តារាសម្តែង សាន្ត កុសុមៈ ដែលទស្សនិកជនមួយចំនួនស្គាល់ថាជាគ្រូបង្រៀនម្នាក់បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដែលទទួលបានផលល្អបន្ទាប់ពីចង់ផ្តាច់ខ្លួនចេញពីទូរសព្ទនិងភាពខ្ជិលច្រអូសរបស់ខ្លួន។ តារាស្រីរូបនេះបានបង្ហាញពីគន្លឹះហាត់ប្រាណចំនួន២ ដែលនាងជឿថាមានប្រសិទ្ធភាព។
នៅក្នុងវីដេអូដែលបង្ហោះនាយប់ថ្ងៃទី១០ ខែកញ្ញា តារាសម្តែង សាន្ត កុសុមៈ បានលើកឡើងថាការហាត់ប្រាណ Tai Chi គឺល្អជាង Pilates ។ ជាមួយគ្នានេះកញ្ញា បានលើកឡើងថាអ្នកមួយចំនួននឹងជួបហេតុការណ៍ងើបមកមានអាការៈងងឹតមុខ ស្រវាំងភ្នែក មិនមានកម្លាំងធ្វើអ្វីទោះបីជាសម្រាកបានរយៈពេល៨ ឬ១០ម៉ោងក៏ដោយ។ ចំណុចមួយទៀតនៅពេលអានសៀវភៅគឺអានខ្លឹមសារមិនចូលខួរក្បាល ឬមិនចង់ឱ្យខ្លួនឯងចុចទូរសព្ទច្រើន នាងនឹងចែករំលែកគន្លឹះចំនួនពីរ ដោយកញ្ញា អះអាងថាធ្វើហើយដូចជារស់ឡើងវិញម្តងទៀត។ 
ជាមួយនឹងការលើកឡើងខាងលើនេះ តារាសម្តែង សាន្ត កុសុមៈ បានបង្ហាញពីក្បាច់ហាត់ប្រាណដែលនាងហាត់មានប្រសិទ្ធភាពចំនួនពីរក្បាច់ ដោយតារាស្រីរូបនេះក៏បានបង្ហាញសកម្មភាពឱ្យទស្សនិកជនឃើញផងដែរ។ កញ្ញា សាន្ត កុសុមៈ បានជំរុញឱ្យអ្នកដែលមានអាការៈខាងលើសាកល្បងពិធីសាស្រ្តនាងបានហើយនឹងទទួលបានអារម្មណ៍ល្អជាងមុន និងមិនសូវចង់ចុចទូរសព្ទដូចមុនឡើយ។

គួរឱ្យដឹងថា Tai Chi គឺជាលំហាត់ប្រាណដែលប្រើ ចលនាយឺតៗ ការដកដង្ហើម និងការផ្តោតអារម្មណ៍។ អ្នកអាចចាប់ផ្តើមនៅផ្ទះបាន ដោយមិនចាំបាច់មានឧបករណ៍។ ចំណែកឯ Pilates គឺជាលំហាត់ដែលផ្តោតលើ សាច់ដុំកណ្តាលរាងកាយ (core), ភាពបត់បែន, តុល្យភាព និងការគ្រប់គ្រងចលនា។
ក្នុងអាជីពជាគ្រូបង្រៀនផង និងជាអ្នកសិល្បៈផង កញ្ញា សាន្ត កុសុមៈ កាន់តែទទួលបាននូវការចាប់អារម្មណ៍ពីស្រទាប់មហាជនជាពិសេសចុងក្រោយនេះនាងគឺជាតារាសម្តែងខ្មែរម្នាក់ដែលមានឱកាសសម្តែងនៅក្នុងខ្សែភាពយន្តខ្លីរបស់ចិនដែលមកថតនៅប្រទេសកម្ពុជា៕










