ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានធ្វើឱ្យផ្ទះលេខ២នៅមិនសុខឡើយក្រោយពីបវរកញ្ញារូបនេះបានគ្រងឈុតស្បៃធំខ្មែរយ៉ាងស្រស់ស្អាតបង្អួតសម្រស់ចេញពីតំបន់ប្រាសាទដែលប្រទេសចោរតែងតែចិញ្ចឹមចិត្តចង់បាន។ ហ្វីយ៉ាតា បានផ្តាំទៅចោរថាទោះបីជាខំប្រកាសប្រាប់គេយ៉ាងណាតែព្រហ្មលិខិតមិនឱ្យចោរដែលលួចយកទៅបានដោយងាយនោះទេ។

តាំងពីមុនពេលមានជម្លោះ កំពុងមានជម្លោះ ឬក្រោយមានជម្លោះក្តី ហ្វីយ៉ាតា គឺជាបវរកញ្ញាម្នាក់ដែលមិនខ្លាចរអារចេញតតាំងជាមួយនឹងផ្ទះលេខ២នោះទេ។ ជាក់ស្តែងក្នុងអំឡុងពេលស្ថានការប្រទេសទាំងពីរកំពុងមានភាពតានតឹង ហ្វីយ៉ាតា នៅតែបោះជំហាន តទល់ហ៊ានចេញទៅប្រកួតដោយមិនខ្លាចឡើយទោះបីជាសុវត្ថិភាពអាចប្រឈមនឹងហានិភ័យ។

អ្វីដែលជាការចាប់អារម្មណ៍បន្ថែមទៀត ទោះបីជាបញ្ចប់ការប្រកួតក៏ដោយ ហ្វីយ៉ាតា នៅតែបង្ហាញពីឥទ្ធិពលរបស់ខ្លួនជាមួយនឹងសំឡេងមួយនៃម្ចាស់វប្បធម៌ផ្តាំទៅចោរទាំងឡាយដែលមានចិត្តលួចសម្បត្តិដូនតាខ្លួនមិនថាជាការលួចយកវប្បធម៌បុរាណ ឬឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរនោះទេ។
ហ្វីយ៉ាតា បានលើកឡើងនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១៧ ខែកញ្ញា ថា «អ្វីដែលជារបស់យើង នៅតែត្រូវតែជារបស់យើង របស់ត្រូវនៅឱ្យចំម្ចាស់ពិត… អ្នកអាចក្លែងបន្លំ ឬខំប្រកាសប្រាប់គេឯង ថាអ្នកជាម្ចាស់ពិត… តែព្រហ្មលិខិតនិងមិនឱ្យអ្នកទទួលបានអ្វី ដែលមិនមែនជារបស់អ្នកដោយងាយនោះទេ»។
ការបង្ហោះវីដេអូនិងរូបភាពរបស់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទះលេខ២នៅមិនសុខឡើយដោយចូលមកខម្មិនយ៉ាងកំរោលនូវការបង្ហោះរបស់ ហ្វីយ៉ាតា។ យ៉ាងណា នេះមិនមែនជាលើកទី១នោះទេដែលប្រជាជនថៃមួយចំនួនបញ្ចេញសកម្មភាពបែបនេះមិនថានៅបណ្តាញសារព័ត៌មាន ឬក៏អ្នកសិល្បៈនោះទេឱ្យតែមានការស្លៀកពាក់បុរាណ អ្នកទាំងនោះចូលមកប្រតិកម្មហើយ៕










