កីឡាខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា នៅមុននេះបន្តិចបានផ្ញើសារមួយយ៉ាងខ្លី តែពិតជាមានន័យ ជូនមិត្តគាំទ្ររបស់ខ្លួន ដើម្បីស្នើសុំឲ្យពួកគេចូលរួមជួយជំរុញគាំទ្រ ឲ្យកុមារីពលរដ្ឋខ្មែរនៅតាមស្រុកស្រែចម្ការ ឬកុមារីទាំងអស់នៅកម្ពុជា បានរៀនចប់ មុនក្លាយជាម្តាយ។ សារខ្លីរបស់ វឌ្ឍនាកា នោះបានសរសេរយ៉ាងដូច្នេះថា៖
”ថ្មីៗនេះ ខ្ញុំធ្លាប់បានជួបក្មេងស្រីម្នាក់ដែលមានអាយុ ១៦ឆ្នាំ។ នាងមានបីក្មេងស្រីតូចដែលមានអាយុប្រហែលជា៦ខែនៅក្នុងដៃ។ ដំបូងខ្ញុំគិតថា ក្មេងស្រីតូចនោះ គឺជាប្អូននាង ប៉ុន្តែនាងប្រាប់ថា ក្មេងស្រីតូចនោះ គឺជាកូនរបស់នាង។
ខ្ញុំមានការភ្ញាក់ផ្អើលមែនទែន ដោយសារតែអាយុត្រឹមនាង គួរតែ ទៅសាលារៀន និងលេងជាមួយមិត្តភ័ក្ដិ។ ក្មេងស្រី នោះមិនអាចធ្វើរឿងទាំងនេះបានទេ ដោយសារតែនាងមិនមានជម្រើស។ នាងគឺត្រូវមើលថែកូន និងធ្វើកិច្ចផ្ទះសម្បែង។
ខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នា អាចធានាថា កុមារីទាំងអស់រៀនចប់ មុននឹងពួកគេក្លាយជាម្តាយ។ យើងរួមគ្នាធ្វើឲ្យការងារនេះ សម្រេចបាន! សូមជួយស៊ែរ និងឡាយផេករបស់អង្គការសង្គ្រោះកុមារ ប្រសិនបើអ្នកចង់ឃើញកុមារីអភិវឌ្ឍសក្ដានុពលរបស់គេបានពេញលេញ” ៕ ផ្ដល់សិទ្ធដោយ៖ Kqube