តារាចម្រៀង ពេជ្រ សូលីកា និង ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកក្តៅគគុកម្តងទៀតបន្ទាប់ពីអ្នកទាំងពីរបង្ហោះសំណេរ ស្របពេលមនុស្សជាច្រើនបានដឹងជាយូរមកហើយថាអ្នកទាំងពីរគឺជាសត្រូវនឹងគ្នាដែលមិនអាចផ្សះផ្សាបាន។
ភាពចម្រូងចម្រាសនេះបានចាប់ផ្តើមបន្ទាប់ពី ពេជ្រ សូលីកា បានឡើងឆាកនៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦ នៅរាត្រីផ្តាច់ព្រ័ត្រ ខណៈក្នុងថ្ងៃនោះគឺគ្មានវត្តមានរបស់ ហ្វីយ៉ាតា បានចូលរួមឡើយ។ ក្រោយមក ហ្វីយ៉ាតា បានបង្ហាញការឈឺចាប់ខកចិត្ត និងមានរឿងចម្រូងចម្រាសដែលទស្សនិកជនសង្ស័យជានាយកជាតិក្នុងឆ្នាំនេះ គឺជា ប្រាសាទ ដាវីន។ នៅក្នុងសំណេរនោះ ហ្វីយ៉ាតា បានបង្ហើបថាក្នុងន័យថាបានយកមនុស្សម្នាក់ដែលមិនត្រូវនឹងនាងមកសម្តែងនៅលើឆាកចុងក្រោយដែលនាងមិនបានផ្ទេរមកុដដែលទង្វើនេះ ហ្វីយ៉ាតា ចាត់ទុកថាជាការជាន់ឈ្លីលើការឈឺចាប់របស់នាង។

បន្ទាប់ពីបង្ហោះសំណេរនេះតារាចម្រៀង ពេជ្រ សូលីកា បានបញ្ចេញសំណេរក្តៅគគុកនៅលើ Story ទិកតុក ដែលបង្ហាញពីការខឹងសម្បាររបស់ខ្លួននៅពេលដៃគូជម្លោះទាញនាងចូលទៅពាក់ព័ន្ធ។ ម្ចាស់បទ «ឈឺនៅត្រង់នេះ»បានបោះសម្តីថាខ្លួនជាតារាចម្រៀងគឺជាការទទួលច្រៀងហើយដោយបដិសេធចំពោះការចោទប្រកាន់ដែលថាចូលដៃចូលគ្នា បើទោះបីជានាងមិនទទួលច្រៀងក៏មិនបានមកផ្ទេរមកុដដែរ។ សូលីកា ថែមទាំងនិយាយទៀតថាបើទោះបីជាថ្ងៃនោះត្រូវចូលរួមកម្មវិធីជាមួយក្តីក៏នាងរៀបចំមិនឱ្យពួកគេទាំងពីរនាក់ជួបមុខគ្នាឡើយ។
ក្រោយតារាចម្រៀង ពេជ្រ សូលីកា បញ្ចេញសារយ៉ាងក្តៅគគុកបានបណ្តាលឱ្យមានមតិវែកញែកជាច្រើន។ នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ហ្វីយ៉ាតា ក៏បានបង្ហោះរូបភាពចាស់ៗចំនួន៣សន្លឹកដោយបិទមុខម្ខាងទៀតហើយទស្សនិកជនជឿថាគឺជាតារាចម្រៀង ពេជ្រ សូលីកា។
នៅក្នុងសាររៀបរាប់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបង្ហាញពីការឈឺចាប់របស់ខ្លួននិងទទួលបានភាពអយុត្តិធម៌ជាយូរណាស់មកហើយដោយសារតែទឹកភ្នែក និងស្នាមញញឹមគ្មានទោសកំហុសរបស់ពួកគេ។ ហ្វីយ៉ាតា ថានិយាយធ្វើដូចជាខ្លួនឯងឡូយណាស់ថាមិនចង់ពាក់ព័ន្ធនឹងនាងប៉ុន្តែទង្វើគឺផ្ទុយស្រឡះនឹងពាក្យសម្តី។ បវរកញ្ញារូបនេះលើកឡើងទៀតថាភាគីម្ខាងទៀតដែលចង់សំដៅដល់ ពេជ្រ សូលីកា គឺជាអ្នកធ្វើឱ្យបែកបាក់មិត្តភាព១៥ឆ្នាំ បំផ្លាញទឹកចិត្តសម្លាញ់នាងទាំងឈាមត្រជាក់ ហើយមកដល់ឆ្នាំ២០២៦ នៅកន្លែងណាដែលអាចជាន់នាងបាននៅតែចូលរួមធ្វើឌឺដងនាងនៅលើឆាកចុងក្រោយ។

ហ្វីយ៉ាតា ក៏បានរម្លឹកដែរថាប្រសិនបើនាងមិនចិត្តទន់ជាមួយនឹងទឹកភ្នែកកាលពីជិត២០ឆ្នាំមុនម្ល៉េះប្រហែលជានាងមិនជួបមេរៀនឈឺចាប់មួយនេះនោះទេដោយជ្រើសរើសមនុស្សម្នាក់នោះជំនួសមិត្តភាពរយៈពេល១៥ឆ្នាំ ទោះបីជាដឹងរឿងគ្រប់យ៉ាងក៏ដោយ។

បន្ទាប់ពី ហ្វីយ៉ាតា បង្ហោះរូបភាពចាស់ៗនិងបញ្ចេញសារវែងខាងលើគេក៏បានឃើញ ពេជ្រ សូលីកា បានបញ្ចេញសារយ៉ាងក្តៅគគុកបន្ថែមទៀតនៅលើ Story ទិកតុក។ តារាចម្រៀងរូបនេះក៏លើកឡើងដែរថាភាគីម្ខាងទៀតដែលគេជឿថាជា ហ្វីយ៉ាតា បានជេរប្រមាថគ្រួសារនិងកូនក្នុងផ្ទៃទាំងមិនទាន់ឃើញពន្លឺថ្ងៃតើឱ្យនាងគិតដល់ទំនាក់ទំនងមិត្តភក្តិទោះបីជា១០ឆ្នាំទៅមុខទៀតនាងនៅតែសម្រេចចិត្តដដែលពីព្រោះមិត្តភាពអ្នកទាំងពីរគឺបានស្លាប់តាំងពី៧ឆ្នាំមុន។ ពេជ្រ សូលីកា ក៏បង្ហាញការឈឺចាប់របស់ខ្លួនដែលមានរយៈពេលជាច្រើនឆ្នាំដូចគ្នាហើយនាងក៏សុខចិត្តធ្វើជាមនុស្សអាក្រក់ បើមិននិយាយម្ខាងទៀតនៅតែ Dramaកម្សត់ Toxic ទាញនាងចូលពាក់ព័ន្ធរហូត។ 
តារាចម្រៀង ពេជ្រ សូលីកា ក៏បានលើកឡើងទៀតថាតតាំងមិនឈ្នះគេបន្តយករឿងប្រឌិតមកនិយាយដដែលៗទើបជីវិតគ្មានទៅណារួចនៅតែប៉ុណ្ណឹងដោយសារតែដើរលើផ្លូវខុសដដែលៗ។ ពេជ្រ សូលីកា ថាគួរយកពេលសាងបុណ្យទុកឱ្យកូនកុំនៅសាងរឿងប្រឌិតមកបំភាន់និងបង្ខូចកេរ្តិ៍ឈ្មោះរបស់នាងដដែលៗ ហើយ Status ប៉ុន្មានដែលនាងបង្ហោះពាក់ព័ន្ធនឹងដៃគូជម្លោះដែលជាសត្រូវនេះគឺឱ្យតម្លៃពេកហើយ៕










