អាជូ ដែលជាជនជាតិកូរ៉េមានបងថ្លៃជាជនជាតិខ្មែរនិងជាអ្នកបង្កើតមាតិកាមួយរូបបានបង្ហាញការស្រលាញ់ចូលចិត្តយ៉ាងខ្លាំងចំពោះតារាចម្រៀង វណ្ណដា ដោយបញ្ជាក់ថាសុបិនរបស់នាងគឺចង់ជួបតារារ៉េបរូបនេះផ្ទាល់។ ក្នុងពេលធ្វើដំណើរមកកម្ពុជា អាជូ ក៏បានធ្វើឱ្យបុគ្គលិកសណ្ឋាគារភ្ញាក់ផ្អើលដោយសារតែនាងបានស្គាល់ វណ្ណដា យ៉ាងច្បាស់។
.png)
ថ្មីៗនេះនៅលើបណ្តាញសង្គមរបស់ អាជូ (Ajoo Kang) មីងរបស់ អូនអ៊ីអាន់ បានបង្ហោះវីដេអូមួយបង្កឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាច្រើនពីព្រោះរូបនាងបានបង្ហាញការាគាំទ្រយ៉ាងពេញទំហឹងផ្តល់សេចក្តីស្រលាញ់មិនធម្មតាមកកាន់ វណ្ណដា។ ក្រោយមក អាជូ បានបង្ហោះសំណេរមួយដែលបញ្ជាក់ថានាងបានស្គាល់និងហ្វេនតារារ៉េបរូបនេះ។

អាជូ បាននិយាយថានៅសណ្ឋាគារមួយនៅកម្ពុជាមានចាក់បទចម្រៀងរបស់ វណ្ណដា ហើយនាងក៏បន្ទរថាបទនោះជាបទរបស់ វណ្ណដា ខណៈដែលបុគ្គលិកនៅទីនោះបានបង្ហាញការភ្ញាក់ផ្អើលនិងចោទសួរនាងថាហេតុអ្វីបានជាស្គាល់ វណ្ណដា។ ក្នុងពេលដែលទទួលបានសំណួរនេះពីបុគ្គលិកសណ្ឋាគារ អាជូ បានឆ្លើយតបថា វណ្ណដា ជាតារាល្បីរបស់កម្ពុជាតើធ្វើយ៉ាងមិចមិនឱ្យនាងស្គាល់ទៅ។

ជាងនេះទៅទៀត អាជូ ថែមទាំងបង្ហើបទៀតថាសុបិនរបស់នាងតែមួយគត់គឺមានឱកាសបានជួយ វណ្ណដា ដោយផ្ទាល់។
ក្នុងពេលដែលបទចម្រៀង Tiki Tiki របស់ រ៉េត ស៊ូហ្សាណា និង វណ្ណដា ទើបចេញផ្សាយ អាជូ ក៏បានលេងបទចម្រៀងនេះដូចគ្នា។ អ្វីដែលកាន់តែរំភើបម្ចាស់បទផ្ទាល់គឺ ហ្សាណា បានចុច Like និង Repost ដែលធ្វើឱ្យ អាជូ រំភើបចិត្តយ៉ាងខ្លាំង។
គួរឱ្យដឹងថា អាជូ ធ្លាប់មកប្រទេសកម្ពុជាជាច្រើនដងនិងបានក្លាយជាអ្នកផ្សព្វផ្សាយផលិតផលមួយរូបផងដែរ។ នៅលើបណ្តាញសង្គមរបស់នាងមានអ្នកតាមដានរាប់ម៉ឺននាក់ ដោយអ្នកគាំទ្រភាគច្រើនគឺជាអ្នកតាមដានកម្ពុជា។ អាជូ ក៏ធ្លាប់មកទស្សនាការប្រគំតន្រ្តីនៅកម្ពុជា និងចូលរួមផ្សព្វផ្សាយសំលៀកបំពាក់ប្រពៃណីខ្មែរផងដែរ៕










