោភក្នុងផ្ទះសំណាក់ រួចយកខ្សែកង្ហារឹតកសម្លាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់ មុនីកា ស្ថិតនៅតាមផ្លូវ៤៦០ ក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
បើតាមការឲ្យដឹងពីប៉ូលិស សពនារីជាជនរងគ្រោះ មានឈ្មោះ អ៊ី សុខា ភេទស្រី អាយុ២៦ឆ្នាំ ជាជនជាតិវៀតណាម មុខរបរ ដេរខោអាវនៅផ្ទះ ស្នាក់ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ មានឪពុកឈ្មោះ អ៊ី ធារ៉ា អាយុ៥៩ឆ្នាំ មុខរបរយោធា ជាជនជាតិខ្មែរ មានម្ដាយឈ្មោះ ហៀង សុខលី អាយុ៤៦ឆ្នាំ មុខរបរកាត់ដេរសំលៀកបំពាក់ នៅផ្ទះជាជនជាតិវៀតណាម ។ ម៉ូតូដែលជនសង្ស័យ ប្លន់យកទៅបាត់ ម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT 1723 និងលុយចំនួន៤០ដុល្លារ ។
បើយោងតាមសម្ដី ឪពុករបស់ជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ កូនស្រីរបស់គាត់ ជាជនរងគ្រោះ បានសុំម្តាយចេញពីផ្ទះ ដើម្បីទៅផ្សារច្បារអំពៅ ដោយនាងបាន ជិះម៉ូតូហុងដាឌ្រីម ស៊េរី២០១៦ ហើយពេលម្តាយលឺថា កូនស្រីទៅផ្សារ គាត់ក៏បានផ្ញើរលុយចំនួន៤០ដុល្លារ អោយកូនស្រី យកទៅដូរ យកប្រាក់រៀល ទុកឲ្យអាប់ឲ្យភ្ញៀវ ។
ឪពុកជនរងគ្រោះ បានរៀបរាប់បន្តទៀតថា រហូតដល់ថ្ងៃត្រង់ ពួកគាត់មិនឃើញកូនស្រី ត្រឡប់មកផ្ទះវិញទេ ពួកគាត់ជាឪពុកម្តាយ បានចាំមើលផ្លូវកូនទាំងក្តីបារម្ភ ដោយចាំបាត់ៗយូរទៅៗ ទូរស័ព្ទក៏តេមិនចូល មិនដឹងថា កូនទៅទីណានោះទេ លុះដល់ម៉ោងកើតហេតុ រូបគាត់ជាឪពុក បានទូរស័ព្ទទៅកូនម្តងទៀត ក៏ស្រាប់តែសមត្ថកិច្ច លើកទូរស័ព្ទកូនស្រីគាត់ ហើយនិយាយប្រាប់គាត់ថា កូនរបស់គាត់ ត្រូវបានគេសំលាប់ ក្នុងងផ្ទះសំណាក់មុនីកាបាត់ទៅហើយ លឺដូចនេះរូបគាត់ បានទៅដល់ផ្ទះសំណាក់ ដើម្បីពិនិត្យមើល ឃើញថា ជាកូនរបស់គាត់ពិតមែន ប៉ុន្តែម៉ូតូនិងប្រាក់៤០ដុល្លារ បានបាត់អស់ហើយ ។
ក្រុមគ្រួសាររបស់ជនរងគ្រោះ បានបង្ហើបថា កូនស្រីរបស់គាត់ មានគូដណ្តឹង នៅខេត្តក្រចេះ នឹងត្រូវចូលរោងការ នៅខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះហើយ ។ កន្លងមក កូនស្រីរបស់គាត់ មិនដែលចេញពីផ្ទះទេ នៅតែផ្ទះដេរខោអាវ ជាមួយម្តាយតែប៉ុណ្ណោះ ហើយគាត់ក៏មិនបាន ដឹងថាកូនស្រី មានទំនាក់ទំនងស្នេហា ជាមួយជនសង្ស័យ ជាឃាតកតាំងពីពេលណា មកនោះទេ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃកើតហេតុ មានបុរសជាជនសង្ស័យម្នាក់ បានទៅជួលបន្ទប់ ផ្ទះសំណាក់មុនីកា ស្នាក់នៅបន្ទប់លេខ៣២ ដោយបានប្រាប់ ម្ចាស់ផ្ទះសំណាក់ថា ជួលពេញមួយថ្ងៃ ។ បន្ទាប់ពីជួល ផ្ទះសំណាក់រួចហើយ ជនសង្ស័យបានឡើង ទៅក្នុងបន្ទប់មុន រួចហើយទើបឃើញ ជនរងគ្រោះ មកតាមក្រោយ ឡើងទៅបន្ទប់លេខ៣២ បានមួយសន្ទុះក្រោយមក ស្រាប់តែឃើញជនសង្ស័យ ចុះមកតែម្នាក់ឯង ធ្វើឲ្យមេការផ្ទះសំណាក់ឆ្ងល់ ក៏សួរនាំថា ចេញហើយរឺនៅ តែជនសង្ស័យ បានតបថានៅទេ គាត់ចេញទៅក្រៅ មួយភ្លែត រួចហើយក៏ជិះម៉ូតូ របស់ជនរងគ្រោះ ចេញទៅបាត់រហូត ។
លុះដល់ម៉ោងជាង៣រសៀល ថ្ងៃដដែល បុគ្គលិកអនាម័យ ផ្ទះសំណាក់បានលឺសូរ សំលេងស្រែកបន្តិច ចេញពីក្នុងបន្ទប់លេខ៣២ ក៏បានហៅមេការ ទៅចាក់សោបន្ទប់មើល ឃើញជនរងគ្រោះ អង្គុយផ្អែកនឹងជញ្ជាំង មានខ្សែកង្ហាចងរឹត.ក ស្លាប់បាត់ទៅហើយ ។ នៅវេលាម៉ោង៦ល្ងាច ថ្ងៃកើតហេតុ ម្ចាស់ផ្ទះសំណាក់ ក៏បានទូរស័ព្ទរាយការណ៍ ទៅសមត្ថកិច្ចអោយចុះមកកន្លែង កើតហេតុដើម្បីពិនិត្យ នៅក្នុងបន្ទប់ផ្ទះសំណាក់ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការពិនិត្យជាក់ស្តែង នៅក្នុងបន្ទប់កើតហេតុ ជនសង្ស័យបានប្រើប្រាស់ ស្រោមអនាម័យអស់ចំនួន២ ។ សមត្ថកិច្ចបានសន្និដ្ឋានថា ជនសង្ស័យអាចនិងលួងលោម ជនរងគ្រោះមកជួប នៅផ្ទះសំណាក់ រំលោភចំនួន២ដង រួចយកខ្សែកង្ហារឹតកសម្លាប់ ប្លន់យកម៉ូតូហុងដាឌ្រីម និងប្រាក់ចំនួន៤០ដុល្លារ ។
ទោះបីជាយ៉ាងណា ម្ចាស់ផ្ទះសំណាក់ព្យាយាម លាក់លៀមមិនអនុញ្ញាតិ ឲ្យអ្នកយកព័ត៌មាន ថតរូបភាពនោះទេ ។ ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យនៅឯផ្ទះតាមប្រពៃណី ។ ករណីឃាតកម្មរំលោភ ហើយរឹតកសម្លាប់ ក្នុងបន្ទប់ផ្ទះសំណាក់នេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
សហការី KBN