តារាម៉ូដែល មាលា បានបង្ហាញការរំភើបចិត្តយ៉ាងខ្លាំងបន្ទាប់ពីក្រុមការងារតារាចម្រៀងអាម៉េរិក Jason Derulo ដែលទស្សនិកជនស្គាល់ថាជាម្ចាស់បទ « Swalla» បានទាក់ទងមកនាងស្នើឱ្យរាំវីដេអូដោយប្រើក្បាច់រាំនិងសំឡេងថ្មីរបស់ Jason នៅលើ Instagram/TikTok។

តារាចម្រៀងអាម៉េរិក Jason Derulo កំពុងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈបទ «Mi Chico» ដោយមានអ្នកលេងទិកតុកជាច្រើនបានរាំបទនេះ ដែលជាសហការរបស់លោកជាមួយនឹង DJ Goja និង Melody។ ស្របពេលដែល Trend ថ្មីកំពុងពេញនិយមតាមរយៈបទនេះ Jason Derulo ក៏បានចេញវីដេអូខ្លីមួយពីក្បាច់រាំរបស់លោកផងដែរ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែនឹកស្មានមិនដល់ក្រុមការងាររបស់តារាចម្រៀងអាម៉េរិករូបនេះបានទាក់ទងមកកាន់ តារាម៉ូដែល មាលា ដោយមានការស្នើឱ្យនាងរាំវីដេអូត្រេនជាមួយនឹងការផ្តល់អត្ថប្រយោជន៍ស៊ែរវីដេអូរបស់នាងនៅលើ ប្រូហ្វាល់របស់ Jason Derulo ដែលមានចំនួនអ្នកតាមដានរាប់លាននាក់។ មាលា បានបង្ហាញអារម្មណ៍រំភើបចិត្តនិងស្ទើរតែមិនចង់ជឿចំពោះរឿងនេះ ខណៈគណនីអ៊ីនស្រ្តាក្រាមរបស់តារាចម្រៀងរូបនេះដែលមានអ្នកតាមដាន៤៥.៤លាននាក់ បានផ្ញើសារមក។ .png)
នៅក្នុងសារនេះបានបញ្ជាក់ពីឈ្មោះអ្នកផ្ញើសារមកកាន់មាលា និងអះអាងថាមកពី Team Derulo។ Rylie បានឱ្យដឹងថា Jason បានឃើញ Profile របស់ មាលា ហើយចង់ផ្តល់ឱកាសឱ្យនាងបង្ហោះវីដេអូរាំមួយ ដោយប្រើក្បាច់រាំនៅក្នុង Link ខាងក្រោម និងប្រើសំឡេងថ្មីរបស់ Jason នៅលើ Instagram/TikTok។ ជាថ្នូរវិញ Jason នឹងជួយផ្សព្វផ្សាយ Page របស់ មាលា ដោយ Share Post របស់អ្នកទៅក្នុង Story របស់លោក ចូលរួមជាមួយ Post របស់មាលា និងជួយនាំអ្នកមើលចូលទៅកាន់ Profile របស់ មាលា ដោយផ្ទាល់។
គួរឱ្យដឹងថា Jason Derulo គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងអ្នករាំជនជាតិអាម៉េរិក។ លោកល្បីតាមរយៈបទ «Whatcha Say» ក្នុងឆ្នាំ ២០០៩ និងបទល្បីៗផ្សេងទៀតរួមមាន «Talk Dirty», «Wiggle», «Want to Want Me», «Swalla» និង «Savage Love» ជាដើម៕










