ភ្នំពេញ ៖ នារីជាមេការខារ៉ាអូខេញូស្តារម្នាក់ ត្រូវជនសង្ស័យ ២នាក់ជាសង្សារនឹងគ្នា ធ្វើ​សកម្មភាពឆក់កាបូបបានសម្រេចហើយ ជិះម៉ូតូរត់គេចទៅបុករថយន្តមួយគ្រឿង បណ្តាលឲ្យដួលត្រូវប្រជាពលរដ្ឋចាប់បាន​ប្រគល់ឱ្យសមត្ថកិច្ច បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ​ដែលហេតុការណ៍នេះ​កើតឡើងតាមបណ្តោយផ្លូវ២៧១កែងនិងផ្លូវ១៨២ ​ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបាននៅត្រង់ចំនុចផ្លូវ១៨២ ខាងមុខខារ៉ាអូខេនគរសម្រឹត ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

ជនសង្ស័យ​ដែលឃាត់ខ្លួនបាន ជាអ្នកបើក​ម៉ូតូ និងជាអ្នកធ្វើសកម្មភាពឆក់កាបូបមានឈ្មោះ ម៉ី វុធ្ថា ភេទប្រុស អាយុ ១៥ឆ្នាំ ជាសិស្សថ្នាក់ ៩រៀននៅវិទ្យាល័យសន្ធរម៉ុក ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានស្រុកកំណើតនៅខេត្តស្វាយរៀង និងជនសង្ស័យ ដែលជាសង្សាររួមដំណើរជាមួយ​មានឈ្មោះ ប្រាក់ វុទ្ធថាលី ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ពួកគេទាំងពីរនាក់ជាគូសង្សារ និងគ្នាជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ូគីនិច ពណ៌សលាយខ្មៅ អត់មានស្លាកលេខ ។

ចំណែកជនរងគ្រោះមានឈ្មោះគង់ ស្រីកា​ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរមេការខារ៉ាអូខេញូស្តារ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CP-6016 នៅក្នុងកាបូបដែលជនសង្ស័យឆក់យកទៅមានលុយ ជាង ២ម៉ឺនរៀល និងគ្រឿងម៉ាកកាយ៉េ ។

បើ​តាមសម្តី​នារីរងគ្រោះបានរៀបរាប់អោយដឹងថា នៅមុពេលកើតហេតុ នាងបានជិះម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌ស ​​ទើបតែចេញមកពីផ្ទះនៅម្តុំស្ទឹងមានជ័យ បំណងជិះទៅធ្វើការនៅខារ៉ាអូខេ ញ៉ូស្តា ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង និងបានដាក់កាបូបស្ពាយព្យួរជាប់កម៉ូតូ ។

លុះមកដល់ចំនុចកើតហេតុ ​បម្រុងនិងបត់ត្រលប់​ក្រោយវិញ ដើម្បីទៅកន្លែងធ្វើការ ​ស្រាប់តែលេចមុខជនសង្ស័យទាំងពីរសង្សារ ជិះ
ម៉ូតូមួយគ្រឿងមកពីក្រោយ​ បានធ្វើសកម្មភាពឆក់យកកាបូបពីរូបនាងបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន តែភ្លាមៗនោះ នាងបានស្រែកឆោឡោ បណ្តាលអោយប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវខាងលើ ជិះដេញតាមរហូតមកដល់មុខខារ៉ាអូខេនគរសម្រឹត ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ​ជនសង្ស័យ​បានជិះម៉ូតូជ្រុលទៅបុករថយន្ត មិនចាំម៉ាកមួយគ្រឿងទៀត បណ្តាលឱ្យដួល ​ត្រូវប្រជាពលរដ្ឋចាប់ឃាត់ខ្លួន បានវាយមួយ​ដៃមួយជើង រួចប្រគល់ឱ្យនគរបាលប៉ុស្តិ៍​រដ្ឋបាលទឹកល្អក់ទី២ យកទៅសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរបានឆ្លើយសារភាពថា ពួកគេជាសង្សារនិងគ្នា ទើបតែចេញមកពីម្តុំផ្សារដើមគ គោលបំណងឌុបគ្នាទៅលេងនៅម្តុំកោះពេជ្រ ហើយពួកគេបានឆ្លើយបដិសេធថាពួកគេមិនបានឆក់កាបូបខាងលើនោះទេ គឺមានម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត មិនចាំស្លាកលេខ បានបោះកាបូបជនរងគ្រោះអោយរូបគេទេ ។

ទោះបីជាជនសង្ស័យទាំងពីនាក់បានប្រកែកមិនព្រមសារភាពថាខ្លួនជាអ្នកឆក់ក៏ដោយ ប៉ុន្តែសមត្ថកិច្ចយោងតាមការអះអាងរបស់ជនរងគ្រោះ បានឃាត់ខ្លួនជនសង្ស័យទាំង ២នាក់រួមទាំងវត្ថុតាងយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ​កសាងសុំណុំរឿងបញ្ជូនទៅអធិការរដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនីតិវិធី​៕ សហការី KBN-LIVE.com