ភ្នំពេញ ៖ កម្មករសំណង់ ៣នាក់ នាំគ្នាទៅរកត្រី និងបង្កងនៅមាត់ច្រាំងទន្លេ បានប្រទះឃើញសព ទារកដេកផ្កាប់មុខ នៅច្រាំងទន្លេ មានសភាពហើមស្អុយទៅហើយ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ នៅមាត់ច្រាំងទន្លេចំណុចស្ថានីយ៍បូមទឹក ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បុរសជាកម្មករសំណង់ នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ចំនួន ៣នាក់ ដែលប្រទះឃើញ សពទារកមានទី១ឈ្មោះ រិទ្ធ ធារ៉ា អាយុ ៣៥ឆ្នាំ ស្នាក់នៅក្នុងមន្ទីរពេទ្យ ទី២ឈ្មោះ យី ហោង អាយុ៤០ឆ្នាំ និងទី៣មានឈ្មោះ ខ្លៀង ភេទប្រុស អាយុ៣៣ឆ្នាំ ទាំង ៣នាក់ធ្វើការជាមួយគ្នា ស្នាក់នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ មានស្រុកកំណើតនៅភូមិក្រហេ ឃុំព្រែកគុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មាន ពីបុរស៣នាក់ ដែលប្រទះឃើញ សពទារកមុនគេ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់បានបបួលគ្នា ទៅរកត្រី និងបង្កងនៅមាត់ទន្លេ ព្រោះឮគេប្រាប់ថា សំបូរអ្នករកបានត្រី និងបង្កងណាស់ ខណៈពេលកំពុងតែ រកត្រីនិងបង្កង ស្រាប់តែប្រទះឃើញ សពទារកដេកផ្កាប់មុខ នៅមាត់ច្រាំងទន្លេ នៅលាយលំជាមួយកំប្លោក ធ្វើឲ្យពួកគាត់នឹកស្មានថា ជារូបតុក្កតាក៏យកជើងជាន់ មើលទើបដឹងថា ជាសពទារកដេកស្លាប់ បង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ចុះទៅកន្លែងកើតហេតុ ពិនិត្យមើល សពទារកនោះ ទើបតែកើតបាន៥ខែតែប៉ុណ្ណោះ មិនដឹងថា ម្តាយបង្កើតកូនមកហើយ ហេតុអីយកកូនទៅបោះចោល ដូចសំរាមទៅវិញ ។
អ្នកឃើញ ហេតុការណ៍ខាងលើនេះ បានសន្និដ្ឋានខុសៗគ្នាថា ទារកខាងលើ បានស្លាប់ហើយ ទើបម្តាយយកទៅ ទម្លាក់ចោលក្នុងទឹកទន្លេ ។ ចំណែកខ្លះទៀត បានលើកឡើងថា ទារកខាងលើ អាចមិនទាន់ស្លាប់ តែម្តាយចិត្តអាក្រក់ បានយកកូនទៅទម្លាក់ចោលក្នុងទឹកទន្លេ ឲ្យស្លាប់រហូតមានសភាព ហើមទៅហើយ ។
ក្រោយពេលកើតហេតុ សពទារកខាងលើ ត្រូវបានមន្រ្តីសាលាសង្កាត់ស្រះចក យកទៅបូជានៅឯវត្តទួលសង្កែ ៕
សហការី kbn-live.com