យោងតាមរបាយការណ៍ស្រាវជ្រាវទិន្នន័យដ៏រន្ធត់ពី Reuters រលកកម្ដៅបានវិវត្តខ្លួនទៅជា «ព្យុះកម្ដៅយក្ស» ដែលដុតកំដៅផែនដីជាប់ៗគ្នារហូតដល់ទៅ ៣៦៧ ថ្ងៃ និងកំពុងកើនឡើងពី ៥ លើក ទៅដល់ ១០២ លើកក្នុងមួយឆ្នាំ ក្លាយជាឃាតករលាក់មុខលេខ១ ដែលអាចនាំពិភពលោកទៅរកគ្រោះទុរភិក្ស និងការបាត់បង់ជីវិតមនុស្សជិតកន្លះលាននាក់ជារៀងរាល់ឆ្នាំ។
_______________ 
គ្មានថ្ងៃណាដែលផែនដីថយចុះកម្ដៅឡើយ! យោងតាមរបាយការណ៍ស្រាវជ្រាវចុងក្រោយបង្អស់របស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters បានលាតត្រដាងថា ភពផែនដីបាននិងកំពុងឈានចូលដល់យុគសម័យដ៏គួរឱ្យរន្ធត់នៃ «ព្យុះកម្ដៅ»។ បាតុភូតរលកកម្ដៅយក្សនេះ បានវាយប្រហារយ៉ាងសាហាវដោយបោសសម្អាត និងដុតបំផ្លាញភាពត្រជាក់លើផ្ទៃដីរហូតដល់ទៅ ៨៥% នៃពិភពលោក ព្រមទាំងបានអូសបន្លាយពេលឥតឈប់ឈរយ៉ាងយូររហូតដល់ទៅ ៣៦៧ ថ្ងៃ ដែលជាកំណត់ត្រាវែងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។.jpg)
ផ្អែកតាមទិន្នន័យប្រៀបធៀបដែលប្រមូលបានតាំងពីឆ្នាំ១៩៦០ មក បង្ហាញថា ពិភពលោកកំពុងឡើងកម្ដៅក្នុងល្បឿនដ៏គួរឱ្យភ័យខ្លាច។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ រលកកម្ដៅដ៏ធំបំផុតមានទំហំគ្របដណ្តប់ត្រឹមតែ ៦% នៃផ្ទៃលោកប៉ុណ្ណោះ និងកើតឡើងជាមធ្យមតែ ៥ លើកក្នុងមួយឆ្នាំ។ ប៉ុន្តែនៅក្នុងទសវត្សរ៍បច្ចុប្បន្ននេះ ចំនួនព្យុះកម្ដៅបានហក់ឡើងយ៉ាងគំហុករហូតដល់ទៅ ១០២ លើកក្នុងមួយឆ្នាំ។ អ្វីដែលរឹតតែរន្ធត់ទៅទៀតនោះ គឺចាប់តាំងពីឆ្នាំ២០០៤ មក ភពផែនដីទាំងមូលមិនដែលស្គាល់ថ្ងៃណាដែលគ្មានបាតុភូតព្យុះកម្ដៅសូម្បីតែមួយថ្ងៃឡើយ ពោលគឺវាបានក្លាយជាឃាតករលាក់មុខដែលកំពុងដុតរំលាយអាយុជីវិតមនុស្សជិតកន្លះលាននាក់ជារៀងរាល់ឆ្នាំ។
អ្នកជំនាញអាកាសធាតុបានពន្យល់ថា មូលហេតុចម្បងដែលរុញច្រានឱ្យកើតមានព្យុះកម្ដៅសាហាវៗទាំងនេះ គឺបណ្តាលមកពីការកើនឡើងនូវកម្រិតឧស្ម័នផ្ទះកញ្ចក់រហូតដល់ទៅ ៣០% បើធៀបនឹងទសវត្សរ៍ឆ្នាំ១៩៦០ រួមផ្សំនឹងបាតុភូតធម្មជាតិ El Niño។ ជាក់ស្តែង ព្យុះកម្ដៅយក្សដ៏ធំបំផុតឈ្មោះ «Vera» កាលពីចន្លោះឆ្នាំ២០២៣-២០២៤ បានបង្កគ្រោះមហន្តរាយទូទាំងសកលលោក ដោយបានធ្វើឱ្យសីតុណ្ហភាពនៅប្រេស៊ីលហក់ឡើងដល់ ៤១.៨ អង្សាសេ បង្កគ្រោះអគ្គិភ័យឆេះព្រៃដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអឺរ៉ុបនៅប្រទេសក្រិក និងបានសម្លាប់សត្វព្រៃកម្រៗរាប់រយក្បាលនៅក្នុងប្រទេសកេនយ៉ាផងដែរ។

វិបត្តិព្យុះកម្ដៅយក្សនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ភពផែនដីលែងមានសុវត្ថិភាពដូចមុនទៀតហើយ ហើយវាក៏កំពុងបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់រដ្ឋអារ្យធម៌ និងសន្តិសុខស្បៀងសកលលោក។ ប្រសិនបើមេដឹកនាំពិភពលោក និងអ្នកបង្កើតគោលនយោបាយ នៅតែបន្តព្រងើយកន្តើយ ហើយមិនចាត់វិធានការទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ជាបន្ទាន់ទេនោះ ភពផែនដីដ៏កក់ក្តៅមួយនេះ នឹងត្រូវបាត់បង់តុល្យភាពធម្មជាតិទាំងស្រុង ហើយប្រែរាយទៅជាឡដុតដ៏សាហាវដែលមនុស្សលោកមិនអាចរស់នៅបានឡើយក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕










