ភ្នំពេញ ៖ ហាងលក់ និងជួសជុលទូរស័ព្ទដៃយីហោ អាយខេស ទុស្សេឆាបឆេះចេញពីជាន់ទី១ បង្កឱ្យមានការណ៍ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង៨​យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះលេខ៦២៣ ​ហាងលក់និងជួសជុលទូរស័ព្ទដៃយីហោ អាយខេស តាមបណ្តោយផ្លូវកម្ពុជាក្រោយ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ជាម្ចាស់បណ្ណាគារ យីហោ ប្រជាប្រិយ សូមមិនបញ្ចេញឈ្មោះ រស់នៅជាប់កន្លែងកើតហេតុបានឱ្យដឹងថា នៅមុខពេលកើតហេតុ គាត់រួមទាំងកូនចៅ ២-៣ នាក់ទៀតកំពុងតែរៀបចំបិទហាង ស្រាប់តែធុំក្លិនឈ្ងៀម ហើយឃើញ​មានផ្សែង​ហុយ​ខ្មួលខ្មាញ់​ចេញ​ពី​ហាង​កើតហេតុ​ជាន់ទី១ ​។

ដោយសារតែហាងកើតហេតុខាងលើ បានបិទទ្វារ គាត់ក៏ទំនាក់ទំនង់ទៅម្ចាស់ផ្ទះ និងបានរាយការណ៍ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ លុះសមត្ថកិច្ច​មូលដ្ឋាន​ បានចុះមកដល់កន្លែងកើតហេតុ​បានយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់ពីរបីបំពង់ តែមិនរលត់ ក៏បាន​ទំនាក់ទំនងហៅរថយន្ត​ពន្លត់អគ្គិភ័យ​ របស់ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ចំនួន ៣គ្រឿង និងមានរថយន្តពន្លត់អគ្គិភ័យរបស់ អង្គភាព ៧០ចំនួន២គ្រឿង និងរថយន្តពន្លត់របស់ក្រុមហ៊ុនសូគីមិច ចំនួន ១គ្រឿង ​បានអន្តរាគមន៍​បាញ់ទឹក​ពន្លត់​អស់​ចំនួន ៣គ្រឿង​ (ជារថយន្តពន្លត់របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ)​ ​ភ្លើង​រលត់អស់​ទៅវិញ​នៅ​ម៉ោង​៨និង​៤០នាទីយប់ ​ថ្ងៃ​ដដែល​ ។

បើតាមសម្តីពីសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ហាងខាងលើមានឈ្មោះ ធន់ សុភា ភេទប្រុស អាយុ ៣៤ឆ្នាំ ​បានជួលផ្ទះពីឈ្មោះមួយទៀត ​ក្នុងករណីអគ្គិភ័យខាងលើនេះ ជំហ៊ានដំបូងសមត្ថកិច្ចសន្និដ្ឋាន​ថា បណ្តាលមកពីផ្ទុះសេ​ខ្សែ​ភ្លើង តែមិនដឹងថាផ្ទុះចេញពីប្រភពណានោះទេ បណ្តាលឱ្យឆាបឆេះជាន់ទី១ ដែលជាកន្លែងជួសជុលទូរស័ព្ទ រងខូចខាតទាំង​ស្រុង ៕
សហការី KBN-LIVE.com