នៅក្នុងប្រតិបត្តិការ ទូទាំងប្រទេសរបស់កងពលធំ ប្រឆាំងភេរវកម្ម ប៊ូគីត អាម៉ាន របស់ប្រទេស ម៉ាឡេស៊ី បានឈានទៅដល់ ការចាប់ខ្លួនសមាជិក ISIS ៦ នាក់ ដែលជាបណ្ដាញមានមូលដ្ឋានក្នុងរដ្ឋ កេឡាន់តាន់ រត់ពន្ធអាវុធ តាមច្រកភាគខាងត្បូង ប្រទេសថៃ ចូលប្រទេស ម៉ាឡេស៊ី ហើយរក្សាទុករយៈពេលមួយឆ្នាំ កន្លងមកហើយ ដើម្បីត្រៀមវាយប្រហារ ក្នុងប្រទេស ម៉ាឡេស៊ី និងនៅបរទេស ។
ក្នុងចំណោមសមាជិក ISIS 6 នាក់នោះ មានពីរនាក់ ត្រូវបានចាប់ខ្លួនក្នុងរដ្ឋ កេឡាន់តាន់ និង ៤ នាក់ចាប់ខ្លួនក្នុង ម៉ាឡាកា ប៉េណាង ចូហូ និង សេឡាងហ្គ័រ ។ ប្រតិបត្តិការរបស់ ISIS បង្ហាញឲ្យឃើញថា ក្រុមរដ្ឋឥស្លាម កំពុងពង្រីកខ្លួន យ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយសមាជិករាប់រយនាក់ ត្រូវបានជ្រើសរើសចេញពីប្រទេស ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង ហ្វីលីពីន ដើម្បីបញ្ជូនទៅកាន់ប្រទេស ស៊ីរី និង អ៊ីរ៉ាក់ ។
ការស្រាវជ្រាវរកឃើញថា ក្រោយបាត់បង់ទីតាំង ស្ទើរទាំងស្រុងនៅមជ្ឈិមបូព៌ា ISIS បានស្វះស្វែងរកមូលដ្ឋានថ្មី ដោយជ្រើសរើស ទីតាំងណាមួយនៅអាស៊ីអាគ្នេយ៍ ក្នុងនោះមានតំបន់មួយឈ្មោះ តំបន់ប្រផេះ គឺសំដៅរកតំបន់ ដែលរដ្ឋាភិបាលគ្រប់គ្រង មិនដិតដល់ ដូចជាកោះ ស៊ូឡាវេស៊ី ប្រទេស ឥណ្ឌូណេស៊ី និងតំបន់ខ្លះនៃប្រទេស ហ្វីលីពីន ។ ចំណែកភាគខាងត្បូងប្រទេសថៃ ជាកន្លែងមានសកម្មភាព បំបែកខ្លួនរបស់ក្រុមឥស្លាមនិយម និងរដ្ឋ សាបាស់ ភាគខាងជើង ម៉ាឡេស៊ី ក៏អាចជាទីតាំង មានសក្ដានុពលសម្រាប់ ISIS ផងដែរ៕
ផ្តល់សិទ្ធដោយ៖ kqube.net