ខេត្តព្រៃវែង៖ បុរសម្នាក់កំពុងតចរន្តអគ្គិសនីពីលើផ្ទះ ចុះមកខាងក្រោមផ្ទះ​ ដើម្បីសាកអាគុយ ស្រាប់តែជួប​​នឹង​គ្រោះ​អកុសល ឆក់ខ្លួនឯងស្លាប់ កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកព្រលឹមអុរ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃសុធន់ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស៊ីត សេង អាយុ៣៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានស្រុកកំណើតនៅភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ច្រៀច។ មុនពេលកើតហេតុ​ ជនរងគ្រោះបានតចរន្តអគ្គិសនីពីលើផ្្ទះចុះមកខាងក្រោម ដើម្បីសាកភ្លើងអាគុយ តែដោយសារគាត់​មានការធ្វេសប្រហែស ក៏បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់មួយរំពេច។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យសាកសព ហើយសមត្ថ​កិច្ចក៏បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារតអគ្គិសនីឆក់ស្លាប់ប្រាកដមែន រួចហើយប្រគល់ឲ្យសាច់ញាតិរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

សហការី KBN